សញ្ញាណនៃក្អកស្លេស្មដែលអ្នកគួរបារម្ភ

នៅរាល់ពេលសកម្មភាពផ្លូវដង្ហើមត្រូវទទួលរងការរំខាន រាងកាយរបស់យើងម្នាក់ៗមានសមត្ថភាពធ្វើការឆ្លើយតបទៅវិញ ដោយអ្នកអាចសង្កេតឃើញស្តែងមានឡើងតាមរយៈការក្អក។

ក្អក ត្រូវបានគេចែកចេញជា ២ប្រភេទ គឺក្អកស្លេស្ម និងក្អកស្ងួត ដែលប្រភេទក្អកទាំងពីរប្រភេទនេះបណ្តាលមកពីរេផ្លិចដោយស្វ័យប្រវត្តិនៃប្រព័ន្ធដង្ហើមក្នុងការរុញច្រានសារធាតុពីខាងក្រៅចេញដើម្បីបញ្ចៀសការបង្ករោគផ្សេងៗ។ យ៉ាងណាក៏ដោយមូលហេតុបង្ក និងលក្ខខណ្ឌដែលគួរឲ្យព្រួយបារម្ភនៃប្រភេទក្អកទាំងពីរមានលក្ខណៈសម្គាល់ផ្សេងៗគ្នា។ អត្ថបទលេខមុន ហេលស៍ថាម ប្រូ បានបង្ហាញរួចមកហើយអំពីសញ្ញាណដែលអ្នកគួរយកចិត្តទុកដាក់ និងការណែនាំពីវិធីព្យាបាលមួយចំនួនចំពោះអាការៈក្អកស្ងួត ហើយលេខនេះ អ្នកអានទាំងអស់នឹងអាចបន្តការស្វែងយល់អំពីអាការៈ ក្អកស្លេស្ម វិញម្តង។

អ្វីជាក្អកស្លេស្ម?
ស្លេស្មជាការដាច់ចេញនៃភ្នាសសើម (Mucus) ដែលបានផលិតនៅក្នុងសួត និងផ្លូវដង្ហើមដែលនៅជិតៗនោះ។ ប្រភេទនៃភ្នាសសើមនេះមានតួនាទីក្នុងការការពារមេរោគ និងសារធាតុផ្សេងទៀតដែលបានចូលទៅក្នុងផ្លូវដង្ហើម និងសួត ដោយធ្វើឲ្យសារធាតុរំខានទាំងនោះស្អិតជាប់ និងត្រូវបានបញ្ចេញតាមរយៈការក្អកមកខាងក្រៅវិញ។

មូលហេតុបង្ក
ភាគច្រើនក្អកស្លេស្ម បណ្តាលមកពីការបង្ករោគដោយសារបាក់តេរី ឬមេរោគ ការច្រាលទឹកអាស៊ីតក្រពះ ឬបញ្ហាអាល្លែកហ្ស៊ីនានាដែលខុសប្លែកពីមូលហេតុរបស់ក្អកស្ងួត។ ជាក់ស្តែង ប្រសិនបើអ្នកនៅតែបន្តក្អកក្នុងរយៈពេល ២ទៅ៣សប្តាហ៍ដោយមិនបានធូរស្រាល ឬកាន់តែធ្ងន់ធ្ងរនោះមូលហេតុបង្កអាចមានដូចជា៖
- ជំងឺរលាកទងសួត៖ ក្នុងករណីស្រួចស្រាវ ការរលាកនេះអាចបណ្តាលមកពីពពួកបាក់តេរី ឬមេរោគ ប៉ុន្តែក្នុងករណីរ៉ាំរ៉ៃគឺអាចបណ្តាលមកពីការជក់បារី។ ស្លេស្មប្រភេទនេះអាចបញ្ចេញមកមានពណ៌លឿង ប្រផេះ ឬពណ៌បៃតង
- ជំងឺរលាកសួត៖ ជាការបង្ករោគនៅក្នុងសួតដោយពពួកបាក់តេរី មេរោគ ឬផ្សិត ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ស្លេស្ម ក្នុងការរលាកប្រភេទនេះអាចមានពណ៌លឿង បៃតង ត្នោត ឬមានលាយឡំទៅដោយឈាមទៀតផង
- COPD ( Chronic Obstructive Pneumonia Disease)៖ ជាបណ្តុំនៃលក្ខខណ្ធដែលស្តែងឡើងជាការខូចខាតទាំងសរីរាង្គសួត និងទងសួតដែលភាគច្រើនមូលហេតុនៃជំងឺនេះគឺបណ្តាលមកពីការជក់បារី
- Cystic Fibrosis៖ ជាប្រភេទជំងឺតំណពូជដែលបណ្តាលមកពីមានការខូចខាតហ្សែន ដោយសភាពផ្លូវដង្ហើមប្រែជារួមតូច ហើយត្រូវបានរាំងខ្ទប់ដោយសារស្លេស្ម ដែលជាហេតុបណ្តាលឲ្យរឹតតែពិបាកក្នុងការដកដង្ហើម។ ម៉្យាងស្លេស្មដែលឡើងក្រាស់នេះបានក្លាយជាលក្ខខណ្ឌដ៏អំណោយផលសម្រាប់ការលូតលាស់របស់បាក់តេរីទៀតផង
- ជំងឺហឺត៖ អ្នកជំងឺដែលមានបញ្ហាហឺត តែងមានផ្លូវដង្ហើមដែលងាយទទួលរងប្រតិកម្មជាមួយសារធាតុដែលអាចបង្កឲ្យមានអាល្លែកហ្ស៊ី សារធាតុពុលពីបរិស្ថាន ឬការបង្ករោគនៅផ្លូវដង្ហើម។ ភាពងាយប្រតិកម្មនេះបណ្តាលឲ្យផ្លូវដង្ហើមទៅជារលាក ព្រមទាំងបង្កើតនូវស្លេស្មយ៉ាងច្រើន
- ជំងឺរបេង៖ ជាជំងឺផ្លូវដង្ហើមដែលបង្កមកពីមេរោគឈ្មោះ មីកូបាក់តេរ៉ូម (Mycobacterium)។ សញ្ញាណនៃជំងឺនេះមានដូចជា ក្អកស្លេស្មរ៉ាំរ៉ៃពណ៌បៃតង ឬមានឈាម ស្រកទម្ងន់ ក្តៅខ្លួន រងាញាក់ និងបែកញើសពេលយប់ជាដើម។

ករណីប្រញាប់ស្វែងរកការព្យាបាល
អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យឯកទេសប្រព័ន្ធផ្លូវដង្ហើមជាបន្ទាន់ក្នុងករណីដែល៖
- អាការៈ ក្អក កើតមានឡើងលើសពី ២ទៅ៣សប្តាហ៍
- ការព្យាបាលបែបធម្មជាតិ និងការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា (OTC Drugs) មិនមានប្រសិទ្ធភាព
- ក្តៅខ្លួនលើសពី ៣៨°C
- សង្ស័យមានសញ្ញានៃជំងឺរបេង
- ក្អកមានឈាម ស្លេស្មពណ៌បៃតង លឿង ប្រផេះ
- ពិបាកក្នុងការដកដង្ហើម ដកដង្ហើមញាប់ ឈឺទ្រូង វិលមុខ ឬសន្លប់ជាដើម។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់