១២ គន្លឹះជួយឲ្យក្រចករឹង

ក្រចកជាផ្នែកមួយនៃសម្រស់ដែលស្ត្រីមួយចំនួនបានធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្រចកស្អាតរឹងមាំមិនត្រឹមតែបានបង្ហាញពីភាពស្រស់ស្អាតពីខាងក្រៅនោះទេ វាក៏អាចជាសូចនាករដែលបង្ហាញថាអ្នកមានសុខភាពល្អផងដែរ។ ផ្ទុយមកវិញ ក្រចកដែលងាយប្រេះបែក ផុយស្រួយ អាចជាសញ្ញាណនៃការខ្វះខាតសារធាតុចិញ្ចឹមចាំបាច់សម្រាប់ការលូតលាស់របស់ក្រចក ឬអាចមកពីការធ្វើសកម្មភាពខុសឆ្គងនានាដែលអ្នកមិនបានចាប់អារម្មណ៍។ ខាងក្រោមនេះគឺជាគន្លឹះទាំង ១២ដែលអ្នកអាចអនុវត្ត និងចៀសវាងដើម្បីជួយពង្រឹងក្រចករបស់អ្នកឲ្យបានលឿន៖

១. ប្រើសារធាតុបំប៉នមានជាតិ ប៊ីយ៉ូទីន (Biotin)
ប៊ីយ៉ូទីនត្រូវបានគេស្គាល់ផងដែរថាជាវីតាមីន H និងវីតាមីន B-៧ ដែលមាននាទីជួយដល់ការលូតលាស់របស់ក្រចក ស្បែក សក់ និងមុខងាររបស់ប្រព័ន្ធប្រសាទ។ វាមានលក្ខណៈរលាយក្នុងទឹក ហេតុនេះវាមិនត្រូវបានរក្សាទុកក្នុងរាងកាយនោះទេ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកបានទទួលទានវាជារៀងរាល់ថ្ងៃ។ សារធាតុនេះត្រូវបានរកឃើញក្នុងប្រភេទអាហារដូចជាត្រីសាឌីន ស៊ុតឆ្អិន និងបន្លែ ឬអ្នកអាចទទួលទានវីតាមីនB និងអាហារបំប៉នតែម្តង។ សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់អ្នកមុននឹងទទួលបានអាហារបំប៉នប៊ីយ៉ូទីនដើម្បីធានាថាវាមានសុវត្ថិភាពសម្រាប់អ្នក។

២. រក្សាសំណើម
ការទទួលទានទឹកគ្រប់គ្រាន់មានសារសំខាន់សម្រាប់សុខភាពទាំងមូល ព្រមទាំងសុខភាពក្រចកផងដែរ។ ករណីមិនទទួលទានទឹកគ្រប់គ្រាន់ នោះក្រចកអាចក្លាយទៅជាផុយ ប្រេះ និងរបក។ សូមទទួលទានទឹកឲ្យបានគ្រប់គ្រាន់ដើម្បីអាចជួយក្រចកអ្នកអាចរក្សាបាននូវសំណើម និងភាពរឹងមាំ។

៣. ប្រើឡេការពារក្រចក
បន្ទាប់ពីជូតសម្អាតថ្នាំលាបក្រចក ឬនៅពេលដែលអ្នកគិតថាអ្នកមិនបានផ្តល់សំណើមគ្រប់គ្រាន់អ្នកអាចប្រើប្រាស់ក្រែមលាបប្រអប់ដៃ ដើម្បីផ្តល់សំណើមដល់ស្បែក និងក្រចកអ្នកដោយផ្ទាល់។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះបានគ្រប់ពេលលាងសម្អាតដៃរួចរាល់។

៤. យកចិត្តទុកដាក់ចំពោះរបបអាហាររបស់អ្នក
ត្រូវប្រាកដថាអ្នកទទួលទានប្រភេទអាហារដែលផ្តល់សុខភាពល្អ ចម្រុះ និងប្រភេទវីតាមីនចម្រុះដែលមានជាតិរ៉ែមួយចំនួនបន្ថែមទៀត។ អ្នកដឹងទេអាហារដែលខ្វះវីតាមីន និងសារធាតុរ៉ែសំខាន់ៗអាចប៉ះពាល់ដល់រាងកាយទាំងមូលរបស់អ្នក រួមទាំងក្រចករបស់អ្នកផងដែរ។

៥. ចូរប្រយ័ត្នចំពោះផលិតផលដែលអ្នកប្រើ
ការលាបក្រចក ឬការព្យាបាលភាគច្រើនមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់ដែលអាចធ្វើឲ្យក្រចកទន់ និងងាយខូច។ ទឹកលាងក្រចកដែលមានផ្ទុកសារធាតុអាសេតូនគួរតែត្រូវបានចៀសវាងព្រោះវាអាចធ្វើឲ្យខូចក្រចក។ ដូច្នេះគួរស្វែងរកប្រភេទថ្នាំលាបក្រចក និងទឹកលាងក្រចកណាដែលមិនផ្ទុកសារធាតុអាសេតូន និងសារធាតុដែលប៉ះពាល់ដល់ក្រចក។

៦. ប្រើប្រាស់ផលិតផលលាងសម្អាតដោយប្រុងប្រយ័ត្ន
រាល់ពេលដែលអ្នកជូតផ្ទះ និងធ្វើកិច្ចការផ្ទះ គួរប្រើប្រាស់ស្រោមដៃជ័រ ដើម្បីចៀសវាងការប៉ះផ្ទាល់ជាមួយសារធាតុកាត់ទាំងនោះ ដែលជាហេតុបណ្តាលឲ្យក្រចកពុកផុយ និងស្បែកជុំវិញក្រចកមានបញ្ហា។

៧. សម្រាកពីការលាបថ្នាំក្រចក
ថ្វីបើការលាបថ្នាំក្រចក អាចឲ្យក្រចកអ្នកមើលទៅឃើញស្អាតក៏ដោយ តែក្រចករបស់អ្នកក៏ត្រូវការដកដង្ហើមដែរ។ កាលណាអ្នកលាបវាជាប់ជាប្រចាំ ទោះថ្នាំក្រចកល្អយ៉ាងណា ក៏នៅតែអាចបណ្តាលឲ្យក្រចកអ្នកពុកផុយដែរ។ បន្ទាប់ពីលាបថ្នាំក្រចកជាប់ ១សប្តាហ៍ អ្នកគួរលាងជម្រះវាជាមួយទឹកលាងក្រចកដែលមិនមានផ្ទុកសារធាតុអាសេតូន និងទុកឲ្យក្រចកអ្នកសម្រាកបាន ១សប្តាហ៍សិន មុនលាបថ្នាំក្រចកថ្មី។

៨. ចៀសវាងការចាក់ជែល និងចាក់ Acrylic ប្រសិនបើអាច
ការប្រើប្រាស់វិធីសាស្ត្រទាំងពីរនេះញឹកញាប់អាចបណ្តាលឲ្យក្រចករបស់អ្នករបក ស្តើង ទន់ និងខ្សោយ។ ម្យ៉ាងការប៉ះទៅនឹងកាំរស្មីយូវីចំពោះវិធីចាក់ជែលអាចមានទំនាក់ទំនងទៅនឹងការកើតជំងឺមហារីក បើទោះបីជាកម្រិតនៃកាំរស្មីនេះទាបជាងកាំរស្មីដែលមកពីឧបករណ៍បញ្ចាំងយូវីឲ្យស្បែកពណ៌ទង់ដែងក៏ដោយ ហើយកាំរស្មីនេះអាចបណ្តាលឲ្យស្បែកដែលនៅការពារក្រចកខូចខាតទៀតផង។  ហេតុនេះអ្នកមិនគួរពាក់ជែល និងAcrylic ជាប់រាល់ថ្ងៃ ឬញឹកញាប់ពេកនោះឡើយ។

៩. កុំទុកក្រចកវែងពេក
ក្រចកវែងអាចងាយបែកបាក់ និងងាយប៉ះជាមួយវត្ថុផ្សេងទៀតណាស់ខណៈពេលដែលក្រចកខ្លីមិនងាយទទួលភាពប៉ះទង្គិច មិនងាយរហែក ឬបែកបាក់ដោយសារវត្ថុខាងក្រៅឡើយ ហេតុនេះក្រចកខ្លីល្មមអាចឲ្យវាលូតលាស់បានរឹងមាំល្អជាងក្រចកវែង។

១០. ចៀសវាងប្រើក្រចកធ្វើការងារ
តើអ្នកជាមនុស្សដែលមានទម្លាប់យកក្រចកដៃឆ្កឹះ ឬគាស់របស់អ្វីមួយមែនទេ? ចូរបញ្ឈប់ការធ្វើបែបនេះចាប់ពីពេលនេះ ប្រសិនបើអ្នកចង់បានក្រចករឹងមាំ! ដោយហេតុថា ប្រសិនបើអ្នកនៅតែបន្តធ្វើបែបនេះ ក្រចកអ្នកនឹងប្រេះ រេចរឹល និងទន់។

១១. ចៀសវាងផលិតផលធ្វើឲ្យស្ងួតក្រចក
ប្រសិនបើអ្នកប្រើទឹកសម្អាតដៃដែលមានជាតិអាល់កុល សូមព្យាយាមកុំឲ្យវាប៉ះក្រចករបស់អ្នក ឬប៉ះច្រើនដងពេក។  ការប្រើទឹកសម្អាតដៃជាប្រចាំអាចបង្កជាបញ្ហាចំពោះក្រចក ដោយសារតែវាបណ្តាលឲ្យក្រចកស្ងួត និងងាយប្រេះ។

១២. បន្ថយការប៉ះទឹកដោយផ្ទាល់
ការប៉ះទឹកច្រើនពេកអាចធ្វើឲ្យក្រចករបស់អ្នកទន់ខ្សោយ និងផុយដូចគ្នា។ អ្នកអាចពាក់ស្រោមដៃរាល់ពេលលាងចាន បោកសម្លៀកបំពាក់ជាដើម។

ប្រសិនបើអ្នកបានព្យាយាមធ្វើរឿងជាច្រើនអស់រយៈពេលច្រើនសប្តាហ៍ ប៉ុន្តែមិនបានកត់សម្គាល់ឃើញការផ្លាស់ប្តូរណាមួយនោះទេ សូមអ្នកអញ្ជើញទៅជួបគ្រូពេទ្យជំនាញខាងស្បែក។ ពួកគាត់អាចមើលអំពីស្ថានភាពក្រចករបស់អ្នក ហើយសាកសួរអ្នកអំពីទម្លាប់ និងសុខភាពទូទៅដើម្បីកំណត់ច្បាស់អំពីមូលហេតុពិតប្រាកដ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់