ការពារពីការបង្ករោគនៅតម្រងនោមពិសេសស្ត្រីមានផ្ទៃពោះ

ការបង្ករោគនៅតម្រងនោម ជាការរលាកដែលបណ្តាលមកពីមេរោគនៅបំពង់បង្ហួរនោម ដែលជាទូទៅស្ត្រីមានផ្ទៃពោះអាចប្រឈមកាន់តែខ្លាំងឡើងចន្លោះសប្តាហ៍ទី៦ និងសប្តាហ៍ទី២៤។ ការកើនឡើងនូវភាពប្រឈមនេះមួយផ្នែកដោយសារការផ្លាស់ប្តូររូបរាងតម្រងនោម ព្រោះស្បូនរបស់ស្ត្រីចាប់ផ្តើមរីកធំ ហើយធ្ងន់ប៉ះលើប្លោកនោម កាត់បន្ថយលំហូរទឹកនោម ជាហេតុបណ្តាលឲ្យមានការបង្ករោគ។

ក្នុងករណីម្តាយមានការបង្ករោគនៅតម្រងនោម នោះទារកអាចប្រឈមនឹងការកើតមិនគ្រប់ខែ ឬមិនគ្រប់ទម្ងន់ រីឯម្តាយមានការពិបាកក្នុងការព្យាបាលដោយសារការប្រើប្រាស់ថ្នាំក្នុងរយៈពេលមានផ្ទៃពោះមានកម្រិត ហើយប្រសិនបើម្តាយធ្វើការការពារបានត្រឹមត្រូវ នោះការបង្កគ្រោះថ្នាក់ដល់ទារកនឹងត្រូវបានកាត់បន្ថយ។

ដូច្នេះ គន្លឹះមួយចំនួនខាងក្រោមនឹងជួយឲ្យអនាគតអ្នកម្តាយជំនាន់ថ្មី ឬអ្នកម្តាយគ្រប់រូប អាចកាត់បន្ថយនូវហានិភ័យ ក៏ដូចជាការពារខ្លួនពីការបង្ករោគទាំងនោះ៖
• ពិសាទឹក ៦ទៅ៨កែវក្នុងមួយថ្ងៃ ប្រសិនបើអាចអ្នកគួរពិសា បន្ថែមនូវទឹកក្រែនបឺរីច្របាច់ស្រស់ដែលមិនដាក់ស្ករឲ្យបានជាប្រចាំ
• ទទួលទានវីតាមីន C (២៥០ ទៅ៥០០មីលីក្រាម) បេតាការូទែន (២៥០០០ ទៅ ៥០០០០ IU ក្នុងមួយថ្ងៃ) និងស័ង្កសី (៣០ទៅ៥០មីលីក្រាម) ដើម្បីប្រឆាំងជំងឺ
• មុនពេលប្រើប្រាស់បន្ទប់ទឹកសាធារណៈ អ្នកគួរសម្អាតជាមួយផលិតផលសម្លាប់មេរោគនៅចានបង្គន់ និងកម្រាលឥដ្ឋជុំវិញបង្គន់ជាមុនសិនដែលអាចមានជាស្ព្រៃយ៍បាញ់  ឬក្រដាសសើមសម្លាប់មេរោគជាដើម
• បង្កើតទម្លាប់បត់ជើងតូចភ្លាមៗ រាល់ពេលឈឺបត់ជើង និងបត់ជើងឲ្យអស់
• ត្រូវបត់ជើងតូចរាល់មុនពេល និងក្រោយពេលរួមភេទ
• បន្ទាប់ពីបត់ជើងតូច ត្រូវជូតដោយក្រដាសសើមថ្នមៗឲ្យស្អាត និងស្ងួត តែត្រូវប្រាកដថាជូតពីមុខទៅក្រោយ
• ឧស្សាហ៍ផ្លាស់ប្តូរខោទ្រនាប់ជាប្រចាំ ហាមស្លៀកខោរឹប និងតឹងពេក
• កុំត្រាំក្នុងអាងហែលទឹកច្រើនជាង៣០នាទី ឬ២ដងក្នុងមួយថ្ងៃ
• ចៀសវាងការបរិភោគអាហារកំប៉ុង ស្រា បារី កាហ្វេ
• មិនត្រូវប្រើប្រាស់សាប៊ូដែលកាត់ខ្លាំង សាប៊ូដុសខ្លួន ក្រែមប្រឆាំងមេរោគត្រង់តំបន់ផ្លូវទឹកនោម។

ទោះជាយ៉ាងណាក៏ដោយ អ្នកគួរប្រញាប់ជួបជាមួយគ្រូពេទ្យ និងធ្វើការព្យាបាលឲ្យបានលឿនបំផុត ប្រសិនបើអ្នកនៅតែមានឱកាសឆ្លងមេរោគនៅត្រង់ប្លោកនោម ដែលអ្នកអាចដឹងបានតាមរយៈសញ្ញាមួយចំនួនខាងក្រោម៖
• ឈឺចាប់រាល់ពេលបត់ជើង
• បត់ជើងតូចញឹកញាប់ជាងមុន និង/ឬមានអារម្មណ៍ថាមិនអស់
• មានអារម្មណ៍ថាចង់បត់ជើងតូចភ្លាមៗរាល់ពេលឈឺបត់ជើង
• មានឈាម ឬខ្ទុះក្នុងទឹកនោម
• ឈឺចាប់ត្រង់តំបន់ពោះផ្នែកខាងក្រោម
• ឈឺចាប់រាល់ពេលធ្វើការរួមភេទ
• គ្រុនញាក់ ក្តៅខ្លួន បែកញើស ចង្អោរ ក្អួត
• បរិមាណទឹកនោមខុសធម្មតា អាចតិច ឬច្រើនជាងមុន
• ទឹកនោមមានសភាពល្អក់ មានក្លិនអាក្រក់ ឬក្លិនឆ្អេះជាងមុន
• មានអារម្មណ៍ឈឺ តឹង និងធ្ងន់ត្រង់តំបន់ប្លោកនោម។

“ការពារប្រសើរជាងព្យាបាល”

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់