ប្លាកែតធ្លាក់ចុះជាមូលហេតុចម្បងនៃជំងឺឈាមរាវ

ការហូរឈាមមិនធម្មតា ដោយគ្មានមូលហេតុជាក់លាក់ណាមួយ អាចជាប់ពាក់ព័ន្ធនឹងដំណើរការមិនប្រក្រតីនៃមុខងាររបស់កោសិកាឈាមនៅក្នុងរាងកាយ ដែលមួយក្នុងចំណោមនោះ ជំងឺឈាមរាវ ក៏អាចត្រូវបានរាប់បញ្ចូល និងជាជំងឺធ្ងន់ធ្ងរផងដែរ។

ជំងឺឈាមរាវ
ជំងឺឈាមរាវដោយកង្វះគ្រាប់ឈាមប្លាកែត ឬពាក្យបច្ចេកទេសហៅថា Thrombocytopenia ជាស្ថានភាពដែលអ្នកជំងឺមានចំនួនកោសិកាប្លាកែតក្នុងឈាមតិចជាងធម្មតា ដោយជាទូទៅ ចំនួនប្លាកែតត្រូវមានចំនួនចន្លោះពី ១៥០ ទៅ៤៥០ពាន់/១មិល្លីលីត្រឈាម។ ជាទូទៅ ប្លាកែត ជាកោសិកាឈាមដែលមានតួនាទីធ្វើឲ្យឈាមមានកំណកប្រក្រតី និងសរសៃឈាមមាំល្អ មិនជ្រាបឈាម។ ជាក់ស្តែង គ្រាប់ឈាមប្លាកែតក៏ដូចជាគ្រាប់ឈាមស និងឈាមក្រហមដែរដោយពួកវាត្រូវបានបង្កើតចេញពីក្រុមកោសិកាពូជផលិតឈាម (Hematopoietic Stem Cells) ដែលស្ថិតនៅក្នុងខួរក្រហមរបស់ឆ្អឹង (Bone Marrow) មនុស្សយើង។ ករណីចំនួនប្លាកែតថយចុះ វានឹងធ្វើឲ្យមានវិបត្តិកំណកឈាមគឺ ងាយជ្រាបឈាមចេញពីសរសៃឈាម ឬហូរឈាមឥតឈប់។

មូលហេតុបណ្តាលឲ្យថយចុះចំនួនប្លាកែត
ដោយសារជំងឺឈាមរាវមានមូលហេតុជាចម្បងដោយសារកង្វះគ្រាប់ឈាមប្លាកែត ហើយការធ្លាក់ចុះនេះអាចបណ្តាលមកពី៖
- វិបត្តិខួរឆ្អឹងក្រហម ឬការផលិតប្លាកែតថយចុះដូចជាករណី៖ ជំងឺខូចខួរឆ្អឹងក្រហម ជំងឺមហារីកឈាម(Leukemia) ការពុលខួរឆ្អឹងក្រហមដោយការចម្លងដោយវីរុស (រលាកថ្លើម សេ ឬមេរោគអេដស៍) ឬពុលដោយការប្រើប្រាស់ថ្នាំគីមី និងសារធាតុអាល់កុលក្នុងកម្រិតខ្ពស់ជាដើម
- ប្លាកែតត្រូវបានបំផ្លាញនៅក្នុងឈាមដោយ៖ ជំងឺបណ្តាលមកពីប្រព័ន្ធភាពស៊ាំ (ITP, TTP, HUS) ឬមកពីឱសថមួយចំនួនរួមមាន Heparin, Quinine, Sulfa-containing Antibiotics និងAnticonvulsants។ល។

រោគសញ្ញា
អ្នកជំងឺពុំទាន់ស្តែងចេញជារោគសញ្ញានោះទេ ប្រសិនចំនួនប្លាកែតនៅលើសពី ៥០ពាន់/១មិល្លីលីត្រឈាម។ នៅពេលចំនួនប្លាកែតទាបខ្លាំងក្នុងកម្រិត <៥០ពាន់/១មិល្លីលីត្រឈាម វាអាចបង្កឲ្យមាន៖
- ហូរឈាមក្រោមស្បែក
- ស្នាមក្រហមជាំឈាម (purpura, petechiae)
- ឈាមអញ្ចាញធ្មេញ
- ឈាមក្នុងមាត់ ឬឈាមច្រមុះ។ល។
ជួនកាលអាចស្តែងចេញមាន ទឹកនោមឈាម ឬហូរឈាមតាមពោះវៀន លាមកខ្មៅ ធ្លាក់ឈាមរដូវច្រើន និងយូរខុសធម្មតា ឬមានការហូរឈាមក្នុងខួរក្បាល ដែលពេលខ្លះ ការហូរឈាមអាចមានសភាពធ្ងន់ធ្ងរខ្លាំង និងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។

ការធ្វើរោគវិនិច្ឆ័យ
ប្រសិនអ្នកជំងឺត្រូវបានសង្ស័យថាមានជំងឺឈាមរាវនោះការធ្វើតេស្តដើម្បីរកវត្តមាននៃជំងឺនឹងត្រូវបានធ្វើឡើងរួមមាន៖
- ធ្វើតេស្តឈាមដើម្បីមើលមុខងារកំណកឈាមដទៃទៀត (Coagulation tests) និងវិភាគរាប់ប្លាកែតដោយមីក្រូទស្សន៍ដោយសង្កេតមើលពីចំនួន រូបរាង និងសុខភាពរបស់គ្រាប់ឈាមប្លាកែត
- ធ្វើតេស្តខួរឆ្អឹងក្រហម ដើម្បីសិក្សាលម្អិតលើកោសិកាដើមរបស់ឈាមទាំងអស់នៅក្នុងខួរឆ្អឹង (Bone marrow analysis)។

ការព្យាបាល
ការព្យាបាលមានច្រើនប្រភេទដូចជាការបញ្ចូលគ្រាប់ឈាមប្លាកែត ឬប្រើថ្នាំព្យាបាលផ្សេងៗ អាស្រ័យទៅលើមូលហេតុពិតប្រាកដណាមួយ ដែលបង្កឲ្យកង្វះគ្រាប់ឈាមប្លាកែតនេះ។

គួរបញ្ជាក់ថា បុគ្គលគ្រប់រូបគួររួសរាន់ទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺឈាម ដើម្បីវិភាគរកមូលហេតុ និងព្យាបាលឲ្យបានទាន់ពេលក្នុងករណី៖
- មានជាំឈាមលើស្បែកខុសប្រក្រតី ហូរឈាមច្រមុះ ឈាមអញ្ចាញធ្មេញ ឈាមក្នុងមាត់ លាមកខ្មៅ នោមឈាម ឬមានអាការៈស្លេកស្លាំង ឬធ្វើតេស្តឈាមបង្ហាញថាចំនួនប្លាកែតមិនប្រក្រតី។ល។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ផេង បូរ៉ា ឯកទេសព្យាបាលជំងឺគ្រាប់ឈាម និងជំងឺមហារីកប្រចាំមន្ទីរពេទ្យកាល់ម៉ែត

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់

profile.png
ភ័ក្រ្ត រស្មី 2 ខែ មុន

តើប្លាកែត នឹងគ្រាប់ ឈាមសំពែត ដូចគ្នាដែរឬទេ? តើប្លាកែតមានតួុនាទីអ្វីខ្លះ?