សារសំខាន់នៃការចូលរួមរបស់អ្នកជំងឺក្នុងការព្យាបាលជំងឺទឹកនោមផ្អែម

អ្វីទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២?
ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃដែលអ្នកជំងឺមានជាតិស្ករលើសនៅក្នុងឈាម។ ជំងឺទឹកនោមផ្អែមនេះ ឬក៏យើងហៅពាក្យម៉្យាងទៀតថាជំងឺលើសជាតិស្ករក្នុងឈាម ពាក្យទាំងពីរនេះមានន័យដូចគ្នា។ ជំងឺនេះគឺបណ្តាលមកពីលំពែងដំណើរការមិនប្រក្រតី ដែលជាហេតុធ្វើឲ្យជាតិស្ករក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ ជំងឺទឹកនោមផ្អែម មាន៣ប្រភេទគឺ ជំងឺទឹកនោមផ្អែមប្រភេទទី១ ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺទឹកនោមផ្អែមដែលកើតលើស្ត្រីមានផ្ទៃពោះ។ ប៉ុន្តែចំនួនអ្នកជំងឺដែលមានច្រើនលើសលប់ជាងគេនោះគឺជំងឺទឹកនោមផ្អែមប្រភេទទី២។ ជំងឺទឹកនោមផ្អែមប្រភេទទី២ នេះគឺបណ្តាលមកពីលំពែងដែលដំណើរការមិនប្រក្រតីផលិតអាំងស៊ុយលីន ដែលជាអ័រម៉ូនម៉្យាងសម្រាប់នាំជាតិស្ករចូលទៅក្នុងរាងកាយរបស់យើងដើម្បីបំលែងទៅជាថាមពល។ លំពែងមិនអាចផលិតអាំងស៊ុយលីនក្នុងបរិមាណមួយគ្រប់គ្រាន់ ហើយមុខងាររបស់អាំងស៊ុយលីនក៏ថយចុះទៀតដែលជាហេតុធ្វើឲ្យជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺកើនឡើង។

ដើម្បីគ្រប់គ្រង ឬធ្វើការព្យាបាលជំងឺនេះ តើមានវិធីសាស្រ្តអ្វីខ្លះ?
ជំងឺទឹកនោមផ្អែម ឬជំងឺលើសជាតិស្ករក្នុងឈាមនេះគឺជាជំងឺរ៉ាំរ៉ៃ។ ការព្យាបាលដើម្បីគ្រប់គ្រងជាតិស្ករឲ្យបានល្អ បង្ការផលវិបាកនានាឲ្យអ្នកជំងឺរស់នៅបានយូរអង្វែងប្រកបដោយផាសុកភាព មានចំណុច២ធំៗ៖
- ការព្យាបាលទី១ គេហៅថាការព្យាបាលដោយមិនប្រើថ្នាំ គឺទាក់ទងទៅនឹងរបបចំណីអាហារ ការហាត់ប្រាណ ការផ្លាស់ប្តូរទម្លាប់នៃការរស់នៅ។ល។
- ការព្យាបាលទី២ គឺការព្យាបាលដោយថ្នាំ ចំពោះជំងឺទឹកនោមផ្អែមប្រភេទទី២ អាចលេបថ្នាំគ្រាប់ ឬប្រើថ្នាំចាក់ទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ។

វិធីសាស្រ្តក្នុងការព្យាបាលទាំងពីរនេះ ការប្រើថ្នាំនិងការព្យាបាលដោយមិនប្រើថ្នាំសុទ្ធតែមានសារសំខាន់ដូចគ្នាមិនអាចអត់មួយណាបាននោះទេ។ អ្នកជំងឺមិនអាចធ្វើតែលំហាត់ប្រាណ ផ្លាស់ប្តូរទម្លាប់នៃការរស់នៅដោយមិនទទួលទានថ្នាំបាននោះទេ។ ម្យ៉ាងវិញទៀតអ្នកជំងឺដែលទទួលទានថ្នាំហើយមិនព្រមធ្វើរបបចំណីអាហារ ឬក៏ហាត់ប្រាណ ក៏មិនល្អដូចគ្នា។

នៅប្រទេសកម្ពុជា តើអ្វីជាបញ្ហាប្រឈមដែលទាក់ទងនឹងអ្នកជំងឺក្នុងការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២?
បញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះតាមរយៈការសិក្សានាពេលកន្លងមកយើងឃើញថា៖
- អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២នៅក្នុងប្រទេសកម្ពុជាយើង មួយភាគធំមិនបានដឹងខ្លួនថាខ្លួនមានជំងឺប្រភេទនេះទេ ពីព្រោះជំងឺទឹកនោមផ្អែមប្រភេទទី ២នៅក្នុងដំណាក់កាលដំបូងមិនមានរោគសញ្ញាដែលជាហេតុធ្វើឲ្យអ្នកជំងឺមិនបានចាប់អារម្មណ៍។
- អ្នកជំងឺមិនសូវចាប់អារម្មណ៍នៅក្នុងការមកតាមដានពិនិត្យជាមួយគ្រូពេទ្យឲ្យបានជាប់លាប់ច្រើន តែប្រើឱសថតៗគ្នា ឬក៏ប្រើប្រាស់វេជ្ជបញ្ជាពីមុនៗមកដោយមិនព្រមទៅតាមដានដើម្បីធ្វើការផ្លាស់ប្តូរទៅតាមដំណាក់កាលនៃជំងឺ។
- អ្នកជំងឺមិនសូវចាប់អារម្មណ៍ស្វែងយល់អំពីរបៀបនៃការថែទាំខ្លួន អ្នកជំងឺមួយចំនួនគិតថាការដែលទទួលទានថ្នាំបានជាប់លាប់គឺគ្រប់គ្រាន់ហើយ។
- អ្នកជំងឺមិនសូវតាមដានជាតិស្ករជាប្រចាំទេ ហើយគាត់ជោះជាតិស្ករភាគច្រើនតែពេលព្រឹកមិនទាន់ទទួលទានអាហារ ព្រោះគាត់យល់ថាការជោះជាតិស្ករក្រោយទទួលទានអាហារគឺយកជាការមិនបាន។

តើអ្នកជំងឺត្រូវសហការដូចម្តេចខ្លះក្នុងពេលព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២របស់ខ្លួន?
ការព្យាបាលជំងឺទឹកនោមផ្អែមឬជំងឺលើសជាតិស្ករក្នុងឈាមនេះ មានលក្ខណៈពិសេស ពីព្រោះអ្នកជំងឺក្រៅអំពីជាតិស្ករនៅក្នុងឈាមត្រូវចាប់អារម្មណ៍ចំណុចដទៃៗទៀត ដូចជាបញ្ហាសម្ពាធឈាមគឺត្រូវរក្សាកុំឲ្យសម្ពាធឈាមឡើងខ្ពស់។ ករណីដែលសម្ពាធឈាមខ្ពស់ត្រូវប្រញាប់រូតរះទៅពិគ្រោះជាមួយគ្រូពេទ្យ។ បន្ទាប់មកទៀតអ្នកជំងឺ ត្រូវចាប់អារម្មណ៍កម្រិតជាតិខ្លាញ់នៅក្នុងឈាមដែរ ព្រោះថាបើព្យាបាលតែជាតិស្ករ ព្យាបាលតែសម្ពាធឈាម ហើយមិនបានគិតពីជាតិខ្លាញ់នៅក្នុងឈាម ក៏មិនជោគជ័យដែរ។ ដូចនេះយ៉ាងហោចណាស់មួយឆ្នាំម្តង អ្នកជំងឺត្រូវពិនិត្យមើលជាតិខ្លាញ់នៅក្នុងឈាម។ អ្នកជំងឺក៏ត្រូវតាមដានពិនិត្យមុខងារតម្រងនោមជាប្រចាំផងដែរ ព្រោះថាជំងឺទឹកនោមផ្អែមឬជំងឺលើសជាតិស្ករនៅក្នុងឈាមនេះអាចបណ្តាលឲ្យមានផល់ប៉ះពាល់ទៅលើតម្រងនោម ធ្វើឲ្យខូចតម្រងនោម ខ្សោយតម្រងនោម លាងឈាមជាដើម។ លើសពីនោះទៅទៀត អ្នកជំងឺត្រូវតាមដានភ្នែកជាប្រចាំ។ ទោះបីមានរោគសញ្ញា ឬមិនមានរោគសញ្ញាអ្នកជំងឺត្រូវពិនិត្យបាតភ្នែកជាប្រចាំ ព្រោះថាការលើសជាតិស្កររយៈពេលយូរអាចធ្វើឲ្យសរសៃឈាមនៅបាតភ្នែកខូច។ ក្រៅពីនេះអ្នកជំងឺត្រូវពិនិត្យថែទាំជើងពីព្រោះអ្នកជំងឺទឹកនោមផ្អែមងាយនឹងដំបៅជើង ហើយត្រូវការពេលវេលាយូរជាងអ្នកមិនមានជំងឺទឹកនោម ផ្អែមដើម្បីធ្វើឲ្យដំបៅជើងនោះជាសះស្បើយ ដូច្នេះត្រូវតែពិនិត្យជើងជាប្រចាំ។ អ្នកជំងឺ ក៏ត្រូវបញ្ឈប់ជាដាច់ខាតនូវការជក់បារី ពីព្រោះការជក់បារីបន្ថែមពីលើជំងឺទឹកនោមផ្អែម ធ្វើឲ្យសរសៃឈាមងាយនឹងមានបញ្ហាដូចជាកកស្ទះ។ ចុងក្រោយអ្នកជំងឺត្រូវប្រឹក្សាជាប្រចាំជាមួយគ្រូពេទ្យព្រោះថាឱសថដែលទទួលទានត្រូវនៅពេលនេះអាចនឹងមិនត្រូវនៅពេលក្រោយ ហើយគួរចៀសវាងការប្រើប្រាស់ថ្នាំតៗគ្នា។

តើគ្រូពេទ្យគួរធ្វើអ្វីខ្លះដើម្បីបង្កើនការចូលរួមរបស់អ្នកជំងឺក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែមប្រភេទទី២? តើអ្នកជំងឺគួរធ្វើបែបណាដែរ? តើគួរមានតួអង្គណាខ្លះទៀតចូលរួមដើម្បីជួយឲ្យការគ្រប់គ្រងជំងឺនេះបានកាន់តែប្រសើរ?
ដោយសារជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃ ដូច្នេះការថែទាំសុខភាពគឺត្រូវធ្វើជារឿយៗ និងខ្ជាប់ខ្ជួន។ ជំងឺនេះទាមទារឲ្យមានការសហការខ្ពស់ពីវេជ្ជបណ្ឌិត និងអ្នកជំងឺ ក៏ដូចជាក្រុមគ្រួសារផ្ទាល់ដែរ ពីព្រោះវេជ្ជបណ្ឌិតមានកាតព្វកិច្ចណែនាំអប់រំអ្នកជំងឺអំពីវិធីសាស្ត្រនៅក្នុងការថែទាំខ្លួនក៏ដូចជាធ្វើការព្យាបាលដោយប្រើប្រាស់ឱសថ ដោយជ្រើសរើសឱសថណាសមស្របទៅនឹងលក្ខខណ្ឌរបស់អ្នកជំងឺនីមួយៗ។ ជាងនេះទៅទៀត វេជ្ជបណ្ឌិតត្រូវមានកាតព្វកិច្ចក្នុងការផលិតជាឯកសារអប់រំនានាដើម្បីជាប្រយោជន៍ដល់អ្នកជំងឺព្រោះថាអ្នកជំងឺគាត់ត្រូវការឯកសារទាំងអស់នោះជាភាសាជាតិដើម្បីបង្កើនការថែទាំខ្លួនរបស់ពួកគាត់។ ថ្មីៗនេះយើងបានបង្កើតជាកម្មវិធីទូរស័ព្ទ ”Carnet Dia” សម្រាប់អ្នកជំងឺ។ លើសពីនោះទៅទៀត អ្នកជំងឺ និងក្រុមគ្រួសារត្រូវខិតខំស្វែងយល់អំពីវិធីសាស្ត្រនៅក្នុងការថែទាំ ហើយការចូលរួមនេះទៀតសោតតាមរយៈការសិក្សាធំៗនៅប្រទេសជឿនលឿនឃើញថាបើមានការចូលរួមពីក្រុមគ្រួសារនោះអ្នកជំងឺគឺមានការវិវឌ្ឍល្អជាងអ្នកជំងឺតែម្នាក់ឯងតស៊ូជាមួយនឹងជំងឺរ៉ាំរ៉ៃមួយនេះ។ អ្នកជំងឺនិងក្រុមគ្រួសារគួរគប្បីស្គាល់អំពីវិធីសាស្ត្រមួយចំនួននៅក្នុងការថែទាំដូចជាការជោះជាតិស្ករ ត្រូវជោះជាតិស្ករជាប្រចាំហើយយកកំណត់ត្រានេះទៅជូនគ្រូពេទ្យរាល់ពេលដែលមានការណាត់ជួបពិគ្រោះជំងឺ។ អ្នកជំងឺ និងក្រុមគ្រួសារគប្បីយល់ដឹងអំពីវិធីសាស្ត្រនានាក្នុងការថែទាំជើង និងស្វែងយល់អំពីហានិភ័យនានា ឬក៏កត្តាប្រឈមដែលធ្វើឲ្យមានដំបៅជើងជាដើម។ លើសពីនោះទៅទៀត ក្រុមគ្រួសារនិងអ្នកជំងឺត្រូវស្វែងយល់ពីការជួយខ្លួនឯង ក្នុងករណីដែលជាតិស្ករចុះជ្រុល។

តើលោកគ្រូមានចំណាប់អារម្មណ៍បែបណាដែរចំពោះយុទ្ធនាការ "ថ្ងៃដំបូងរបស់ខ្ញុំជាមួយជំងឺទឹកនោមផ្អែម"ដែលផ្តួចផ្តើមដោយក្រុមហ៊ុន Servier?
ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំចំពោះកម្មវិធី My First Day របស់ Servier International នេះ គឺមានសារៈសំខាន់ណាស់ជាប្រភពព័ត៌មានជាក់លាក់ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រសម្រាប់បងប្អូនយើងយកទៅធ្វើការរក្សាទុកនិងធ្វើការសិក្សា ពីព្រោះយើងដឹងហើយថាបច្ចុប្បន្ននេះ តាមរយៈបណ្តាញសង្គមគឺថាសម្បូរទៅដោយព័ត៌មានដែលមិនពិតដែលបំពុលដល់បងប្អូនអ្នកជំងឺក៏ដូចជាក្រុមគ្រួសារ។ My First Day ជាប្រភពនៃការស្វែងយល់ និងជាប្រភពនៃចំណេះដឹងសម្រាប់អ្នកជំងឺដែលធ្វើឡើងដោយបង្កើតជាភាសាជាតិ ពីព្រោះអ្នកជំងឺត្រូវការឯកសារជាភាសាជាតិដើម្បីយកទៅស្វែងយល់។ ហើយការព្យាបាលជំងឺទឹកនោមផ្អែមនេះមិនតម្រូវឲ្យទៅធ្វើការព្យាបាលដល់បរទេសដែលអ្នកជំងឺមិនអាចធ្វើការទំនាក់ទំនងល្អបានដោយការលំបាកខាងភាសាក្តី ពីព្រោះបើខ្វះការស្វែងយល់ ខ្វះការយល់ដឹងគឺការព្យាបាលរបស់អ្នកជំងឺមិនបានដល់គោលដៅនោះទេ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសក្រពេញអ័រម៉ូន និងទឹកនោមផ្អែម សព្វថ្ងៃបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត ហើយក៏ជាគ្រូបង្ហាត់បង្រៀន
នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់