ការកំណត់បរិមាណ Curcumin នៅក្នុងសារធាតុចម្រាញ់ អេតាណុលនៃមើមរមៀតរបស់ខ្មែរ ដោយប្រើHigh Performance Liquid Chromatography (HPLC)

រមៀត ឬឈ្មោះវិទ្យាសាស្ត្រ “Curcuma longa L.” ដែលស្ថិតនៅក្នុងអម្បូរ Zingiberaceae ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យអាហារផលិតផលសម្អាងធម្មជាតិ និងឱសថបុរាណ។ Curcumin គឺជាសារធាតុគីមីសំខាន់នៅក្នុងរមៀតដែលវាមានសមត្ថភាពព្យាបាលជំងឺដូចជា ប្រឆាំងនឹងដុំសាច់ ប្រឆាំងនឹងការរលាក អង់ទីអុកស៊ីដង់ និងប្រឆាំងនឹងការកកើតសរសៃឈាមថ្មី។ ការសិក្សាស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណងកំណត់នូវអត្តសញ្ញាណ និងបរិមាណ Curcumin ក្នុងរមៀតខ្មែរ។ ម្សៅមើមរមៀតដែលយកមកធ្វើការសិក្សាត្រូវបានទទួលមកពីហាងលក់ឱសថបុរាណក្នុងស្រុកហើយត្រូវបានផ្ទៀងផ្ទាត់ជាមួយសំណាករុក្ខជាតិរមៀត (កូដ: UPFPH-210019) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ ម្សៅមើមរមៀតចំនួន 50g ត្រូវបានចម្រាញ់ដោយប្រើអេតាណុលចំនួន 400mL តាមរយៈវិធីសាស្ត្រ Soxhlet ក្រោមសីតុណ្ហភាព 50អង្សាសេដោយប្រើរយៈពេល ៤ ម៉ោង។ សារធាតុចម្រាញ់ត្រូវបានសម្ងួតដោយប្រើម៉ាស៊ីន Rotatory Evaporator ក្នុងសីតុណ្ហភាព 50អង្សាសេ ក្រោមសម្ពាធ 175mbar បន្ទាប់មក យកទៅវិភាគដោយ C18 Reverse-phase High–Performance Liquid Chromatography ដោយប្រើ Mobile Phase រួមផ្សំពីទឹក អាស៊ីតស៊ីទ្រិច និងអាសេតូនីទ្រីល តាម Isocratic Elution Mode ក្នុងល្បឿនលំហូរ 1.0mL/min និងកំណត់ការវិភាគដោយប្រើកាំរស្មី UV ក្នុងជំហ៊ានរលក 425nm។ លទ្ធផលដែលចម្រាញ់បានគឺ 4.04% ស្មើនឹង 2.02g។ សមាមាត្ររបស់ Mobile phase ដែលល្អជាងគេក្នុងការវិភាគគឺ 45/55 vol% (សារធាតុរំលាយ A /សារធាតុរំលាយ B; សារធាតុរំលាយ A:ទឹក/អាស៊ីត អាសេទិច = 99.9/0.1 v/v; សារធាតុរំលាយ B: អាសេតូនីទ្រីល/អាស៊ីតអាសេទិច = 99.9/0.1 v/v)។ ក្រោយពីការចម្រាញ់ Curcumin ដែលកំណត់ឃើញក្នុងថេរៈវេលា tR= 5.274min មានចំនួន 21.80% (440.36 mg)។ ការសិក្សានេះផ្តល់ទិន្នន័យវិទ្យាសាស្រ្តក្នុងការវិភាគរក Curcumin នៅក្នុងរមៀតខ្មែរ។ ការរកឃើញនេះដើរតួយ៉ាងសំខាន់សម្រាប់ការស្រាវជ្រាវបន្តបន្ទាប់ទៀតទាក់ទងនឹង Curcumin ដែលមានប្រភពចេញពីមើមរមៀតរបស់ខ្មែរ។

ប្រភពអត្ថបទដោយ និស្សិត និងសាស្រ្តាចារ្យ មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ប្រទេសកម្ពុជា និងដេប៉ាតឺម៉ង់គីមីឱសថសាស្ត្រនៃមហាវិទ្យាល័យវិទ្យាសាស្ត្រឱសថនៃសាកលវិទ្យាល័យខនកែន ប្រទេសថៃ៖ តាង សុវណ្ណារ័ត្ន, ប៊ុណតារ៉ាវ៉ាន់ ថូរ៉ាប្រា, សូផាវ៉ាឌី ដាវឌី, ជា ស៊ីន, កែវ សំអែល

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់