សិក្ខាសាលាស្តីពី "ការតម្រង់ទិសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស"

នារសៀលថ្ងៃទី ២២ ខែកុម្ហ: ឆ្នាំ២០១៧ នេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសឆ្នាំទី១ ទី២ និង ទី៣ របស់មហាវិទ្យាល័យវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" សរុបប្រមាណជាង៤០០នាក់ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី "ការតម្រង់ទិសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស" នៅសាលសាស្រ្តាចារ្យ មី សាមឺឌី ជាន់ទី៩ អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (អគារទី៣) ទីតាំងទី១ នៃ ស.វ.ស។

សិក្ខាសាលានេះ ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ (HE. Prof. SAPHONN Vonthanak) សាកលវិទ្យាធិការនៃ ស.វ.ស និង វត្តមានអញ្ជើញចូលរួមពីសំណាក់លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរង មន្រ្តីរាជការ បុគ្គលិក របស់មហាវិទ្យាល័យវេជ្ជសាស្រ្ត និង ឯកឧត្តម លោក-លោកស្រ្តីសាស្រ្តាចារ្យ ជាប្រធាន អនុប្រធានដេប៉ាតីម៉ង់ទាំង២១ ថ្នាក់វេជ្ជបណ្ឌិតឯកទេសរបស់មហាវិទ្យាល័យវេជ្ជសាស្រ្ត។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការបានសម្តែងនូវការអបអរសាទរចំពោះនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសទាំងអស់ ជាពិសេសនិស្សិតឆ្នាំទី១ថ្មី ដែលទើបនឹងប្រឡងជាប់ចូលរៀននាឆ្នាំសិក្សាថ្មីនេះ។ ឯកឧត្តមបានលើកឡើងពីការរីកចម្រើនក្នុងការបណ្តុះបណ្តាលនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត ក៏ដូចជាសាកលវិទ្យាល័យទាំងមូល ពីការបង្រៀនតែទ្រឹស្តី (Content Based) ធ្វើយ៉ាងណាខិតខំកែសម្រួលដោយផ្តោតទៅលើចំណេះធ្វើជាគោល (Competency Based Education) តាមរយៈការអនុវត្តន៏ដោយផ្ទាល់នៅមន្ទីពិសោធន៍បង្ហាញត្រាប់ (Skill and Simulation Laboratory) របស់សាកលវិទ្យាល័យ ឱ្យច្រើនបំផុតតាមតែអាចធ្វើទៅបាន។ 

ឯកឧត្តមសាកលវិទ្យាធិការបានស្នើសុំលោក-លោកស្រ្តីសាសាចារ្យទាំងអស់ មេត្តាជួយ និង ការគាំទ្របន្ថែមទៀត ដើម្បីឱ្យការបណ្តុះបណ្តាលនៅ ស.វ.ស ឈានទៅរកការបណ្តុះបណ្តាលបែប Competency Based Education ដែលមានការបង្រៀនទ្រឹស្តី និង ការអនុវត្តផ្ទាល់នៅមន្ទីពិសោធន៍បង្ហាញត្រាប់ មុននឹងការអនុវត្តជាមួយនឹងអ្នកជំងឺដោយផ្ទាល់។

ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ បានបង្ហាញពីឱកាសសម្រាប់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេស ស.វ.ស ក្នុងការបន្តការសិក្សារបស់ខ្លួននៅប្រទេសបារាំង តាមរយៈការផ្តល់អាហារូបករណ៏ពីរដ្ឋាភិបាលបារាំង។ ឯកឧត្តមបានក្រើនរំព្ញកដល់និស្សិតទាំងអស់ត្រូវខិតខំរៀនភាសាបន្ថែម ពិសេសគឺភាសាបារាំង និង ភាសាអង់គ្លេស ដើម្បីអាចមានឱកាសទៅសិក្សាបន្តបន្ថែមទៀតនៅបរទេស។ ឯកឧត្តមសាកលវិទ្យាធិការ បានគោរពថ្លែងនូវអំណរគុណជូនចំពោះឯកឧត្តម លោក-លោកស្រ្តីសាស្រ្តាចារ្យ ទាំងអស់ដែលបានគាំទ្រដោយគ្មានលក្ខខណ្ឌដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាការតម្រង់ទិសនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនេះ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់សាកលវិទ្យាល័យក្នុងគោលបំណងបង្ហាញផ្លូវជូននិស្សិតថ្នាក់ឯកទេសចូលរៀនឆ្នាំសិក្សាថ្មីនៅស.វ.ស បានជ្រាបបន្ថែមទៀតអំពីបទបញ្ជាផ្ទៃក្នុងសម្រាប់និស្សិតស.វ.ស អំពីកម្មវិធីសិក្សា សេវានិស្សិត ការទំនាក់ទំនងរបស់និស្សិត ផែនការយុទ្ធសាស្រ្ត ចក្ខុវិស័យ និង ការរៀបចំឯកសារសម្រាប់បន្តការសិក្សានៅប្រទេសបារាំង ក្នុងកម្មវិធី DFMS-DFMSA ផងដែរ។
-----------------------
+ Website: http://www.uhs.edu.kh/ 
+ Social Media: https://www.facebook.com/uhs.edu.kh
+ Youtube: https://www.youtube.com/UHSEduKh

ពាក្យទាក់ទង


មតិយោបល់