អ្វីទៅជាប្រូតេអុីនកូឡាជែន?

នៅពេលវ័យកាន់តែចាស់ ស្រទាប់ស្បែករបស់អ្នកក៏ប្រែប្រួល ដែលនេះបណ្តាលមកពីការបាត់បង់នូវប្រូតេអុីនកូឡាជែនធម្មជាតិនៅក្នុងស្បែកធ្វើឲ្យស្បែកបាត់បង់ភាពតឹងណែន ដែលជាហេតុនាំឲ្យផលិតផលបំប៉នកូឡាជែនត្រូវបានគេនិយមប្រើប្រាស់ដើម្បីស្តារស្ថានភាពស្បែកឲ្យមានភាពប្រសើរឡើងវិញ។

អ្វីជាកូឡាជែន?
កូឡាជែន ជាប្រភេទប្រូតេអុីនម៉្យាងដែលជាសរសៃរឹង មិនរលាយក្នុងទឹក និងរ៉ាប់រងក្នុងកម្រិត ១ភាគ៣នៃចំនួនប្រូតេអុីននៅក្នុងរាងកាយទាំងអស់។ ភាគច្រើន កូឡាជែន ជាម៉ូលេគុលដែលភ្ជាប់គ្នាបង្កើតបានជាសរសៃស្តើង និងវែង សម្រាប់បំពេញតួនាទីជាជាលិកាគាំទ្រ ដែលលក្ខខណ្ឌនេះធ្វើឲ្យស្បែកមានភាពតឹងណែន និងភ្លឺរលោង។ កូឡាជែន ត្រូវបានសង្កេតឃើញមាន ១៦ប្រភេទខុសៗគ្នា ដែលក្នុងនោះ ចំនួន ៨០ទៅ៩០ ភាគរយជាកូឡាជែន ប្រភេទ ១ ២ និង៣។

ជាមួយប្រភេទខុសៗគ្នានៃកូឡាជែន នោះការបំពេញមុខងារក៏ខុសប្លែកគ្នាទៅតាមកោសិការបស់រាងកាយតួយ៉ាងចំពោះកូឡាជែនប្រភេទ ១ និង៣មានប្រសិទ្ធភាពទៅលើស្បែក សាច់ដុំ ឆ្អឹង និងការលូតលាស់នៃសក់ និងក្រចក ចំណែក កូឡាជែនប្រភេទ ២ ដែលជាការរួមផ្សំដោយជាតិទឹកមានមុខងារសម្រាប់ការភ្ជាប់គ្នានៃសន្លាក់។ ដោយសារក្នុងលក្ខខណ្ឌបែបនេះ ទើបឱសថបំប៉នកូឡាជែន ត្រូវបានផលិតឡើងទៅតាមប្រភេទ និងតម្រូវការនីមួយៗ។

ការប្រើប្រាស់កូឡាជែន
នៅក្នុងស្រទាប់កណ្តាលនៃស្បែក កូឡាជែនមានមុខងារក្នុងការជំនួស និងជួសជុលកោសិកាចាស់ៗឡើងវិញ ដែលអាចបំបាត់ចោលនូវភាពជ្រីវជ្រួញ និងសង្កេតឃើញមានការប្រើប្រាស់ផងដែរទៅលើស្រ្តីអស់រដូវ ដែលវាអាចជួយសម្រួលដល់ការចុះខ្សោយនៃសន្លាក់។ បន្ថែមពីនោះ កូឡាជែនក៏ត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពទៅលើ៖
• សុខភាពភ្នែក
• ការការពារពីបញ្ហាបេះដូងនានា
• បន្ថែមថាមពលសម្រាប់ធ្វើលំហាត់ប្រាណ
• ធ្វើឲ្យឆ្អឹងរឹងមាំជាដើម។
ចំណែកការប្រើប្រាស់ប្រូតេអុីនកូឡាជែនគឺអាចម្តងជារៀងរាល់ថ្ងៃ ដែលកម្រិតក្នុងមួយថ្ងៃមិនឲ្យលើសពី ៥ក្រាម។

សកម្មភាពឱសថ
ការសិក្សាជាច្រើនបានបង្ហាញថា ការប្រើប្រាស់កូឡាជែនក្នុងទម្រង់តាមការលេប មានប្រសិទ្ធភាពជាងការលាបក្រោមទម្រង់ជាក្រែមទៅលើស្បែក ដោយសារឱសថបំប៉នកូឡាជែននឹងអាចស្រូបចូលតាមរយៈប្រព័ន្ធរំលាយអាហារដូចទៅនឹងការបរិភោគអាហារជាប្រចាំថ្ងៃ។ ជាក់ស្តែង ប្រូតេអុីនកូឡាជែនមានសមត្ថភាពទៅភ្ញោចកោសិកា Fibroblast នៅក្នុងរាងកាយ ដែលជាកោសិការ៉ាប់រងក្នុងការបញ្ចេញកូឡាជែនធម្មជាតិ ដែលជាសារធាតុចាំបាច់សម្រាប់ស្បែក និងជាលិកាភ្ជាប់។

ផលរំខាន
រោគសញ្ញានៃផលរំខាននានាអាចនឹងកើតមានឡើងតែមានភាពកម្រអំឡុងពេលប្រើប្រាស់យ៉ាងណាមិញអ្នកគួរសង្កេតមើលប្រសិនរោគសញ្ញាទាំងនោះនៅបន្តអូសបន្លាយរយៈពេលយូរដែលមានដូចជា៖
• ចង្អោរ
• ច្រាលទឹកអាស៊ីតក្រពះ
• រាក ឬទល់លាមក
• ប្រតិកម្មស្បែក
• ឈឺក្បាល ឬធីងធោង។

បម្រុងប្រយ័ត្ន
មុនពេលប្រើប្រាស់ឱសថបំប៉នកូឡាជែន ​ត្រូវរាយការណ៍ដល់វេជ្ជបណ្ឌិតពីឱសថផ្សេងៗ (វីតាមីន ផលិតផលបំប៉ន) ដែលអ្នកកំពុងប្រើប្រាស់ ឬមានជំងឺប្រចាំកាយ ពីព្រោះក្នុងលក្ខខណ្ឌមួយចំនួនអាចឲ្យអ្នកប្រឈមកាន់តែខ្លាំងពីផលរំខានរបស់ឱសថកូឡាជែន។ ម៉្យាងទៀត ក៏មានការលើកឡើងពីការប្រុងប្រយ័ត្នផងដែរចំពោះ ស្រ្តីមានផ្ទៃពោះ កំពុងត្រៀមមានផ្ទៃពោះ និងស្រ្តីកំពុងបំបៅដោះកូន។

គួរបញ្ជាក់ផងដែរ  ឱសថបំប៉នកូឡាជែនដែលអាចរកបាននៅលើទីផ្សារមានឈ្មោះដូចជា Colla-plus 3, Nature’s Way, Nature Bounty Collagen ជាដើម។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់