គីសទឹកក្នុងដៃស្បូនកាន់តែធំអាចប៉ះពាល់ដល់អ្វី?

មានមូលហេតុផ្សេងៗគ្នាជាច្រើនដែលអាចបង្កឲ្យមានគីសទឹកក្នុងដៃស្បូនចំណែកឯរោគសញ្ញាក៏អាចប្រែប្រួលអាស្រ័យទៅតាមបុគ្គលម្នាក់ៗ។ ជាក់ស្តែង ស្ត្រីមួយចំនួនមិនមានបង្ហាញជារោគសញ្ញាអ្វីទាល់តែសោះ ខណៈពេលដែលស្ថានភាពរបស់ស្ត្រីមួយចំនួនទៀតបែរជាវិវឌ្ឍធ្ងន់ធ្ងរឡើងៗជាលទ្ធផលវាអាចប៉ះពាល់ដល់មុខងារ និងសុខភាពរបស់ស្រ្តី តួយ៉ាងដូចទៅនឹងករណីខាងក្រោម៖

សំណួរ៖ ប្រពន្ធរបស់ខ្ញុំអាយុ ២៦ឆ្នាំ ភេទស្រី កម្ពស់ ១ម៉ែត្រ៦០ ទម្ងន់៥៥គីឡូក្រាម មុខរបរអាជីវករ។ គាត់មានគីសទឹកក្នុងដៃស្បូនផ្នែកខាងឆ្វេងដោយបញ្ហានេះកើតឡើងអស់រយៈពេលប្រហែល ២ឆ្នាំមកហើយ។ ដោយឡែក ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ខ្ញុំបានជូនគាត់ទៅពិនិត្យនៅគ្រប់មន្ទីរពេទ្យទាំងអស់មិនថា មន្ទីរពេទ្យស្រុកខ្មែរ ឬមន្ទីរពេទ្យស្រុកថៃ ដោយលទ្ធផលថាមិនអីទេ តែមកដល់ពេនេះគីសនោះកាន់តែរីកធំជាងមុន ហើយគាត់មានអាការៈឈឺចាប់ទៀតផង។ តើបញ្ហានេះអាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរដែរឬទេ? ហើយតើយើងត្រូវធ្វើយ៉ាងដូចម្តេច?

ចម្លើយ៖ បំពង់ដៃស្បូនលាតសន្ធឹងចាប់ពីតួស្បូនផ្នែកខាងឆ្វេង និងខាងស្តាំ (បែកចេញទាំងសងខាងនៃតួដៃស្បូន)។ ប្រសិនបើបំពង់នេះត្រូវបានរារាំង ឬមានការបង្ករោគ នោះហានិភ័យនៃការអត់កូនប្រហែលជានឹងអាចកើតមានឡើង។ គីសទឹកនៅក្នុងបំពង់ដៃស្បូនត្រូវបានគេហៅថា Hydrosalpinx។ វិធីសាស្ត្រព្យាបាលអាស្រ័យទៅតាមគម្រោងនៃការចង់មានកូន និងតម្រូវឲ្យមានការពិភាក្សាជាមួយគ្រូពេទ្យផងដែរ។ ការវះកាត់គឺជាវិធីសាស្រ្តព្យាបាលដ៏ពេញនិយមចំពោះបញ្ហានេះ។ ភាគច្រើននៃការព្យាបាលទាំងនោះ បំពង់ដៃស្បូននឹងត្រូវបានវះកាត់ចោលទាំងស្រុងតែម្តង។ អាស្រ័យទៅតាមមូលហេតុចម្បងនៃជំងឺនេះ ការវះកាត់ប្រហែលជាត្រូវជាប់ទាក់ទងនឹងការកាត់ចោលនូវជាលិកាភ្ជាប់ ជាលិកាសន្លាក់ និងការរីកលូតលាស់នៃជាលិកាអេពីតេល្យូមជាដើម។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្ត្រី Woman and Baby’s Center Anna

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់