អ្នកអាចកំពុងមានជំងឺផ្លូវចិត្តទាក់ទង Eating Disorders

នាពេលបច្ចុប្បន្ន មនុស្សជាច្រើនបានកំពុងព្យាយាមសម្រកទម្ងន់ ដើម្បីទទួលបានរាងកាយតូចច្រឡឹងដូចជាតារាម៉ូឌែល ដោយពួកគេយល់ថាកាន់តែស្គមកាន់តែស្អាត។ ហេតុនេះការបង្អត់អាហារជាជម្រើសទីមួយដែលពួកគេគិតដល់! ប៉ុន្តែសតិអារម្មណ៍ដែលតែងស្រមៃដល់ការសម្រកទម្ងន់នេះបានធ្វើឲ្យពួកគេមានបញ្ហាផ្លូវចិត្តមួយប្រភេទឈ្មោះថា Eating Disorders។

Eating Disorders គឺជាជំងឺផ្លូវចិត្តដែលប៉ះពាល់ដល់អារម្មណ៍ដែលអ្នកមានចំពោះអាហារ និងរបៀបដែលអ្នកមានគិតអំពីរាងកាយរបស់អ្នកផ្ទាល់។ វានឹងបង្កជាបញ្ហាធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយ និងចិត្ត ព្រមទាំងអាចជះឥទ្ធិពលដល់សកម្មភាពប្រចាំថ្ងៃ ការងារ ទំនាក់ទំនងគ្រួសារ សង្គម និងអាចគំរាមកំហែងដល់អាយុជីវិតទៀតផង។

ជាទូទៅអ្នកដែលកំពុងមានបញ្ហាជាមួយ Eating Disorders  តែងទទួលបាននូវអារម្មណ៍អវិជ្ជមានដូចខាងក្រោម៖
• ពិបាកក្នុងការគ្រប់គ្រងអារម្មណ៍ និងពិបាកក្នុង  ការដោះស្រាយបញ្ហាដែលកំពុងប្រឈម
• អន្ទះអន្ទែង រសេះរសោះ
• មានអារម្មណ៍ខ្មាសអៀន ខុសឆ្គង ឬបរាជ័យ ក្នុងកិច្ចការងារ
• កាន់តែមានការប្រុងប្រយ័ត្ន ដោយយល់ថាអ្នក ដទៃកំពុងមើល និងតាមដានខ្លួន
• ភ័យខ្លាច និងបាត់បង់ទំនុកចិត្ត
• គិតច្រើន និងខ្វល់ខ្វាយជានិច្ច
• យល់ថាឯកា  គ្មានទីកន្លែងណាដែលស័ក្តិសម។

លទ្ធផលផ្លូវចិត្តទាំងអស់នេះសុទ្ធតែបណ្តាលមកពីភាពប្រែប្រួល និងការខូចខាតសុខភាពរាងកាយ ដែលមានជាការប្រែប្រួលអ័រម៉ូន និងភាពមិនប្រក្រតីនៃដំណើរការរបស់សរីរាង្គផ្សេងៗ។

សូមសាកល្បងឆ្លើយនឹងសំណួរ ៩ ខាងក្រោម ដើម្បីបញ្ជាក់ថាតើអ្នកកំពុងមានបញ្ហានេះ ឬយ៉ាងណា៖
1. តើអ្នកតែងតែគិតអំពីចំណីអាហារដែលត្រូវញ៉ាំ ការតមអាហារ និងទម្ងន់មែនទេ?
2. តើអ្នកឧស្សាហ៍បង្អត់អាហារខ្លួនឯង បើទោះជាឃ្លានក៏ដោយ?
3. តើអ្នកតែងបន្ទោសខ្លួនឯង និងស្តាយក្រោយជានិច្ច បន្ទាប់ញ៉ាំអាហាររួច (ដោយគិតថាអ្នកមិនគួរញ៉ាំល្អជាង)?
4. រាល់ពេលអ្នកញ៉ាំអាហារម្តងៗ តើអ្នកមិនអាចគ្រប់គ្រងបរិមាណដែលអ្នកគួរញ៉ាំបានមែនទេ?
5. តើអ្នកមានអារម្មណ៍សប្បាយរីករាយ នៅពេលអ្នកមិនបានញ៉ាំអាហារឬ?
6. តើអ្នកតែងមានអារម្មណ៍ស្មុគស្មាញ និងពិបាកចិត្ត ប្រសិនបើអ្នកមិនបានស្រកដល់ទម្ងន់ដែលអ្នកចង់បាន?
7. តើវដ្តរដូវរបស់អ្នកតែងមកមិនទៀង និងខកខានជានិច្ចមែនទេ (ចំពោះស្ត្រី)?
8. តើអ្នកតែងព្យាយាមប្រើប្រាស់វិធីសាស្ត្រជម្រុះអាហារដែលអ្នកបានបរិភោគរួចចោល ដោយអាចមានជាវិធីសាស្រ្តក្អួតចេញ ប្រើថ្នាំធ្វើឲ្យរាក ថ្នាំបញ្ចុះទឹកនោម ឬលាមក?
9. តើអ្នកបានសង្កេតឃើញថាខ្លួនឯងមានសញ្ញានៃការមិនបានទទួលសារជាតិចិញ្ចឹមពីអាហារគ្រប់គ្រាន់ ដែលអាចមានជា   ជ្រុះសក់ ស្បែកស្ងួត អស់កម្លាំង វិលមុខមែនឬទេ?

ប្រសិនបើអ្នកបានកំពុងតែមានសញ្ញាទាំងនេះ សូមពិភាក្សាជាមួយអ្នកជំនាញ និងក្រុមគ្រូពេទ្យឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។ ថ្វីត្បិតការសម្រកទម្ងន់គឺជាគោលដៅដែលអ្នកចង់បាន ប៉ុន្តែសុំកុំបណ្តោយឲ្យបញ្ហានេះគ្រប់គ្រងលើរូបអ្នកវិញឲ្យសោះ!

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់