ការសម្លាប់កោសិកាមហារីកដោយកាំរស្មី

ការព្យាបាលជំងឺមហារីកដោយកាំរស្មី ជាវិធីសាស្រ្តមួយក្នុងការព្យាបាលជំងឺមហារីកដោយប្រើកម្រិតកាំរស្មីខ្ពស់ (High dose of radiation) ដើម្បីសម្លាប់កោសិកាមហារីក។  កាំរស្មីដែលគេប្រើជាញឹកញាប់ គឺកាំរស្មីអ៊ិច (X-rays) ឬហ្វូតុងអ៊ិច (Photon X) ដែលមានលទ្ធភាពអាចបំផ្លាញ DNA របស់កោសិកាមហារីកបាន ហើយដែលជាលទ្ធផលកោសិកាមហារីកមិនអាចរីកលូតលាស់បាន។ ការព្យាបាលដោយកាំរស្មីគឺមានគោលដៅសម្លាប់ ឬបំផ្លាញកោសិកាមហារីកដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។

ប្រភេទនៃការព្យាបាលដោយកាំរស្មី
យោងតាមបច្ចេកទេស (Technique) នៃការប្រើកាំរស្មី ការព្យាបាលនេះត្រូវបានបែងចែកជា២ធំៗរួមមាន៖
• ការបញ្ចំាងកាំរស្មី (External Beam Radiotherapy)៖ ជាវិធីសាស្រ្ត ដែលប្រភពកាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីនមានលក្ខណៈជាបាច់ឆ្លងកាត់ស្បែកនិងសរីរាង្គដទៃទៀតរហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។
• ការស្អំដោយកាំរស្មី (Brachytherapy)៖ ជាការដាក់បញ្ចូលធាតុវិទ្យុសកម្មទៅក្នុងខ្លួនរបស់អ្នកជំងឺឲ្យជិត ឬក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តងដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗដូចការបញ្ចំាងកាំរស្មីពីខាងក្រៅនោះទេ។ 

ករណីយោងតាមគោលដៅវេជ្ជសាស្ត្រ (Radiation therapy intents) ការព្យាបាលជំងឺមហារីកដោយកាំរស្មីត្រូវបានបែងចែកជា២ធំៗផងដែរ ដូចជា៖
• ការព្យាបាលក្នុងបំណងឲ្យជា (Curative intent)៖ ជាការព្យាបាលដោយកាំរស្មីច្រើន បូករួមជាមួយនឹងការព្យាបាលដទៃទៀត ទាំងការចាក់ថ្នាំគីមី និងការវះកាត់ (មុន ឬក្រោយការវះកាត់) ដើម្បីឲ្យអត្រានៃការជាខ្ពស់ និងកាត់បន្ថយការលាប់ឡើងវិញ។
• ការព្យាបាលក្នុងបំណងពន្យារ ឬសម្រន់ (Palliative intent)៖ ជាវិធីសម្រាប់ព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ បន្ថយពិការភាព ឬទប់មិនឲ្យមានការហូរឈាមភ្លាមៗ ដែលជាហេតុប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺបន្ទាន់និងគុណភាពជីវិតចុងក្រោយរបស់គាត់។

ជំងឺមហារីកស្ទើរតែទាំងអស់សុទ្ធតែត្រូវការការព្យាបាលដោយកាំរស្មីដែលរួមមាន មហារីកច្រមុះ មាត់និងបំពង់ក មហារីកប្រព័ន្ធរំលាយអាហារមហារីកសួត មហារីកសុដន់ មហារីកមាត់ស្បូន មហារីកក្រពេញប្រូស្តាត និងមហារីកលើសរីរាង្គផ្សេងៗជាច្រើនទៀត។

ដំណើរការនៃការព្យាបាលដោយកាំរស្មី
ដើម្បីសន្មត់ថាអ្នកជំងឺត្រូវព្យាបាលដោយកាំរស្មីដោយថ្នាំគីមី   ឬការវះកាត់ត្រូវឆ្លងកាត់ការប្រជុំពិភាក្សារវាងក្រុមគ្រូពេទ្យឯកទេសដែលពាក់ព័ន្ធនឹងការព្យាបាលជំងឺមហារីក(MDT=Multidisciplinary Team) ដូចជា គ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្រ្ត គ្រូពេទ្យឯកទេសខាងថ្នាំគីមី គ្រូពេទ្យឯកទេសបញ្ចាំងកាំរស្មី  និងគ្រូពេទ្យឯកទេសវះកាត់មហារីកដើម្បីកំណត់យុទ្ធសាស្រ្តក្នុងការព្យាបាលជាមុនសិន។ នៅពេលអ្នកជំងឺត្រូវបានកំណត់ថាត្រូវព្យាបាលដោយកាំរស្មី ចលនការនៃការព្យាបាលនេះចែកចេញជា ៥ដំណាក់កាលដូចខាងក្រោមនេះ៖
• ការណាត់ជួបអ្នកជំងឺជាមួយគ្រូពេទ្យឯកទេសកាំរស្មី៖  ដើម្បីឲ្យអ្នកជំងឺត្រៀមលក្ខណៈ ទទួលបានព័ត៌មានពាក់ព័ន្ធនឹងដំណើរការព្យាបាលដោយកាំរស្មីផលវិបាកមួយចំនួនដែលកើតឡើងក្នុងអំឡុងពេល និងក្រោយពេលព្យាបាល។
• ការថតប្លង់កាំរស្មី (CT Simulation)៖ ជាការថតស្កែនសម្រាប់ការព្យាបាលដោយកាំរស្មី រូបភាពដែលទទួលបានប្រើសម្រាប់ធ្វើការសិក្សាប្លង់។
• ការសិក្សាប្លង់ (Dosimetry)៖ ដើម្បីកំណត់ទីតាំង ទិសដៅបញ្ចាំង និងកម្រិតកាំរស្មីដែលត្រូវប្រើ ដោយមានការចូលរួមសម្រេចពីគ្រូពេទ្យឯកទេសកាំរស្មី និងអ្នកឯកទេសខាងរូបភាពវេជ្ជសាស្ត្រ រួចទើបបញ្ជូនទិន្នន័យទាំងនោះទៅកាន់ម៉ាស៊ីនបញ្ចាំងកាំរស្មី (Linear Accelerator) ដោយប្រព័ន្ធព័ត៌មានវិទ្យាទំនើប។
• ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលធ្វើតាមទិន្នន័យដែលរក្សាទុកក្នុងម៉ាស៊ីនបញ្ចាំងកាំរស្មីសម្រាប់អ្នកជំងឺម្នាក់ៗ។
• ការតាមដាន៖ ចាប់តាំងពីថ្ងៃដំបូងដែលអ្នកជំងឺទទួលការព្យាបាលដោយកាំរស្មី រហូតដល់ថ្ងៃបញ្ចប់នៃការព្យាបាល និងក្រោយបញ្ចប់ការព្យាបាលអ្នកជំងឺតម្រូវឲ្យជួបគ្រូពេទ្យឯកទេសកាំរស្មីជាប្រចាំ។

ការត្រៀមខ្លួនរបស់អ្នកជំងឺ
ដំណាក់កាលចំនួន៣ដែលអ្នកជំងឺត្រូវត្រៀមខ្លួនសម្រាប់ការព្យាបាលដោយកាំរស្មី៖
• នៅពេលមុនទទួលការព្យាបាលដោយកាំរស្មី៖ អ្នកជំងឺនឹងតម្រូវឲ្យជួបជាមួយគ្រូពេទ្យឯកទេសផ្នែកកាំរស្មីដើម្បីស្វែងយល់ ឬទទួលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយទាក់ទងនឹងគោលបំណង ដំណើរការ និងផលវិបាកអំឡុងពេល និងក្រោយពេលព្យាបាល។
• អំឡុងពេលព្យាបាលដោយកាំរស្មី៖ អ្នកជំងឺត្រូវជួបគ្រូពេទ្យយ៉ាងហោចម្តងក្នុងមួយសប្តាហ៍ និងក្នុងករណីមានផលវិបាកដោយកាំរស្មី អ្នកជំងឺតម្រូវឲ្យជួបគ្រូពេទ្យញឹកញាប់ (លើសពីម្តង ក្នុងមួយសប្តាហ៍) ដើម្បីប្រឹក្សាបន្ថែម និងបន្ថយផលវិបាកទាំងនោះ។
• ក្រោយការបញ្ចាំងកាំរស្មី៖ អ្នកជំងឺត្រូវបន្តការតាមដានជារឿយៗ ជាមួយគ្រូពេទ្យឯកទេសកាំរស្មីដើម្បីវាយតម្លៃឡើងវិញនូវផលវិបាក និងការវិវឌ្ឍនៃជំងឺ។

ផលវិបាកនៃការព្យាបាលដោយកាំរស្មី
អ្នកជំងឺដែលធ្វើការព្យាបាលដោយវិធីនេះ អាចប្រឈមនឹងផលវិបាកមួយចំនួនដូចជា៖
•ផលវិបាកកើតមានភ្លាមៗក្នុងអំឡុងពេលព្យាបាល (Acute side effects)៖ លេចចេញក្នុងអំឡុងពេល និងក្រោយពេលព្យាបាលដោយកាំរស្មីរយៈពេលច្រើនសប្តាហ៍ ឬបន្លាយក្រោយបញ្ចប់ការព្យាបាល៣ខែទៅតាមទីតាំង និងប្រភេទនៃការព្យាបាល ដែលរួមមានការអស់កម្លាំង ប្តូរពណ៌ស្បែក ជ្រុះសក់ស្ងួតមាត់ពិបាកលេប ទឹកមាត់ខាប់ ក្អួតចង្អោរ ឈឺក ពងបែកមាត់ ក្អក រាក បត់ជើងតូចញឹក និងចុកពោះជាដើម។
• ផលវិបាករយៈពេលយូរ (Long term side effects)៖ លេចឡើងរយៈពេលចាប់ពី ៦ខែក្រោយពីការព្យាបាលដោយកាំរស្មី អ្នកជំងឺអាចប្រឈមនឹងផលវិបាកដូចជា សភាពប្រែពណ៌ស្បែក ក្រិន រឹងឡើងសរសៃឈាម ពុកឆ្អឹង និងអាចប៉ះពាល់ដល់សរសៃវិញ្ញាណ។
 
ការព្យាបាលដោយកាំរស្មី មិនប៉ះពាលដល់អាយុជីវិតរបស់អ្នកជំងឺនោះទេ ផ្ទុយមកវិញវាជួយសម្លាប់កោសិកាមហារីក និងអាចឲ្យអ្នកជំងឺជាសះស្បើយ បាន។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត  លឹម ឧស្សាហ៍ ឯកទេសព្យាបាលជំងឺមហារីកដោយកាំរស្មីនៅមជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់