ប្រសិទ្ធភាពនៃថ្នាំគីមីទៅលើជំងឺមហារីក

ការព្យាបាលដោយថ្នាំគីមី ឬភាសាបច្ចេកទេសហៅថា Chemotherapy ជាការព្យាបាលដោយថ្នាំដែលមានប្រសិទ្ធភាពទៅសម្លាប់កោសិកាមហារីកតាមរយៈការបញ្ឈប់ការលូតលាស់ និងការបំបែកខ្លួនរបស់កោសិកាមហារីក។

គោលបំណងចម្បង ៣នៃការព្យាបាលដោយថ្នាំគីមីរួមមាន៖
• ធ្វើឲ្យជំងឺមហារីកជាសះស្បើយ
• ទប់មហារីកកុំឲ្យមានការលូតលាស់លឿន និង ពន្យារអាយុជីវិតរបស់អ្នកជំងឺ
• បន្ថយការឈឺចាប់។

ការព្យាបាលមហារីកដោយថ្នាំគីមីអាចត្រូវបានធ្វើឡើងរួមគ្នាជាមួយការព្យាបាលផ្សេងទៀតអាស្រ័យទៅតាមប្រភេទមហារីកនីមួយៗ៖
• មហារីកមួយចំនួនតម្រូវឲ្យប្រើថ្នាំគីមីមុនពេលធ្វើការវះកាត់ រីឯមហារីកខ្លះទាមទារឲ្យប្រើប្រាស់ថ្នាំគីមីក្រោយការវះកាត់
• មហារីកខ្លះត្រូវប្រើថ្នាំគីមីមុនពេលបញ្ចាំងកាំរស្មី និងខ្លះទៀតត្រូវប្រើថ្នាំគីមីក្នុងអំឡុងពេលបញ្ចាំងកាំរស្មី
• មហារីកផ្សេងទៀតអាចតម្រូវឲ្យប្រើថ្នាំគីមីជាមួយនឹងការព្យាបាលបែបជីវសាស្ត្រ ឬImmunotherapy។

ដំណាក់កាលដែលត្រូវព្យាបាលដោយថ្នាំគីមី
ដំណាក់កាលនៃការប្រើថ្នាំគីមីប្រែប្រួលតាមប្រភេទមហារីក ឧទាហរណ៍ជាក់ស្តែងដូចជាមហារីកសុដន់ដែលមានទំហំធំលើសពី ៣សង់ទីម៉ែត្រឡើងទៅអ្នកជំងឺនឹងតម្រូវឲ្យធ្វើការព្យាបាលដោយការចាក់ថ្នាំគីមីមុនទើបវះ និងបញ្ចាំងកាំរស្មីតាមក្រោយ។ ផ្ទុយទៅវិញសម្រាប់ដុំមហារីកសុដន់ដដែលតែមានទំហំតូចជាង ៣សង់ទីម៉ែត្រ អ្នកជំងឺនឹងត្រូវវះមុន ទើបបញ្ចាំងកាំរស្មីហើយបើករណីមិនមែនជាដុំមហារីកកាច អ្នកជំងឺនឹងមិនតម្រូវឲ្យចាក់ថ្នាំគីមីនោះទេ។ យ៉ាងណាក៏ដោយ សម្រាប់ដុំមហារីកមួយចំនួនផ្សេងទៀតភាគច្រើននឹងតម្រូវឲ្យចាក់ថ្នាំគីមីមុនដាច់ខាត។
 
របៀបនៃការផ្តល់ថ្នាំគីមី និងរយៈពេល
១. ថ្នាំគីមីចាក់តាមសរសៃ
• សរសៃវ៉ែន ដែលរួមមានការចាក់ផ្ទាល់ និងការចាក់លាយជាមួយស៊ីរ៉ូម
• សរសៃអាទែរ ដោយប្រើបំពង់ទីបតូចវែងហៅថា Catheter ចាក់ចូលរហូតដល់ដុំមហារីក ទើបបាញ់ថ្នាំគីមីបញ្ចូល
២. ថ្នាំគីមីចាក់ចូលស្រោមពោះ ឬស្រោមសួត
៣. ថ្នាំគីមីចាក់សើស្បែក
៤. ថ្នាំគីមីលេប
៥. ថ្នាំគីមីលាបលើស្បែក (ឧ. មហារីកស្បែក)។

គួរបញ្ជាក់ថា ការព្យាបាលជំងឺមហារីកអាចមានរយៈពេលវែង ហើយប្រែប្រួលទៅតាមប្រភេទនៃមហារីកដែលមហារីកខ្លះត្រូវព្យាបាលដោយថ្នាំគីមីរយៈពេល៦ខែ ខ្លះទៀត៨ខែ និងរហូតដល់១២ខែ។ គម្រោងនៃការព្យាបាលម្តងៗហៅថាមួយវគ្គ (Circle) វាប្រែប្រួលតាមប្រភេទប្រូតូកូលនៃការប្រើថ្នាំគីមីប្រូតូកូលខ្លះចាក់មួយថ្ងៃហៅថាមួយវគ្គ ប្រូតូកូលខ្លះចាក់ពីរថ្ងៃហៅថាមួយវគ្គនិងប្រូតូកូលខ្លះចាក់៥ថ្ងៃហៅថាមួយវគ្គដូចគ្នា មានន័យថាអ្នកជំងឺខ្លះចាក់ ៦វគ្គ ៨វគ្គ និងខ្លះទៀត១២វគ្គ។ ដូច្នេះ រាល់ការព្យាបាលជំងឺមហារីកតម្រូវឲ្យអ្នកជំងឺមកជួបគ្រូពេទ្យតាមគម្រោងនៃការព្យាបាលនីមួយៗឲ្យបានទៀងទាត់បំផុត។ បម្រែបម្រួលអារម្មណ៍ក្នុងពេលព្យាបាលដោយហេតុថាថ្នាំគីមីមិនមែនសម្លាប់តែកោសិកាមហារីក វាអាចធ្វើឲ្យពុលដល់សរីរាង្គផ្សេងទៀតដែលមិនមែនមហារីក ធ្វើឲ្យអ្នកជំងឺចង្អោរ ក្អួត ក្តៅខ្លួនដោយសារគ្រាប់ឈាមសធ្លាក់ចុះ ខ្លះធ្វើឲ្យអ្នកជំងឺជ្រុះសក់អស់ ដែលវានឹងត្រឡប់មកធម្មតាវិញបន្ទាប់ពីបញ្ឈប់ការព្យាបាល។ ម៉្យាង អំឡុងពេលព្យាបាលអ្នកជំងឺអាចត្រូវបានហាមឃាត់ពីការងារដែលប្រើកម្លាំង រីឯប្រភេទការងារនៅក្នុងការិយាល័យគឺអាស្រ័យលើអារម្មណ៍របស់អ្នកជំងឺផ្ទាល់ថាអាចធ្វើបាន ឬអត់។

ការត្រៀមខ្លួនរបស់អ្នកជំងឺ
• អ្នកជំងឺត្រូវរក្សាអនាម័យឲ្យបានល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត រាល់អាហារត្រូវឆ្អិនជានិច្ច សម្អាតដៃ និងកន្លែងគេងជាប្រចាំដោយសារក្នុងពេលព្យាបាលអ្នកជំងឺងាយប្រឈមនឹងការឆ្លងមេរោគ
• របបអាហារត្រូវគ្រប់គ្រាន់ យ៉ាងហោចណាស់១៥០០កាល់ឡូរីក្នុងមួយថ្ងៃ ទាំងសាច់ បន្លែ និងសារធាតុទឹក ព្រមទាំងចៀសវាងការតមអាហារផ្សេងៗ
• ក្រុមគ្រួសារត្រូវរក្សាការលើកទឹកចិត្តឲ្យផ្លូវចិត្តអ្នកជំងឺរឹងមាំ ព្រោះថាបើអ្នកជំងឺបាក់ទឹកចិត្តគាត់អាចស្លាប់បាន។

ផលរំខានពីការព្យាបាល
• ប៉ះពាល់ដល់ក្រពះ ដូចជាក្អួតចង្អោរ
• ប៉ះពាល់ខួរឆ្អឹងដែលធ្វើឲ្យគ្រាប់ឈាមសធ្លាក់ចុះ អ្នកជំងឺងាយប្រឈមនឹងជំងឺឆ្លង
• ប្រភេទថ្នាំខ្លះអាចស៊ីគ្រាប់ឈាមក្រហមឲ្យអ្នកជំងឺខ្វះឈាម និងតម្រូវឲ្យមានការបញ្ចូលឈាម
• ប្រភេទថ្នាំមួយចំនួនតូចមានផលវិបាកពិសេស អាចប៉ះពាល់ដល់ដំណើរការបេះដូង។

ទោះជាយ៉ាងណាក៏ដោយ មុនពេលអ្នកជំងឺទទួលបានការព្យាបាល គ្រូពេទ្យនឹងធ្វើការពិនិត្យគ្រប់សរីរាង្គទាំងអស់របស់អ្នកជំងឺ និងផ្តល់ឲ្យនូវជម្រើសនៃការព្យាបាលដែលសមស្របបំផុតដល់អ្នកជំងឺ។ បច្ចុប្បន្នជំងឺមហារីកមួយចំនួនត្រូវបានគេព្យាបាលឲ្យជាសះស្បើយដោយថ្នាំគីមី តែតម្រូវឲ្យពួកគាត់មានទាំងកម្លាំងកាយ និងកម្លាំងចិត្ត តស៊ូជាមួយការព្យាបាល ព្រោះការព្យាបាលត្រូវប្រើរយៈពេលយូរ។ ករណីអ្នកជំងឺជួបផលវិបាកសូមប្រញាប់វិលត្រឡប់មកជួបជាមួយគ្រូពេទ្យវិញឲ្យបានឆាប់កាន់តែប្រសើរ។ សូមកុំរើសអើងអ្នកជំងឺមហារីក សារធាតុគីមីដែលចាក់ចូលមិនអាចឆ្លងដោយការប៉ះពាល់នោះទេ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត សុខ សុធា ឯកទេសជំងឺមហារីក ជំងឺឈាម និងវេជ្ជសាស្ត្រជាន់ខ្ពស់នៃមន្ទីរពេទ្យកាល់ម៉ែត

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់