ប្រសិទ្ធភាពនៃ Folic Acid និង DHAចំពោះស្រ្តីមានផ្ទៃពោះ

តម្រូវការឱសថបំប៉នពពួកវីតាមីន និងជាតិរ៉ែ ហាក់មានការកើនឡើងចំពោះស្រ្តីដែលកំពុងពពោះ ដែលក្នុងនោះប្រភេទឱសថបំប៉នដែលរួមបញ្ចូលដោយFolic Acid និងDHA ត្រូវបានប្រើប្រាស់ជាចម្បងក្នុងពេលបច្ចុប្បន្នសម្រាប់ការលូតលាស់ជាពិសេសរបស់ទារក។

លក្ខណៈឱសថបំប៉ន
សារធាតុសកម្ម Folic Acid ជាទម្រង់មួយដែលសំយោគចេញពីវីតាមីន បេ មានលក្ខណៈរលាយក្នុងទឹក ជាមួយមុខងារសំខាន់ក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហមរបស់ទារកសម្រាប់ចាប់ផ្តើមអភិវឌ្ឍផ្នែកប្រព័ន្ធសរសៃប្រសាទ។ ជាក់ស្តែង ពពួកវីតាមីន បេនេះអាចមានវត្តមាននៅក្នុងអាហារប្រចាំថ្ងៃ ដូចជា បន្លែពណ៌បៃតងចាស់ ផ្លែឈើដែលមានរសជាតិជូរ និងប្រភេទផលិតផលធញ្ញជាតិជាដើម។ ចំណែកសារធាតុសកម្មមួយទៀតដែលមានឈ្មោះ Docosahexaenoic Acid (DHA) គឺជាប្រភេទខ្លាញ់អូមេហ្គា ៣ ដែលសម្បូរទៅដោយអត្ថប្រយោជន៍មិនសម្រាប់តែការប្រើប្រាស់ទូទៅ តែក៏ត្រូវបានទទួលស្គាល់ជាជំនួយដល់ការពពោះចាប់តាំងពីខែដំបូងផងដែរ។ ក្រៅពីសារធាតុចាំបាច់ខាងលើ ឱសថបំប៉នប្រភេទនេះក៏មាននូវការរួមផ្សំនូវវីតាមីន និងសារធាតុរ៉ែផ្សេងទៀត ដែលខុសគ្នាទៅតាមផលិតផលនីមួយៗដើម្បីជាការបំពេញតម្រូវការបន្ថែមក្នុងអំឡុងពេលមានផ្ទៃពោះ។

សកម្មភាពឱសថបំប៉ន
ឱសថបំប៉នប្រភេទនេះមានប្រសិទ្ធភាពអាស្រ័យទៅនឹងសកម្មភាពរបស់សារធាតុសកម្មនីមួយៗរួមមាន៖
- Folic Acid មានតួនាទីជាចម្បងសម្រាប់គាំទ្រការលូតលាស់ខួរក្បាលរបស់ទារក និងការចងភ្ជាប់នៃសរសៃប្រសាទបង្កើតឲ្យបានជាឆ្អឹងខ្នងដែលជាផ្នែកដំបូងបង្អស់នៃប្រព័ន្ធសរសៃប្រសាទកណ្តាល។ ជាក់ស្តែង ការលូតលាស់ឆ្អឹងខ្នងរបស់ទារកចាប់ផ្តើមនៅចន្លោះ ១៤ និង ២៨ថ្ងៃនៃការពពោះ
- DHA មានមុខងារមួយចំនួនក្នុងការធានាឲ្យការពពោះមានសុខភាពល្អ។ ជាក់ស្តែង ការកើនឡើងកម្រិត DHA អាចធ្វើឲ្យការពពោះដំណើរការបានល្អ សម្របសម្រួលទម្ងន់របស់ទារក និងកាត់បន្ថយហានិភ័យនៃការសម្រាលកូនមុនខែ។ DHA ត្រូវបានទទួលស្គាល់មិនត្រឹមតែអាចសម្រួលទៅដល់ការលូតលាស់ខួរក្បាលទារកនោះទេ វាក៏រួមចំណែកជាជំនួយនៃសមត្ថភាពនៃការគិត គំហើញ និងការធ្វើចលនារបស់ទារកផងដែរ។

កម្រិត និងរបៀបប្រើប្រាស់
ការប្រើប្រាស់ជាទូទៅគឺអាចម្តង ១ ទៅ ២គ្រាប់ក្នុងមួយថ្ងៃដែលប្រែប្រួលអាស្រ័យទៅតាមការណែនាំរបស់គ្រូពេទ្យជំនាញ ចំណែកឱសថក្នុងទម្រង់ជាគ្រាប់ទំពារ ការប្រើប្រាស់គឺត្រូវទំពារឲ្យម៉ត់ល្អមុនពេលលេប។ ដើម្បីទទួលបានប្រសិទ្ធភាពពីឱសថ អ្នកត្រូវប្រើប្រាស់ឲ្យបានទៀងទាត់ និងចៀសវាងលេបហួសកម្រិតពីការណែនាំ។ ជាទូទៅ ការប្រើប្រាស់ឱសថបំប៉នខាងលើអាចចាប់ផ្តើមតាំងពីការពពោះនៅខែដំបូង ពីព្រោះវាជារយៈពេលលូតលាស់នៃឆ្អឹងខ្នងរបស់ទារក ចំណែកការប្រើប្រាស់បន្តអាចប្រែប្រួលទៅតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ។

ផលរំខាន
រោគសញ្ញាជាផលរំខាននៃឱសថបំប៉ននេះអាចមានដូចជា ទល់លាមក រាក ឬវិបត្តិក្រពះផ្សេងៗ ដែលអាចកើតមានជាបណ្តោះអាសន្ន និងបាត់ទៅវិញនៅពេលរាងកាយអាចទទួលយកសារធាតុនៅក្នុងឱសថ។ យ៉ាងណាមិញ ក្នុងករណីអាការៈខាងលើបន្តមានជាប់លាប់ នោះត្រូវទាមទាររាយការណ៍ទៅកាន់គ្រូពេទ្យ ឬឱសថការី។ ចំណែកប្រតិកម្មអាល្លែកហ្ស៊ីបណ្តាលមកពីឱសថ អាចមានភាពកម្រ តែអ្នកត្រូវសង្កេតមើលផងដែរប្រសិនមានរោគសញ្ញាដូចជា កន្ទួលរមាស់ ហើម (នៅមុខ អណ្តាត ឬបំពង់ក)អាការៈធីងធោងធ្ងន់ធ្ងរ និងពិបាកដកដង្ហើមជាដើម។

បម្រុងប្រយ័ត្ន
ដោយហេតុថាការប្រើប្រាស់ឱសថបំប៉ននេះអាចនៅមានកម្រិត និងទាមទារឲ្យមានការប្រុងប្រយ័ត្នក្នុងលក្ខខណ្ឌណាមួយតួយ៉ាង៖
- ហាមប្រើប្រាស់ក្នុងករណីអ្នកមានប្រតិកម្មជាមួយសារធាតុសកម្មនៅក្នុងឱសថ
- ប្រាប់ទៅកាន់គ្រូពេទ្យ ឬឱសថការី ប្រសិនអ្នកកំពុងប្រើប្រាស់ឱសថផ្សេងទៀត ឬកំពុងទទួលការព្យាបាលជំងឺដូចជាជំងឺពាក់ព័ន្ធនឹងវិបត្តិឈាម បញ្ហាតម្រងនោម ថ្លើម ឬក្រពះ ពោះវៀនជាដើម។

អន្តរកម្មឱសថ
អន្តរកម្មរវាងឱសថអាចនឹងកើតមានឡើង ដែលធ្វើឲ្យផលរំខានកាន់តែមានឥទ្ធិពលខ្លាំង ដូច្នេះអ្នកគួរ៖
- ប្រាប់ទៅកាន់វេជ្ជបណ្ឌិត ប្រសិនអ្នកកំពុងប្រើប្រាស់ឱសថសម្រាប់ព្យាបាលជំងឺផ្សេង
- ចៀសវាងប្រើប្រាស់វីតាមីន ឬឱសថបំប៉នដទៃទៀតក្នុងពេលតែមួយដោយមិនបានទទួលការណែនាំពីគ្រូពេទ្យ
- ស្តាប់ការណែនាំពីវេជ្ជបណ្ឌិត សម្រាប់រយៈពេលនិងកម្រិតក្នុងការប្រើប្រាស់
- ចៀសវាងប្រើប្រាស់ក្នុងពេលតែមួយជាមួយ ឱសថប្រឆាំងការប្រកាច់ដូចជា Phenytoin ជាដើម។

គួរបញ្ជាក់ផងដែរ ឱសថបំប៉នប្រភេទនេះអាចរកបាននៅលើទីផ្សារមានឈ្មោះ Nature’s Bounty Prenatal, Nature Made និងPregnacare®។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់