វិធីសាស្ត្រ ៥យ៉ាងនាំឲ្យអស់កង្វល់ពីបញ្ហាសង្វារថ្មីៗ

សង្វារ ជាប្រភេទស្នាមដែលមាននៅលើស្បែក បង្កមកពីការរីកធំលឿនពេកនៃរាងកាយ សង្កេតឃើញមានទាំងបុរស និងស្រ្តី តែភាគច្រើនកើតលើស្រ្តី ដែលមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំប្រភេទប្រឆាំងរលាក (Corticosteroid) ច្រើន ការវះកាត់ពង្រីកដើមទ្រូង  ស្រកទម្ងន់ ឬឡើងទម្ងន់លឿនពេកជាដើម។

បើទោះបីជា ស្នាមទាំងនេះមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរាងកាយ ប៉ុន្តែវាក៏បានចូលរួមចំណែកធ្វើឲ្យស្បែកបាត់បង់ភាពស្រស់ស្អាត និងបង្អាក់ទំនុកចិត្តក្នុងការបង្ហាញសម្រស់របស់អ្នកទៀតផង។ យ៉ាងណាមិញ ប្រសិនបើសង្វារនោះទើបនឹងកើតថ្មីៗ អ្នកអាចព្យាយាមអនុវត្តជាមួយវិធីសាស្រ្តមួយចំនួនដែលនឹងរៀបរាប់ខាងក្រោម៖

១ វីតាមីន អា
វីតាមីន អា ឬរេទីណូអុីត ជាសារធាតុមួយប្រភេទដែលជួយធ្វើឲ្យស្បែកកាន់តែរលោង ក្មេងជាងវ័យ និងត្រូវបានទទួលស្គាល់ពីប្រសិទ្ធភាពនៃការបំបាត់ស្នាមសង្វារ បើយោងតាមរយៈការសិក្សាឆ្នាំ ១៩៩៦។ អ្នកអាចប្រើជាប្រភេទលាប ឬលេប ដើម្បីជំនួយដល់សុខភាពស្បែក និងសភាពទូទៅនៃរាងកាយទាំងមូលម៉្យាងទៀត អ្នកក៏អាចបរិភោគអាហារដែលសម្បូរទៅដោយវីតាមីន អា ដែលមានដូចជាការ៉ុត និងដំឡូងបារាំងជាដើម។

២ ស្ករស
អ្នកឯកទេសផ្នែកសើស្បែកបានបង្ហាញថា ការជម្រុះកោសិកាស្បែក (Microdermabrasion) ជាវិធីសាស្រ្តមួយប្រភេទដែលមានសមត្ថភាពក្នុងការជួយសម្រាលនូវស្លាកស្នាមសង្វារ ជាពិសេសការជម្រុះតាមបែបធម្មជាតិ ដែលអ្នកអាចជ្រើសរើសស្ករសសម្រាប់អនុវត្តវិធីសាស្រ្តនេះបាន។ អ្នកអាចចាប់ផ្តើមដោយលាយស្ករសចំនួន ១កែវ ជាមួយប្រេងធម្មជាតិបន្ទន់ស្បែក (អាចជាប្រេងដូង) ក្នុងកម្រិត ១/៤ និងក្រូចឆ្មារបន្តិចឲ្យក្លាយជាល្បាយខាប់ៗ រួចទើបយកមកដុសត្រង់ទីតាំងដែលមានស្នាមរយៈពេល ៥ ទៅ៨នាទី ដោយអ្នកអាចអនុវត្តប្រហែល ៣ ទៅ៤ដងក្នុង ១សប្តាហ៍។ 

៣ ប្រទាលកន្ទុយក្រពើ
ថ្វីត្បិតតែមានការសិក្សាតិចតួចដែលបានអះអាងអំពីប្រសិទ្ធភាពរបស់ប្រទាលកន្ទុយក្រពើចំពោះស្នាមសង្វារក៏ដោយ ប៉ុន្តែលក្ខណៈផ្តល់សំណើម និងបន្ទន់ស្បែករបស់វា អាចជាគ្រឿងផ្សំធម្មជាតិដ៏ល្អមួយដើម្បីកម្ចាត់ចោលស្នាមសង្វារក្នុងរយៈពេលណាមួយដោយអ្នកអាចយកប្រទាលមកលាបត្រង់ស្នាមសង្វារទាំងនោះ រាល់ពេលងូតទឹក ឬបន្ទាប់ពីជម្រុះកោសិការួចរាល់។

៤ អាស៊ីតយ៉ាឡូរ៉ូនិច
កូឡាជែន គឺជាប្រូតេអុីននៅក្នុងស្បែកដែលមាននាទីរក្សាទ្រង់ទ្រាយ និងផ្តល់សុខភាពដល់ស្បែក។ នៅពេលដែលវ័យកាន់តែចាស់ បរិមាណកូឡាជែននឹងថយចុះជាលំដាប់ ជាពិសេសនៅលើមុខ និងស្បែករាងកាយរបស់យើង។ ចំណែកការផលិតកូឡាជែន ត្រូវបានរំញោចដោយអាស៊ីតយ៉ាឡូរ៉ូនិច ហេតុនេះទើបអាស៊ីតប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់សម្រួលទៅដល់ស្លាកស្នាមសង្វារដែលមានឡើង។ អ្នកអាចរកទិញអាស៊ីតយ៉ាឡូរ៉ូនិចនេះបានក្រោមទម្រង់ជាគ្រាប់លេប ឬលាបនៅលើទីផ្សារបានយ៉ាងងាយ។
 
៥ ប្រេងដូង

ដោយហេតុថា សង្វារជាប្រភេទស្នាមដែលកើតចេញពីការខូចខាតស្បែក ហេតុនេះប្រេងដូងប្រហែលជាអាចជួយសម្រាលសភាពស្នាមបានយ៉ាងលឿន។ ការសិក្សាទៅលើសត្វកណ្តុរបានបង្ហាញថា ប្រេងដូងមានប្រសិទ្ធភាពក្នុងការពន្លឿនការជាសះនៃរបួស ដូច្នេះការលាបប្រេងដូងសុទ្ធត្រង់ស្នាមសង្វាររបស់អ្នកជារៀងរាល់ថ្ងៃ នោះវានឹងអាចបន្ថយកម្រិតស្នាមក្រហមរបស់ស្បែកបានយ៉ាងល្អ។ 

គួរបញ្ជាក់ថាប្រសិនអ្នកមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយខាងលើគួរចៀសវាងអនុវត្តជាដាច់ខាត ម៉្យាងទៀតក្នុងករណីការអនុវត្តវិធីសាស្រ្តនានាកន្លងមកមិនទទួលបានប្រសិទ្ធភាព អ្នកអាចជួបជាមួយគ្រូពេទ្យឯកទេសសើស្បែកដើម្បីទទួលការប្រឹក្សា និងព្យាបាលបែបវេជ្ជសាស្ត្រទំនើបៗដែលត្រឹមត្រូវទៅតាមប្រភេទស្នាមនីមួយៗ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់