ញ៉ាំផ្លែម្ទេសហឹរមែនតែមិនអត់ប្រយោជន៍នោះទេ

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ទេស ហឹរហឹរ! នៅពេលនេះ អ្នកនឹងដឹងហើយថា អ្នកមិនបានញ៉ាំម្ទេសឲ្យហឹរអត់ប្រយោជន៍នោះទេ ផ្ទុយទៅវិញអ្នកបែរជាកំពុងទទួលបានផលវិជ្ជមានលើសុខភាពយ៉ាងច្រើន។ ជាការពិតរសជាតិហឹរពីម្ទេសមិនត្រឹមតែធ្វើឲ្យអាហារឆ្ញាញ់ និងមិនទ្រលាន់នោះឡើយតែសារធាតុ Capsaicin ដែលមានក្នុងផ្លែម្ទេសក៏នាំមកជាមួយនូវអត្ថប្រយោជន៍យ៉ាងសន្ធឹកសន្ធាប់ផងដែរ ដោយរួមទាំងការកាត់បន្ថយហានិភ័យនៃជំងឺមួយចំនួន ជំនួយដល់ដំណើរការនៃសរីរាង្គរំលាយអាហារ ក៏ដូចជាជួយសម្រកទម្ងន់ និងធ្វើឲ្យអាយុវែងទៀតផង។ ខាងក្រោមគឺជាការបកស្រាយអំពីអត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ម្ទេស ដែលអាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល។

- ជំងឺបេះដូង
ជាក់ស្តែង ជំងឺបេះដូងនៅតែជាមូលហេតុឈានមុខគេនៃការស្លាប់របស់មនុស្សទាំងបុរស និងស្រ្តីនៅក្នុងប្រទេសអាមេរិក។ បរិមាណដ៏ច្រើននៃ Capsaicinនៅក្នុងផ្លែម្ទេសអាចបន្ថយហានិភ័យនៃការកើតជំងឺបេះដូងដោយផ្អែកតាមការសិក្សាស្រាវជ្រាវមួយចំនួនធំដែលបានធ្វើការតាមដានទៅលើមនុស្សជាច្រើន។ បើយោងតាមការស្រាវជ្រាវបានបង្ហាញថា សារធាតុ Capsaicin អាចកាត់បន្ថយកម្រិត LDL ឬកូឡេស្តេរ៉ុលអាក្រក់ដែលតោងនៅលើជញ្ជាំងសរសៃឈាមដើម្បីជួយសម្រួលចលនាលំហូរឈាមទៅកាន់បេះដូង ព្រមទាំងគ្រប់គ្រងជាតិស្ករក្នុងឈាម និងអាចការពារពីជំងឺដាច់សរសៃឈាមបេះដូងបានយ៉ាងមានប្រសិទ្ធភាព។

- ជំងឺរលាកពោះវៀន
ជំងឺរលាកពោះវៀនជាប្រភេទជំងឺពោះវៀនមួយដែលកើតឡើងញឹកញាប់ទាក់ទងទៅនឹងកត្តាអាយុ។ ក្នុងការសិក្សាមួយដែលបានចុះផ្សាយឆ្នាំ ២០១៤ លើគេហទំព័រទស្សនាវដ្តី Neurogastroenterology និង Motility បានរកឃើញថា ការបរិភោគអាហាររសជាតិហឹរអាចមានប្រសិទ្ធភាពព្យាបាលចំពោះអ្នកដែលមានជំងឺរលាកពោះវៀនក្នុងរយៈពេល ៦សប្តាហ៍។ លើសពីនេះទៀតវាក៏អាចជួយកាត់បន្ថយការដុតក្បាលពោះក្រោយពេលសម្រាល ដោយគ្រាន់តែបរិភោគ ៣ដងក្នុងមួយថ្ងៃប៉ុណ្ណោះ។

- ប្រឆាំងជំងឺមហារីក
ការសិក្សាធំមួយនៅឆ្នាំ ២០០៦ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Journal Cancer បានបង្ហាញថាការបរិភោគសារធាតុ Capsaicin អាចជួយទប់ស្កាត់ការរីករាលដាលនៃកោសិកាមហារីករបស់ក្រពេញប្រូស្តាត។ អាហារហឹរក៏ត្រូវបានគេដឹងថា វាអាចជួយបង្កើនប្រព័ន្ធភាពសុំារបស់រាងកាយ និងកាត់បន្ថយការឈឺចាប់ដែលប្រឆាំងនឹងការរលាក ការពុលដោយសារធូលី ឬផ្សែងផងដែរ។ កាន់តែពិសេសទៀតនោះវាអាចកាត់បន្ថយហានិភ័យបណ្តាលឲ្យកើតជំងឺមហារីកក្នុងកម្រិតគួរឲ្យកត់សម្គាល់មួយ បើធៀបទៅនឹងអ្នកដែលបរិភោគអាហារហឹរបានតិចតួច។

- ជួយដល់ប្រព័ន្ធរំលាយអាហារ
ពិតណាស់មនុស្សមួយចំនួនប្រហែលជាគិតថា ការទទួលទានផ្លែម្ទេសនឹងធ្វើឲ្យកើតមានជំងឺដំបៅក្រពះ។ យ៉ាងណាមិញ យោងតាមការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Michigan បានឲ្យដឹងថាការបរិភោគ Capsaicin ដែលមានក្នុងផ្លែម្ទេសអាចជួយការពារអ្នកមិនឲ្យកើតជំងឺដំបៅក្រពះ និងកាត់បន្ថយការឈឺចាប់ ពិសេសជួយបង្កើនការរំលាយអាហារកាន់តែប្រសើរ ព្រមទាំងអាចសម្លាប់បាក់តេរីដែលលោកអ្នកមិនបានបញ្ចេញចោលអស់យ៉ាងមានប្រសិទ្ធភាពទៀតផង។

- ជួ​យសម្រកទម្ងន់
ដោយសារម្ទេសមានផ្ទុកនូវសារធាតុ Capsaicin ដែលជំរុញការធ្វើមេតាបូលីសនៅក្នុងខ្លួន ពិសេសអាចធ្វើឲ្យកាត់បន្ថយចំណង់អាហារនិងជួយដុតកាល់ឡូរីបានយ៉ាងមានប្រសិទ្ធភាព ទើបធ្វើឲ្យវាមានអត្ថប្រយោជន៍ក្នុងការសម្រកទម្ងន់។ ជាក់ស្តែង ការសិក្សាឆ្នាំ ២០០៥​ នៅក្នុងទស្សនាវដ្តី International Journal of Obesity បានបង្ហាញថា ការទទួលទានម្ទេសអាចជួយទប់ស្កាត់ការឡើងទម្ងន់ និងដុតកាល់ឡូរីចេញពីរាងកាយ ។

- ជួយឲ្យអាយុវែង
យោងតាមការសិក្សានៅសាកលវិទ្យាល័យ Harvardបានបង្ហាញថា ការទទួលទានអាហារហឹរជារៀងរាល់ថ្ងៃ ឬញឹកញាប់នោះ អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ដល់ទៅ ១៤ ភាគរយបើប្រៀបធៀបទៅនឹងអ្នកដែលមិនសូវទទួលទានអាហារហឹរ (តែម្តងក្នុងមួយសប្តាហ៍ ឬតិចជាងនេះ)។ លើសពីនេះការសិក្សាទៅលើបុរស និងស្ត្រីជាង ៤ម៉ឺននាក់នៅក្នុងប្រទេសចិនដែលបានទទួលទានអាហារហឹរ ៦ ទៅ៧ដងក្នុងមួយសប្តាហ៍ បានបង្ហាញថាអាចជួយឲ្យពួកគេរស់រានបានយូរជាងអ្នកមិនបរិភោគផងដែរ។ 

បើទោះបីជាម្ទេសមានអត្ថប្រយោជន៍យ៉ាងណាក៏ដោយក៏ផ្លែម្ទេសនៅតែអាចបង្កឲ្យមានផលប៉ះពាល់ផងដែរប្រសិនបើបរិភោគក្នុងកម្រិតច្រើនលើសលប់ដូចនេះអ្នកគួរតែមានភាពឆ្លាតវៃក្នុងការរក្សាតុល្យភាពនៃអាហារដែលអ្នកបរិភោគឲ្យស្ថិតក្នុងកម្រិតសមស្របជានិច្ចទើបជាការប្រសើរ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់