ឡើងសាច់ស្អាតដូចបំណងជាមួយអាហារងាយៗ

អ្នកកំពុងជួបបញ្ហាលំបាកក្នុងការឡើងទម្ងន់មែនឬទេ? ញុំាច្រើនដែរហាត់ប្រាណក៏ទៀងទាត់ ប៉ុន្តែរាងកាយមិនឡើងទម្ងន់ដូចចិត្តមែនទេ? បើដូច្នោះ គួរមើលឡើងវិញលើមុខអាហារដែលបរិភោគរាល់ថ្ងៃតើមានបញ្ចូលនូវប្រភេទអាហារខាងក្រោមហើយឬនៅ មុនបន្តរអ៊ូរទាំពីការមិនឡើងសាច់ដូចបំណងនេះ?

សាច់ពណ៌ក្រហម
សាច់ពណ៌ក្រហម គឺជាអាហារប្រូតេអុីនមួយប្រភេទដែលជួយក្នុងការបង្កើតសាច់ដុំនៅក្នុងរាងកាយរបស់យើងបាន។ ទន្ទឹមនឹងនេះ សាច់ក្រហមមានផ្ទុកទៅដោយសារធាតុ Creatine និង Leucine ដែលជាអាស៊ីតអាមីណេជួយជំរុញការសំយោគប្រូតេអុីននៅក្នុងសាច់ដុំ និងផ្តល់កាល់ឡូរីខ្ពស់សម្រាប់ការឡើងទម្ងន់របស់អ្នកផងដែរ។ បើយោងតាមការសិក្សាស្រាវជ្រាវមួយទៅលើស្រ្តីវ័យចំណាស់ ១០០នាក់ដែលបរិភោគសាច់ក្រហម ១៧០ក្រាមជាមួយរបបអាហារប្រចាំថ្ងៃ គួបផ្សំជាមួយនឹងការហាត់ប្រាណ៦ថ្ងៃក្នុងមួយសប្តាហ៍រយៈពេល ៦ខែ បានបង្ហាញឲ្យឃើញពីការឡើងទម្ងន់ដល់ទៅ ១៨ភាគរយ។

ទឹកដោះគោ
ទឹកដោះគោមិនត្រឹមតែជួយការលូតលាស់ផ្នែកខួរក្បាល និងផ្នែកសម្រស់ប៉ុណ្ណោះទេ តែវាក៏មានតួនាទីជួយបន្ថែមកាល់ឡូរីសម្រាប់ការលូតលាស់សាច់ដុំព្រមទាំងអាចធ្វើឲ្យអ្នកឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាពដោយហេតុថា ទឹកដោះគោសម្បូរនូវសារជាតិបំប៉នជាច្រើនដូចជា ប្រូតេអុីន ជាតិស្ករ ជាតិខ្លាញ់ កាល់ស្យូម វីតាមីន និងសារជាតិរ៉ែ។ បន្ថែមពីនេះវាក៏មានផ្ទុកដោយប្រូតេអុីនពិសេសសម្រាប់ការបង្កើតសាច់ដុំនៅលើរាងកាយ ដែលអាចជួយឲ្យឡើងទម្ងន់បានទៀតផង។ បើយោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការញុំាទឹកដោះគោ ១ទៅ២កែវ ជាមួយអាហារសម្រន់ ឬបន្ទាប់ពីលំហាត់ប្រាណអាចផ្តល់ថាមពលប្រមាណជាង ៣០០កាល់ឡូរី ដែលអាចជួយជំរុញក្នុងការឡើងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព និងសុខភាពល្អ។

ផ្លែប័រ
ផ្លែប័រជាអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់បំផុត និងជាអាហារដ៏ល្អសម្រាប់អ្នកដែលចង់ឡើងទម្ងន់ធ្វើជារបបអាហារដើម្បីសុខភាព។ ជាមួយនឹងកម្រិតជាតិកាល់ឡូរីខ្ពស់ ៣២២កាល់ឡូរី  អត្រាជាតិខ្លាញ់ប្រមាណ ២៩ក្រាម កម្រិតអាហារូបត្ថម្ភខ្ពស់ ជាតិសរសៃ ១៧ក្រាម  ជាពិសេសរួមមាននូវវត្តមាននៃអាស៊ីតអូលេអុិចដែលអាចជួយកាត់បន្ថយការរលាក និងប្រឆាំងនឹងជំងឺមហារីកបានផងនោះ អ្នកពិតជាអាចទទួលបានការឡើងទម្ងន់ប្រកបដោយសុខភាព និងប្រសិទ្ធភាព ។

ប័រសណ្តែក
មិនបាច់រំលឹកពីរសជាតិទេ អ្នកសុទ្ធតែបានដឹងហើយថាប័រអាចជួយឲ្យម្ហូបសឹងតែគ្រប់មុខឆ្ងាញ់ជាងមុន។ លើសពីនេះ អ្នកអាចញុំាប័រសណ្តែកដើម្បីបង្កើនទម្ងន់ផងដែរ ដោយសារប័រសណ្តែកមួយស្លាបព្រាមានផ្ទុកនូវជាតិកាល់ឡូរីខ្ពស់ប្រមាណ ២០០កាល់ឡូរី ជាតិខ្លាញ់ ១៦ក្រាម និងប្រូតេអុីន ៨ក្រាម ដែលជាហេតុជួយឲ្យអ្នកឡើងទម្ងន់បានយ៉ាងងាយ។ ដោយឡែក យោងតាមការសិក្សាមួយបានបង្ហាញថា ប័រដែលចម្រាញ់ចេញពីសណ្តែកជួយដល់ការលូតលាស់របស់ឆ្អឹង កោសិកាសាច់ដុំ ព្រមទាំងជួយឲ្យអ្នកឡើងទម្ងន់បានប្រកបដោយសុខភាពល្អ។ មិនត្រឹមតែប៉ុណ្ណោះវាជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។

សាកល្បងបញ្ចូលមុខអាហារទាំងនោះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក ស្របពេលជាមួយការរក្សាទម្លាប់ហាត់ប្រាណប្រភេទលើកទម្ងន់ជាទៀងទាត់ ក៏ដូចជាការគេងសម្រាកគ្រប់គ្រាន់ផងដែរ ហើយបន្ទាប់ពីនោះ ទោះបីអ្នកមិនចង់ឡើងទម្ងន់ក៏មិនបានដែរ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់