នរណាខ្លះអាចប្រឈមនឹងជំងឺពុកឆ្អឹង?

បច្ចុប្បន្នជំងឺពុកឆ្អឹងហាក់មានការកើនឡើងខ្ពស់សមាមាត្រទៅនឹងវ័យ និងអាយុរបស់មនុស្ស ដោយក្នុងនោះ ៣៩ភាគរយមានជំងឺពុកឆ្អឹងជាស្រ្តីដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និង៧០ភាគរយចំពោះស្រ្តីក្រោយអាយុ ៨០ឆ្នាំ។ ដោយឡែកមានតែ ១៥ភាគរយតែប៉ុណ្ណោះ ដែលកើតឡើងចំពោះបុរសដែលមានវ័យចាប់ពី ៥០ឆ្នាំឡើង និង៨៥ភាគរយជាប់ពាក់ព័ន្ធនឹងកត្តាតំណពូជ។

ជំងឺពុកឆ្អឹង
ជំងឺពុកឆ្អឹងជាជំងឺទូទៅដែលភាគច្រើនកើតនៅលើគ្រោងឆ្អឹងទាំងមូល ហើយវាមានលក្ខណៈថយចុះទ្រុឌទ្រោមនៃកំហាប់មូលដ្ឋានរបស់ឆ្អឹង និងមានការប្រែប្រួលនៃរចនាសម្ព័ន្ធតូចៗរបស់ឆ្អឹង ដែលជាមូលហេតុចម្បងធ្វើឲ្យគ្រោងឆ្អឹងផុយស្រួយខ្លាំងអាចប្រឈមមុខខ្ពស់នឹងការប្រេះស្រាំ និងបាក់បែកឆ្អឹងផងដែរ។

មូលហេតុចម្បង
មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺពុកឆ្អឹង តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖
• កត្តាតំណពូជ
• អ្នកវ័យចំណាស់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ
• មាឌតូចល្អិត (មានរង្វាស់កម្ពស់ធៀបនឹងទម្ងន់ទាប BMI<១៨)
• ក្រមករដូវ
• កង្វះអ័រម៉ូន អឺស្រ្តូហ្សែន (Estrogen)
• ឆាប់អស់រដូវពេក (មុនអាយុ ៤៥ឆ្នាំ)
• អស់រដូវក្រោយមានជំងឺវះកាត់ក្រពេញអូវែចោល
• ជំងឺមហារីកដែលរាលដាលមកកាន់ឆ្អឹង។

កត្តាប្រឈម
ក្រៅពីមូលហេតុបង្កក៏មាននូវកត្តាប្រឈម និងជំរុញឲ្យកើតជំងឺពុកឆ្អឹងដូចជា៖
• ភាពមិនប៉ះពាល់នឹងពន្លឺព្រះអាទិត្យ
• ពិសាបារី ឬស្រាច្រើន
• ពិសាចំណីអាហារដែលមិនមានជាតិកាល់ស្យូម
• ភាពស្រណុកសុខស្រួលពេក ឬមិនសូវធ្វើចលនា។

លើសពីនេះទៀត បុគ្គលដែលងាយប្រឈមមុខខ្ពស់ទៅនឹងជំងឺពុកឆ្អឹងនេះរួមមាន៖
• អ្នកធ្លាប់មានប្រវត្តិបាក់ឆ្អឹង
• បុគ្គលដែលមានប្រវត្តិគ្រួសារបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង
• ស្រ្តីរាំងរដូវលើសពី ៦ខែ
• បុគ្គលដែលមានជំងឺរុំារ៉ៃដូចជា ជំងឺរលាកពោះវៀនរុំារ៉ៃ ជំងឺរលាកសន្លាក់រុំារ៉ៃ ជំងឺពកក ជំងឺទឹកនោមផ្អែម និងអ្នកជំងឺគ្រាប់ឈាមដែលកំពុងព្យាបាលដោយថ្នាំគីមី
• បុគ្គលដែលព្យាបាល និងប្រើប្រាស់ថ្នាំសរសៃ(Corticosteroids)លើសពី ៣ខែ ប្រើប្រាស់ថ្នាំប្រឆាំងនឹងអាការៈប្រកាច់ (Anticonvulsivante) និងថ្នាំពង្រាវឈាម (Heparine)ជាដើម។

រោគសញ្ញា
ជាទូទៅ ជំងឺពុកឆ្អឹងកម្រនឹងលេចចេញជារោគសញ្ញាសម្គាល់ ឬអាការៈច្បាស់លាស់ណាមួយដែលពិតប្រាកដ។ ភាគច្រើន អាការៈចម្បងគឺការឈឺចាប់ខ្លាំង ហើយត្រឹមអាចលេចឡើងក្រោយពេលបាក់បែកឆ្អឹងតែប៉ុណ្ណោះ។ ដោយឡែក អាការៈដែលបន្ទាប់បន្សំរួមមាន ការឈឺខ្នង ឬចង្កេះរុំារ៉ៃ ប៉ះពាល់ដល់ការធ្វើចលនា និងការងារប្រចាំថ្ងៃ ព្រមទាំងពេលខ្លះមានការថយចុះទាបនៃកម្ពស់រាងកាយ (៤ សង់ទីម៉ែត្រ ឬលើសពីនេះ)។

ការធ្វើរោគវិនិច្ឆ័យ
ជំងឺពុកឆ្អឹង អាចធ្វើរោគវិនិច្ឆ័យបានយ៉ាងងាយស្រួលតាមរយៈការប្រើប្រាស់ម៉ាស៊ីនថ្លឹងឆ្អឹងទំនើប BMD (Bone Mineral Density) ដែលមានស្រាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ យ៉ាងណាមិញពេលខ្លះ គេអាចរកឃើញជំងឺនេះដោយចៃដន្យក្រោយពេលថតកាំរស្មីអុិច និងការថតស្កែនចំពោះអ្នកជំងឺមួយចំនួនផងដែរ។

ការព្យាបាល និងផលវិបាក
ការព្យាបាលជំងឺពុកឆ្អឹងធ្វើឡើងតាមយុទ្ធសាស្រ្តធំៗ៣រួមមាន៖
• ជម្រើសដែលល្អប្រសើរបំផុតគឺគ្រប់អ្នកជំងឺពុកឆ្អឹងគប្បីគួរមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងស្វែងរកមូលហេតុផ្សេងៗដែលបង្កឲ្យមានជំងឺ
• អាចប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលដែលមានដូចជា៖
-  កាល់ស្យូម និងវីតាមីន D3
-  Biphosphonate
-  Denosumab (ចំពោះស្រ្តីក្រោយអស់រដូវ)
• ការព្យាបាលផ្សេងៗទៅតាមមូលហេតុបង្កដូចជា៖
-  ការព្យាបាលជំងឺពកក
-  ជំងឺទឹកនោមផ្អែម
-  ការវះកាត់ក្រោយបាក់បែកឆ្អឹង
-  ការផ្លាស់ប្តូរលំហាត់ប្រាណ។ល។

ជាក់ស្តែង ប្រសិនគ្មានការបង្ការ ឬព្យាបាលនោះ ជំងឺពុកឆ្អឹងអាចវិវឌ្ឍទៅរកសភាពពុកខ្លាំង ពិសេសតួឆ្អឹងងាយស្រួយប្រឈមទៅនឹងការបាក់បែក ហើយជាញឹកញាប់ឆ្អឹងដែលងាយបាក់បែកបំផុតមានដូចជា៖ ឆ្អឹងកភ្លៅ ឆ្អឹងកំភួនដៃ ឆ្អឹងកដៃ ចុងឆ្អឹងផ្នែកខាងលើនៃស្មា ឆ្អឹងត្រគាក ឆ្អឹងជំនីរ និងឆ្អឹងកង (ក ខ្នង និងចង្កេះ) ជាដើម។

វិធីសាស្រ្តការពារ
មានវិធីសាស្រ្តមួយចំនួនដែលអាចអនុវត្តបានសម្រាប់ការពារពីជំងឺពុកឆ្អឹង រួមមាន៖
• ស្រ្តីអស់រដូវ ឬមានអាយុលើស ៥០ឆ្នាំ និងបុរសដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងគួរមកធ្វើតេស្តស្វែងរកមើលជំងឺពុកឆ្អឹងឲ្យបានជាមុន
• ប្រជាពលរដ្ឋគួរអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិនដើម្បីអាចប្រើប្រាស់ថ្នាំបង្ការ
• ថ្នាំបង្ការដែលមានប្រសិទ្ធភាពខ្ពស់នោះគឺកាល់ស្យូមវីតាមីន D3 និងការធ្វើលំហាត់ប្រាណជាដើម។

ការប្រឹក្សាដើម្បីស្វែងរកវត្តមាន និងមូលហេតុបង្កជំងឺពុកឆ្អឹងពីសំណាក់គ្រូពេទ្យជំនាញជាការប្រសើរបំផុតហើយជាពិសេសចំពោះមនុស្សចាស់ និងស្រ្តីក្រោយអស់រដូវ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត គុជ គីមសួរ ឯកទេសជំងឺទូទៅ និងសន្លាក់ឆ្អឹងនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់