សញ្ញាបញ្ជាក់ពីជំងឺភ័យខ្លាចក្រោ​​​​​យ​​​​មា​ន​​​គ្រោះ​​​​ថ្នាក់

ជំងឺភ័យខ្លាចក្រោយពេលមានគ្រោះថ្នាក់ ឬ​ Post-Traumatic Stress Disorder (PTSD) គឺជាបញ្ហាសុខភាពផ្លូវចិត្តដែលត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍ដ៏គួរឲ្យរន្ធត់មួយដែលអ្នកបានឆ្លងកាត់ ឬបានឃើញហេតុការណ៍ណាមួយដោយផ្ទាល់ ហើយវាហាក់បីដូចជានៅដក់ជាប់ក្នុងខួរក្បាល និងលងបន្លាចអ្នកជានិច្ច។ រោគសញ្ញាដែលអ្នកជំងឺតែងជួបប្រទះមានដូចជាភាពញឹកញាប់នៃការរំឭកហេតុការណ៍នោះឡើងវិញសុបិន្តអាក្រក់ និងការថប់បារម្ភកម្រិតធ្ងន់ធ្ងរ ព្រមទាំងមិនអាចគ្រប់គ្រងការគិតអំពីព្រឹត្តិការណ៍នោះបាន។

ជំងឺភ័យខ្លាចនេះអាចបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរណាស់ដល់សុខភាពផ្លូវចិត្ត ផ្លូវកាយ សមត្ថភាពក្នុងការធ្វើការងារប្រចាំថ្ងៃ ការប្រាស្រ័យទាក់ទងក្នុងសង្គម ហើយពេលខ្លះអាចឈានដល់ការធ្វើអត្តឃាតទៀតផង ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលឲ្យបានទាន់ពេលវេលានោះទេ។  

បើយោងតាមមជ្ឈមណ្ឌលជាតិព្យាបាលជំងឺ PTSD របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ដើម្បីព្យាបាលជំងឺនេះឲ្យកាន់តែមានប្រសិទ្ធភាព អ្នកជំងឺត្រូវទទួលការព្យាបាលពីរប្រភេទ គឺការព្យាបាលដោយប្រើប្រាស់ថ្នាំ និងមិនប្រើប្រាស់ថ្នាំ។ ខណៈពេលដែលការសិក្សាជាច្រើនបានបង្ហាញថាការប្រើប្រាស់ថ្នាំបានជួយបំបាត់រោគសញ្ញាបានលឿន ចំណែកការព្យាបាលដោយមិនប្រើប្រាស់ថ្នាំក៏អាចជួយសម្រាលអាការៈយ៉ាងសន្សឹមៗ និងមានប្រសិទ្ធភាពផងដែរ។ ម៉្យាងវិញទៀត អ្នកជំងឺត្រូវប្រញាប់ស្វែងរកការព្យាបាលឲ្យបានកាន់តែឆាប់កាន់តែប្រសើរ ដោយហេតុថាការព្យាបាលនៅដំណាក់កាលដំបូងអាចទទួលបានប្រសិទ្ធភាពខ្ពស់ ហើយងាយក្នុងការព្យាបាល។

ដូច្នេះ ដើម្បីជាជំនួយក្នុងការបញ្ជាក់ថាអ្នកកំពុងមានជំងឺនេះ អ្នកអាចឆ្លើយនឹងសំណួរចំនួន ៨ ខាងក្រោម។ ប្រសិនបើអ្នកឆ្លើយថា “យល់ព្រម” ចាប់ពី ៣ សំណួរឡើងទៅ នោះអ្នកប្រហែលជាអាចមានជំងឺភ័យខ្លាចពិតប្រាកដមែន ហេតុនេះអ្នកចាំបាច់គួរតែទៅជួបជាមួយគ្រូពេទ្យជំនាញដើម្បីពិនិត្យ និងព្យាបាលឲ្យបានត្រឹមត្រូវ។ សំណួរទាំងនោះមានដូចតទៅ៖

១. តើអ្នកធ្លាប់ជួបប្រទះជាមួយព្រឹតិ្តការណ៍ដែលអាចគ្រោះថ្នាក់ដល់ជីវិត ឬការរំលោភបំពានផ្លូវកាយ និងផ្លូវចិត្តដែរទេ?
២. តើព្រឹតិ្តការណ៍ទាំងនោះបានធ្វើឲ្យអ្នកមានអារម្មណ៍ភ័យខ្លាច ឬធ្វើឲ្យ អ្នកអស់សង្ឃឹមយ៉ាងខ្លាំងក្នុងជីវិតមែនទេ?
៣.តើអ្នកពិបាកក្នុងការជម្រុះចោលហេតុការណ៍ទាំងនោះចេញពីជីវិតមែនទេ?
៤. តើអ្នកយល់ថា អ្នកងាយភ្ញាក់ផ្អើល មានភាពឆេវឆាវ តានតឹង ឆាប់ខឹងជាងកាលពីមុនដែលអ្នកមិនទាន់ជួបព្រឹត្តិការណ៍នេះមែនទេ?
៥. តើអ្នកតែងព្យាយាមចៀសពីសកម្មភាព ឬមនុស្សម្នាទាំងឡាយដែលធ្វើឲ្យអ្នកអាចគិតដល់ព្រឹតិ្តការណ៍នោះឡើងវិញមែនទេ?
៦. តើបញ្ហាពិបាកគេង ឬពិបាកក្នុងការផ្ចង់អារម្មណ៍របស់អ្នកកាន់តែមានភាពធ្ងន់ធ្ងរជាងពេលដែលអ្នកមិនទាន់ជួបព្រឹតិ្តការណ៍នោះមែនទេ?
៧. តើអាការៈនេះកើតឡើងរយៈពេលលើសពី១ខែហើយមែនទេ?
៨. តើបញ្ហានេះបណ្តាលឲ្យអ្នកពិបាកក្នុងការធ្វើការងារប្រចាំថ្ងៃ និងការងារផ្សេងៗទៀតមែនឬទេ?

ប្រសិនបើអ្នកមានការស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយ សូមចងចាំក្នុងចិត្តថា  PTSD មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ហើយវិធីតែមួយគត់ដើម្បីយកឈ្នះវាបានគឺ ហ៊ានប្រឈមមុខនឹងអ្វីដែលបានកើតឡើងចំពោះអ្នក ព្រមទាំងរៀនទទួលស្គាល់ថាវាជាផ្នែកមួយនៃអតីតកាលរបស់អ្នកតែប៉ុណ្ណោះ។ គួរបញ្ជាក់ថា ដំណើរការនេះនឹងកាន់តែមានភាពងាយស្រួលនៅពេលដែលអ្នកទទួលបានការណែនាំ និងការគាំទ្រពីអ្នកជំនាញ ឬគ្រូពេទ្យឯកទេស។​

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់