អ្នកបានថែទាំស្បែកមុខជាប្រចាំហើយឬនៅ?

ដោយហេតុថា សម្រស់ស្បែកមុខ ជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់វ័យមិនថាបុរស និងស្រ្តី នោះការថែទាំជាប្រចាំជារឿងដែលមិនគួរត្រូវបានមើលរំលង។ 

ស្បែកមុខ ត្រូវបានចាត់ទុកជាផ្នែកមួយនៃការបង្ហាញពីទំនុកចិត្តក្នុងជីវិតប្រចាំថ្ងៃ ដែលជាមូលហេតុនាំឲ្យបុគ្គលមួយចំនួនហ៊ានចំណាយប្រាក់និងថវិកាជាច្រើនដើម្បីទទួលបានការថែទាំពីអ្នកជំនាញសើស្បែក។ យ៉ាងណាមិញ ក្រៅពីការស្វែងរកសេវាកម្មថែរក្សាស្បែកមុខពីខាងក្រៅ ការសម្អាត និងថែទាំជាប្រចាំថ្ងៃដោយខ្លួនឯងក៏ត្រូវបានរាប់បញ្ចូលផងដែរ ដើម្បីទទួលបានលទ្ធផលកាន់តែជាទីគាប់ចិត្តដែលអ្នកនឹងអាចអនុវត្តបានតាមរយៈការណែនាំពីវិធីសាស្រ្តខាងក្រោម៖ 

- លាងសម្អាតផ្ទៃមុខ
រឿងដំបូងបង្អស់ដែលគួរធ្វើនៅពេលថែរក្សាស្បែកមុខគឺការទម្លាប់លាងសម្អាតផ្ទៃមុខ ជាមួយហ្វូមលាងមុខ ឬផលិតផលដែលស័ក្តិសមទៅនឹងស្បែកមុខរបស់អ្នកដែលវាជាវិធីសាស្រ្តដំបូងគេក្នុងការកម្ចាត់ចោលនូវភាពកង្វក់ ដូចជាធូលីដី កម្ទេចកំទី ជាតិខ្លាញ់ និងគ្រឿងសម្អាងដែលតោងជាប់នៅលើផ្ទៃមុខ។ អ្នកគួរធ្វើការសម្អាតមុខ ២ដងក្នុងមួយថ្ងៃ ជាមួយទឹកធម្មតារួចជូតមុខថ្នមៗជាមួយសំឡី ឬកន្សែងស្អាត ហើយចៀសវាងប្រើប្រាស់ទឹកក្តៅដែលនាំឲ្យស្បែកមុខប្រែជាស្ងួតទៅវិញ។

- ប្រើប្រាស់ទឹកថូនឺ
បុគ្គលមួយចំនួនហាក់មើលរំលងពីសារៈសំខាន់នៃការជូតមុខបន្ថែមដោយទឹកថូនឺដោយគិតថាការលាងសម្អាតដោយហ្វូមគឺមានភាពគ្រប់គ្រាន់។ តាមពិតការប្រើប្រាស់ទឹកថូនឺបន្ទាប់ពីលាងសម្អាតផ្ទៃមុខ ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់ការថែទាំស្បែកមុខដោយវាអាចបង្កើនភាពតឹងណែន ផ្ចិតរន្ធញើសនិងមានសមត្ថភាពក្នុងការសម្អាតធូលីតូចៗផ្សេងទៀតនៅលើផ្ទៃមុខដែលហ្វូមលាងមុខមិនអាចធ្វើការសម្អាតបាន។

- ផ្តល់សំណើមស្បែកមុខ
ការផ្តល់សំណើមដល់ស្បែកមុខ ត្រូវបានរាប់បញ្ចូលជាវិធីសាស្រ្តមួយដែលគួរត្រូវបានធ្វើឡើងជាប្រចាំផងដែរសម្រាប់ជួយទៅចិញ្ចឹម និងផ្តល់ភាពទន់រលោងដល់ស្បែកមុខ ពីព្រោះស្បែកមុខអាចងាយរងប្រតិកម្មពីខាងក្រៅធ្វើឲ្យស្ងួត ជាពិសេសនៅពេលវ័យកាន់តែចាស់។ អ្នកគួរមានទម្លាប់លាបផលិតផលផ្តល់សំណើមបន្ថែមបន្ទាប់ពីសម្អាតមុខរួចដែលអាចជាប្រភេទក្រែម ឬសេរ៉ូមនៅរៀងរាល់ពេលព្រឹក និងមុនពេលចូលគេង។ ម៉្យាងទៀត អ្នកក៏អាចជ្រើសរើសវិធីសាស្រ្តធម្មជាតិដូចជាប្រេងដូង ទឹកដោះគោ ឬផ្លែឈើសម្រាប់ផ្តល់សំណើមដល់ស្បែកផងដែរ។

- ការពារពីពន្លឺព្រះអាទិត្យ
ការពារមុខរបស់អ្នកពីព្រះអាទិត្យដោយប្រើឡេការពារកម្តៅជារៀងរាល់ថ្ងៃ ពីព្រោះកម្តៅព្រះអាទិត្យជាសត្រូវលេខមួយរបស់ស្បែកដែលអាចធ្វើឲ្យស្បែកឡើងខ្មៅស្រអាប់ពិសេសបង្កឲ្យស្បែកមានស្នាមជ្រីវជ្រួញផងដែរ។ អ្នកគ្រាន់តែប្រើក្រែមការពារកម្តៅថ្ងៃ ដែលមានកម្រិតការពារយ៉ាងហោចណាស់ SPF ១៥ឡើងទៅ នៅមុនពេលចេញទៅខាងក្រៅ ហើយស្របពេលជាមួយគ្នាអ្នកក៏គួរតែការពារស្បែកដោយស្លៀកសម្លៀកបំពាក់ជិតៗ ឬពាក់មួកជាដើម។

- ម៉ាស្សាមុខ
ការឧស្សាហ៍ធ្វើម៉ាសថែទាំស្បែកមុខបែបធម្មជាតិយ៉ាងហោចណាស់ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ អាចជួយក្នុងការបណ្តុះកោសិកាស្បែកមុខ ធ្វើឲ្យផ្ទៃមុខស្រស់ថ្លា មានសំណើម តឹងណែនក្មេងជាងវ័យ។ លោកអ្នកគ្រាន់តែការធ្វើម៉ាស្សាតាមវិធីសាស្រ្តធម្មជាតិងាយៗ ដោយអាចជ្រើសរើសផ្លែចេកទុំ ល្ហុងទុំ ស៊ុត ទឹកឃ្មុំ ប្រទាល កន្ទុយក្រពើនិងទឹកដោះគោជាដើម។

- ស្រ្កាប់ស្បែកមុខ
ដើម្បីឲ្យផ្ទៃមុខកាន់តែមានភាពស្រស់ថ្លា និងម៉ត់រលោង អ្នកក៏គួរតែជ្រើសរើសវិធីសាស្រ្តខាត់ស្បែកមុខបែបធម្មជាតិដែលវាមានប្រសិទ្ធភាពទៅកម្ចាត់ជាតិពុលនិងកោសិកាស្បែកចាស់ៗចោល។ អ្នកអាចប្រើប្រាស់ល្បាយស្ករស និងទឹកឃ្មុំ ដើម្បីធ្វើការស្រ្កាប់ទៅលើផ្ទៃមុខ ដោយធ្វើការញីថ្នមៗរយៈពេល ៥នាទី រួចទុកចោល ៣នាទីមុនពេលលាងទឹកសម្អាតចេញ ហើយអាចអនុវត្តបានម្តង ទៅពីរដងក្នុងមួយអាទិត្យ។

- របបអាហារត្រឹមត្រូវ
អាហារ ក៏ជាផ្នែកមួយក្នុងការចូលរួមចំណែកថែរក្សាសម្រស់ផងដែរ ប្រសិនរបបអាហារនោះមានផ្ទុកនូវសារជាតិចិញ្ចឹម ឬជីវជាតិបំប៉នជាប្រូតេអុីន កាបូអុីដ្រាត វីតាមីន និងសារជាតិរ៉ែ ដែលអាចរកបាននៅក្នុងពពួកបន្លែ និងផ្លែឈើជាដើម។ លើសពីនេះ អ្នកក៏គួរទទួលទានទឹកឲ្យបានច្រើន យ៉ាងហោចណាស់ ៧ទៅ៨កែវក្នុងមួយថ្ងៃដើម្បីរក្សាសំណើមនៅលើស្បែកមុខ ដើម្បីអាចកម្ចាត់ជាតិខ្លាញ់ បណ្តេញជាតិពុលនៅក្នុងខ្លួនពិសេសជួយឲ្យស្បែកមុខមានសុខភាពល្អ។ ការថែទាំស្បែក និងផ្ទៃមុខមានសារៈសំខាន់ណាស់ក្នុងការជួយលើកកម្ពស់ទំនុកចិត្ត ធ្វើឲ្យសម្រស់កាន់តែស្អាត ក្មេងជាងវ័យ ព្រមទាំងអាចជួយការពារបញ្ហាស្បែកបានថែមទៀតផង។ ចាប់ផ្តើមថែទាំស្បែកមុខរបស់អ្នកឥឡូវនេះ ដើម្បីទទួលបានភាពស្រស់ស្អាតបានយូរអង្វែង។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់