ការភ្លេចភ្លាំងអាចជារោគសញ្ញាជំងឺខ្សោយការចងចាំឬ?

ការចងចាំ ជាសមត្ថភាពមួយរបស់ខួរក្បាល ប៉ុន្តែនៅពេលអាការៈភ្លេចភ្លាំង ឬការខ្សោយចងចាំចាប់ផ្តើមស្តែងចេញឡើង នោះការរុករកមូលហេតុជាច្រើននឹងត្រូវធ្វើឡើង ដើម្បីប្រាកដថាវាបណ្តាលមកពីការថយចុះសមត្ថភាពរបស់ខួរក្បាល ឬបញ្ហាដទៃផ្សេងទៀត។

សំណួរ៖ ខ្ញុំបាទធ្លាប់ឮថាមនុស្សយើងមានទំហំខួរក្បាលប្រហាក់ប្រហែលគ្នា តែហេតុអ្វីបានជាមានការចងចាំខុសគ្នា? ដូចជាពេលនេះជាដើមខ្ញុំធ្វើអ្វី ឬទុកដាក់អ្វីមួយតែងតែឆាប់ភ្លេចជានិច្ច។ ប្រសិនបើគេងយប់ជ្រៅ ឬងើបពីគេងលឿនពេកដឹងតែឈឺក្បាល និងគិតអ្វីក៏មិនចេញដែរ។ ខ្ញុំមិនធ្លាប់មានការប៉ះទង្គិចក្បាលទេ ហើយក៏មិនមានជំងឺប្រចាំកាយអ្វីឡើយ។ តើមានវិធីសាស្ត្រដូចម្តេចដើម្បីបញ្ចៀសបញ្ហានេះបានខ្លះ? ហើយការភ្លេចភ្លាំងនេះអាចវិវឌ្ឍកាន់តែធ្ងន់ធ្ងរដែរឬទេ?

ចម្លើយ៖ ទំហំខួរក្បាលមានពីរ គឺទាក់ទងនឹងមាឌ និងសមត្ថភាពនៃការផ្ទុកទិន្នន័យ បើនិយាយពីសម្បកខាងក្រៅរបស់ខួរក្បាលជាមធ្យមខួរក្បាលរបស់មនុស្សមានទម្ងន់ពី១,៤ ទៅ១,៦គីឡូក្រាម ដែលប្រើប្រាស់អុកស៊ីសែនពី ៣០ ទៅ៤០ភាគរយនៃដងខ្លួន។ និយាយពីការផ្ទុកទិន្នន័យតាមការសិក្សារបស់ក្រុមហ៊ុនទូរស័ព្ទដៃ SAMSUNG សមត្ថភាពខួរក្បាលអាចផ្ទុកបានពី ១៥ ទៅ៣០ Terabyte (1 Terabyte = 1,024GB)។ បញ្ហាទំហំខួរក្បាលធំ ឬតូចប្រៀបដូចកុំព្យូទ័រដែរ គឺអាស្រ័យលើរបៀបដាក់បញ្ចូលទិន្នន័យ ប្រសិនបើការទុកដាក់បានត្រឹមត្រូវនោះការយកចេញមកវិញគឺមានភាពងាយស្រួល។ ដូចគ្នានឹងការចងចាំដែរ បើយើងរៀបចំទុកដាក់ឲ្យមានរបៀបទាំងការធ្វើការងារ និងផ្នត់គំនិតសណ្តាប់ធ្នាប់នៅក្នុងខួរក្បាលដែលអាចធ្វើឲ្យការគិតចងចាំមានភាពរហ័សរហួន និងមិនមានការភ្លេចភ្លាំង។ ម្យ៉ាងទៀតដោយសារតែមនុស្សភាគច្រើនពឹងផ្អែកលើប្រព័ន្ធអង្គចងចាំ (Memory) ខាងក្រៅច្រើនដូចជា ទូរស័ព្ទ ឬកុំព្យូទ័រជាដើម (ហៅថា «អង្គចងចាំខាងក្រៅ» External Memory) ដែលធ្វើឲ្យខួរក្បាលបន្ថយការហ្វឹកហាត់ការចងចាំជាហេតុនាំឲ្យសមត្ថភាពចងចាំរបស់ខួរក្បាលថយចុះក្នុងស័ករាជប្រព័ន្ធព័ត៌មានវិទ្យា។ មួយវិញទៀតខួរក្បាលជាសរីរាង្គមានជីវិតដែលត្រូវការសារធាតុចិញ្ចឹម និងសម្រាកឲ្យបានគ្រប់គ្រាន់។ ដូចនេះ ការគេងយប់ជ្រៅធ្វើឲ្យខួរក្បាលមានភាពនឿយហត់ ធ្វើឲ្យសមត្ថភាពចងចាំថយចុះ និងបង្កឲ្យមានការឈឺក្បាលផងដែរ។ ជារួមយើងគួរតែផ្លាស់ប្តូរទម្លាប់នៃការប្រព្រឹត្តនៃការរស់នៅធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងរក្សាសុខភាពផ្លូវចិត្តឲ្យមានលំនឹងព្រោះអាចធ្វើឲ្យការចងចាំមានភាពប្រសើរឡើង និងមិនវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនោះទេ។

បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត ជុំ ណាវុធ ឯកទេសប្រព័ន្ធសរសៃប្រសាទសរសៃឈាមខួរក្បាល និងជានាយផ្នែកសរសៃប្រសាទខួរក្បាលនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់