អនាម័យទ្វារមាសបែបណាដែលត្រឹមត្រូវ?

ទ្វារមាសជាផ្នែកមួយដ៏សំខាន់នៃរាងកាយស្ត្រី ម៉្យាងវាជាទីតាំងដែលងាយទទួលរងប្រតិកម្មជាជាងកន្លែងផ្សេងៗទៀត ដោយជួនកាលកំហុសឆ្គងនៃការធ្វើអនាម័យប្រចាំថ្ងៃបណ្តាលឲ្យមានបញ្ហាទៅវិញដូចជាកន្ទួលរមាស់ ស្ងួត ក្រហាយ ធ្លាក់ស ឬមានក្លិនជាដើម។ ដូច្នេះ តើអនាម័យបែបណាទើបត្រឹមត្រូវសម្រាប់ទ្វារមាស ហើយតើធ្វើដូចម្តេចទើបដឹងថា សុខភាពទ្វារមាសរបស់អ្នកល្អ?

អំពីទ្វារមាស
ជាទូទៅ ទ្វារមាសមានកម្រិត pH ទាបគឺនៅចន្លោះពី ៣.៨ ទៅ ៤.៥ និងសម្បូរទៅដោយបាក់តេរីល្អយ៉ាងច្រើន ដែលជាលក្ខខណ្ឌជួយឲ្យទ្វារមាសមានសុខភាពល្អប្រឆាំងនឹងការឈ្លានពានរបស់មេរោគព្រមទាំងរក្សាបាននូវសំណើមគ្រប់គ្រាន់។

តាមពិត ទ្វារមាសអាចសម្អាតភាពកង្វក់ និងមានសមត្ថភាពប្រឆាំងនឹងមេរោគដោយខ្លួនឯងបាន ដោយមិនចាំបាច់ប្រើប្រាស់សាប៊ូដែលមានក្លិន និងសារធាតុកាត់នោះទេ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែអនុវត្តអនាម័យប្រចាំថ្ងៃ និងធ្វើការលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ ឬសាប៊ូដែលស្រាលមិនមានជាតិកាត់ខ្លាំងព្រមទាំងមិនមានក្លិននៅបរិវេណជុំវិញទ្វារមាសតែប៉ុណ្ណោះ។

គន្លឹះថែរក្សាទ្វារមាសឲ្យស្អាត និងមានសុខភាពល្អ
១. សំខាន់បំផុតគឺមិនត្រូវប្រើប្រាស់សាប៊ូលាងសម្អាតខាងក្នុង (Douche)
ការសិក្សាស្រាវជ្រាវបានបង្ហាញថា ចំពោះស្ត្រីដែលបានធ្វើការលាងសម្អាតបែបនេះងាយប្រឈមនឹងការកើតជំងឺបង្កដោយមេរោគនៅទ្វារមាសច្រើនជាងស្រ្តីដែលមិនបានអនុវត្ត។ នេះក៏បណ្តាលមកពីបម្រែបម្រួលនៃ pH និងការបាត់បង់បាក់តេរីល្អដែលជាហេតុធ្វើឲ្យបាត់បង់តុល្យភាព នាំឲ្យបាក់តេរីអាក្រក់អាចឈ្លានពានបាន។ គួរបញ្ជាក់ថា វិធីសាស្ត្រនេះត្រូវបានចេញវេជ្ជបញ្ជាឲ្យអនុវត្តចំពោះស្ត្រីដែលកំពុងមានការបង្ករោគនៅទ្វារមាសជាដើម។ ស្រដៀងគ្នានេះដែរ ការប្រើប្រាស់សាប៊ូលាងសម្អាតខ្លួនជំនួសឲ្យទឹកអនាម័យស្ត្រីដែលមានលក្ខណៈស្រទន់ និងមិនក្រអូប ក៏អាចបណ្តាលឲ្យសុខភាពទ្វារមាសធ្លាក់ទ្រុឌទ្រោមផងដែរ។ ហេតុនេះអ្នកគួរជ្រើសរើសប្រភេទទឹកអនាម័យស្ត្រីដែលមាន pH នៅចន្លោះ ៤.៥ ទៅ៨ ដែលអាចមានលក្ខណៈសមស្របចំពោះសុខភាពទ្វារមាស។

២. ប្រើប្រាស់ខោទ្រនាប់ដែលធ្វើពីក្រណាត់កប្បាស
ទ្វារមាសត្រូវតែរក្សាឲ្យស្ងួត និងស្អាតជានិច្ច ចៀសវាងភាពសើម លាយឡំជាមួយការផ្អាប់ដែលជាលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការលូតលាស់របស់បាក់តេរីអាក្រក់។ ហេតុនេះការជ្រើសរើសខោទ្រនាប់ដែលអាចឲ្យមានខ្យល់ចេញចូល និងស្រូបសំណើមបានល្អជាចំណុចសំខាន់ដែលត្រូវគិតដល់។ អ្នកអាចប្រើប្រាស់ខោទ្រនាប់ប្រភេទសាច់ក្រណាត់កប្បាស  ឬស្បៃ ម៉្យាងអ្នកក៏គួរផ្លាស់ប្តូរខោទ្រនាប់មួយថ្ងៃ ២ដងផងដែរ។

៣. ទទួលទានអាហារដែលល្អសម្រាប់សុខភាព
ដើម្បីទទួលបានសុខភាពទ្វារមាស និងសុខភាពបន្តពូជឲ្យមានលក្ខណៈល្អប្រសើរអាហារក៏ជាកត្តាមួយយ៉ាងសំខាន់ផងដែរ ជាពិសេសគឺទឹក។ ក្នុងនោះអ្នកត្រូវប្រកាន់យករបបអាហារសុខភាព សម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជាទឹកដោះគោជូរទឹកគ្រែនបឺរី (Cranberry) ផ្លែឈើ និងបន្លែបៃតងជាដើម។

៤. រក្សាទម្លាប់អនាម័យល្អ
ជាក់ស្តែងទម្លាប់ទាំងអស់នោះមានដូចជា៖
- ត្រូវជូតសម្អាត ឬបាញ់ទឹកពីមុខទៅក្រោយបន្ទាប់ពីបន្ទោបង់រួច ចៀសវាងការឆ្លងមេរោគពីទ្វារធំមកទ្វារមាស និង បំពង់បង្ហួរនោម
- ផ្លាស់ប្តូរសំឡីអនាម័យ ឬទ្រនាប់តំប៉ុងឲ្យបានញឹកញាប់ (៤ម៉ោងម្តង) រាល់ពេលមករដូវម្តងៗ
- ប្រើប្រាស់សំឡីអនាម័យតូចៗ ដើម្បីប្រើប្រាស់ប្រចាំថ្ងៃជំនួសការផ្លាស់ប្តូរខោទ្រនាប់ ក្នុងករណីធ្លាក់សតិចៗ រំអិលតិចៗ ឬមិនមានបញ្ហាអ្វីក៏ដោយ
- បោកសម្អាតខោទ្រនាប់ជាមួយនឹងសាប៊ូ លាងជម្រះទឹកឲ្យបានស្អាត ព្រមទាំងហាលឲ្យត្រូវកម្តៅថ្ងៃ
- បង្កើតទម្លាប់ល្អក្នុងការទៅពិនិត្យសុខភាពមាត់ស្បូនជាប្រចាំជាមួយគ្រូពេទ្យជំនាញ ចំពោះស្រ្តីដែលមានអាយុចាប់ពី ២៥ ទៅ៦៤ឆ្នាំ។

ធ្វើយ៉ាងណាទើបដឹងថាទ្វារមាសមានសុខភាពល្អ?
ជាទូទៅ ស្ត្រីម្នាក់ៗតែងមានក្លិនត្រង់តំបន់ទ្វារមាសនេះផ្សេងៗគ្នា ហើយតែងប្រែប្រួលទៅតាមស្ថានភាពផ្សេងៗគ្នាដែរ ជាក់ស្តែងខណៈពេលមានរដូវជាដើម។ លក្ខខណ្ឌធម្មតានៃបម្រែបម្រួលទ្វារមាស មានដូចជា ការធ្លាក់សមានពណ៌ថ្លា ពណ៌ស ឬពណ៌លឿងស្រាល ប៉ុន្តែមិនមានក្លិនខុសប្លែកពីក្លិនដែលអ្នកធ្លាប់មាន ជាពិសេសមិនមានអាការៈរមាស់ ក្រហាយបន្ថែមទៀតឡើយ។

រក្សាសុខភាពទ្វារមាសរបស់អ្នកឲ្យបានល្អ ដោយចាប់ផ្តើមពីការយកចិត្តទុកដាក់ចាប់ពីចំណុចតូចតាចនៃសកម្មភាពប្រចាំថ្ងៃរបស់អ្នក!!!

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       

ពាក្យទាក់ទង


មតិយោបល់