សញ្ញាណនៃជំងឺប្រគ្រីវដែលអ្នកត្រូវដឹង

នាពេលបច្ចុប្បន្ន ជំងឺប្រគ្រីវ (លើសជាតិអាស៊ីត) បានកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ទាំងនៅក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍដែលជាកង្វល់ត្រូវធ្វើការដោះស្រាយសម្រាប់បញ្ហាសុខភាពសាធារណៈ។ ក្នុងនោះការយល់ដឹងអំពីជំងឺព្រមទាំងការចាត់វិធានការការពារខ្លួនពីសំណាក់ប្រជាពលរដ្ឋផ្ទាល់ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការកើនឡើងនៃជំងឺនេះ។
 
ក្នុងរយៈពេល ២ ទៅ ៣ទសវត្សរ៍ចុងក្រោយនេះ គេសង្កេតឃើញថា ទំនោរនៃការកើតជំងឺប្រគ្រីវមានកាន់តែច្រើនឡើងៗជាលំដាប់។ ជាក់ស្តែងប្រជាជនអាមេរិកដែលបានកើតជំងឺនេះមានប្រមាណជា ៤៣.៣ លាននាក់ ត្រូវនឹង ២៣%នៃប្រជាជនពេញវ័យនៃប្រជាជនសរុប។ ថ្វីត្បិតកម្ពុជាមិនទាន់មានទិន្នន័យគ្រប់គ្រាន់ និងច្បាស់លាស់ ប៉ុន្តែគេសង្កេតឃើញថាអត្រានៃជំងឺនេះមានការកើនឡើងដូចគ្នា នេះបើយោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតជំនាញ។
 
និយមន័យ និងប្រភេទ
ជំងឺប្រគ្រីវ ជាប្រភេទជំងឺរលាកសន្លាក់ស្រួចស្រាវកម្រិតខ្លាំងដែលបណ្តាលមកពីការលើសជាតិអាស៊ីត (អាស៊ីតអ៊ុយរិច) ដែលបានចូលទៅក្នុងសន្លាក់បង្កើតបានជាគ្រាប់គ្រីស្តាល់ (Crystal) ដ៏តូចៗយ៉ាងច្រើន។ ជាទូទៅ ការរលាកសន្លាក់នេះតែងស្តែងឡើងដំបូង និងញឹកញាប់ជាងគេនៅសន្លាក់មេជើង។ ជំងឺនេះត្រូវបានបែងចែកជា ២ ប្រភេទគឺ៖
- ប្រភេទទី ១៖ បណ្តាលមកពីកត្តាតំណពូជ
- ប្រភេទទី ២៖ ជាផលវិបាកនៃជំងឺដទៃទៀត ដូចជាបណ្តាលមកពីជំងឺខ្សោយតម្រងនោមជាដើម។

មូលហេតុ និងកត្តាប្រឈម
ជាទូទៅ ជំងឺនេះទាក់ទងទៅនឹងការប្រែប្រួល ឬខូចខាតនៃដំណើរការមេតាបូលីសក្នុងរាងកាយ ប៉ុន្តែកត្តាចម្បងបណ្តាលមកពីកត្តាតំណពូជ។ ក្រៅពីនេះរបបអាហារ និងរបៀបរបបនៃការរស់នៅ ក៏ជាកត្តាសំខាន់ដែលបានរួមចំណែកបង្កឲ្យមានការកើនឡើងកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាមដែរ។ ក្នុងនោះបុគ្គលដែលប្រឈមនឹងជំងឺនេះមានដូចជា៖
- បុគ្គលដែលមានសមាជិកគ្រួសារធ្លាប់កើតជំងឺប្រគ្រីវ ឬមានជំងឺមេតាបូលីសផ្សេងៗ ដែលមានដូចជា ជំងឺលើសខ្លាញ់ ឬជំងឺទឹកនោមផ្អែម
- បុគ្គលដែលតែងទទួលទានសាច់ និងសុរាច្រើន។ គួរបញ្ជាក់ថា គ្រប់ប្រភេទអាហារទាំងអស់សុទ្ធតែអាចបងើ្កតជាអាស៊ីតអ៊ុយរិច ជាពិសេសប្រភេទសាច់ក្រហម  សាច់ត្រីសមុទ្រ បន្លែក្រុមអម្បូរសណ្តែកជាដើម។ល។
-  បុគ្គលដែលមានវ័យចន្លោះពី ៣០ ទៅ ៥០ ឆ្នាំជាពិសេសមនុស្សប្រុស ។

រោគសញ្ញា
រោគសញ្ញានៃជំងឺប្រគ្រីវមានលក្ខណៈខុសពីសញ្ញាណនៃជំងឺសន្លាក់ផ្សេងទៀតដែលជាទូទៅអ្នកជំងឺមានការឈឺចាប់ខ្លាំងភ្លាមៗ ពិបាកទ្រាំ នៅត្រង់សន្លាក់ដែលមានបញ្ហា ជាពិសេសនៅត្រង់សន្លាក់មេជើងដែលជាទីតាំងសម្គាល់ច្បាស់លាស់មួយ ព្រមទាំងកើតមានឡើងជាញឹកញាប់ផងដែរ។ បន្ថែមពីនេះក៏មានលេចចេញនូវសញ្ញារលាកទងសាច់ដុំ (Tendinitis) ជារឿយៗផងដែរ។ គួរបញ្ជាក់ថា អាការៈរលាកបែបនេះ អាចស្តែងចេញជាអាការៈខាងក្រៅតាមរយៈ ភាពហើម ក្រហម ក្តៅ និងមានការឈឺចាប់ខ្លាំងស្ទើរទ្រាំពុំបាន។

យន្តការជំងឺ
តាមរយៈអង់ស៊ីមរបស់រាងកាយយើងម៉្យាងឈ្មោះXanthine oxidase បានបំប្លែងសារធាតុ ពូរីន (Purine) ដែលមាននៅក្នុងអាហារឲ្យក្លាយទៅជាអាសុីតអ៊ុយរិច នៅដំណាក់កាលចុងក្រោយនៃមេតាបូលីស។ នៅពេលបរិមាណអាស៊ីតអ៊ុយរិចកើនឡើងច្រើននៅក្នុងចរន្តឈាម នោះវានឹងបន្តចូលទៅក្នុងជាលិកាផ្សេងៗទៀត ជាពិសេសជាលិកាសន្លាក់ក្រោមទម្រង់ជា Sodium urate ស្តែងចេញជាគ្រាប់គ្រីស្តាល់ដ៏តូចល្អិត (Microcrystalline)។ លក្ខខណ្ឌនេះបណ្តាលឲ្យកោសិកាការពារសន្លាក់នៅក្នុងរាងកាយ ចាប់ផ្តើមធ្វើការកម្ទេច និងបំផ្លាញគ្រាប់គ្រីស្តាល់ដែលបានកកើតឡើង។ ដំណើរការបែបនេះវាធ្វើឲ្យលេចចេញនូវការរលាកសន្លាក់ដ៏ស្រួចស្រាវនេះឡើង។ ហេតុនេះអ្នកជំងឺនឹងចាប់ផ្តើមទទួលដឹងពីអាការៈឈឺចាប់ខ្លាំងភ្លាមៗ និងមិនអាចទ្រាំបានក្នុងរយៈពេលត្រឹម ១ ទៅ ២ ម៉ោងប៉ុណ្ណោះ។ ក្នុងករណីតំណពូជបម្រែបម្រួលហ្សែនទាក់ទងការបំប្លែងអាស៊ីតអ៊ុយរិចកើនឡើង នេះមានន័យថាសមត្ថភាពក្នុងការបង្កើតជាតិអាស៊ីតអ៊ុយរិចក្នុងឈាមកើនឡើង ប៉ុន្តែសមត្ថភាពក្នុងការបញ្ចេញចោលតាមទឹកនោមថយចុះ ដែលជាហេតុធ្វើឲ្យមានការកើនឡើងលើសពីប្រក្រតីនៃអាស៊ីតអ៊ុយរិចនៅក្នុងឈាម។ 

ការធ្វើរោគវិនិច្ឆ័យ
ថ្វីត្បិតជំងឺនេះមានលក្ខណៈស្រួចស្រាវ និងមានលក្ខណៈខ្លាំងក្លា ប៉ុន្តែការធ្វើរោគវិនិច្ឆ័យជំងឺមិនមានភាពលំបាក ឬស្មុគស្មាញនោះឡើយ។ ក្រុមគ្រូពេទ្យជំនាញនឹងធ្វើការពិនិត្យ៖
• ស្ថានភាពនៃលក្ខណៈសន្លាក់ខាងក្រៅ (សញ្ញាណសម្គាល់សំខាន់គឺការហើម ក្រហម ក្ដៅ និងឈឺចាប់នៅត្រង់សន្លាក់)
• ការបូមឈាមពិនិត្យរកកម្រិតលើសនៃអាស៊ីតអ៊ុយរិច ព្រមទាំងការបូមយកទឹកសន្លាក់ ដើម្បីពិនិត្យរកគ្រីស្តាល់ដ៏តូចៗ។ ប៉ុន្តែការលើសអាស៊ីតក្នុងឈាមតែមួយមុខមិនអាចកំណត់បានជាជំងឺប្រគ្រីវបានឡើយ បើគ្មានរោគសញ្ញារលាករួមផ្សំទេ។

 ការព្យាបាល
ជំងឺប្រគ្រីវមិនអាចព្យាបាលឲ្យជាដាច់នោះទេ  ប៉ុន្តែវាអាចត្រូវបានគ្រប់គ្រងយ៉ាងប្រសើរ និងមានប្រសិទ្ធភាព តាមរយៈវិធីសាស្រ្ត ២យ៉ាង៖
- វិធីសាស្រ្តប្រើប្រាស់ថ្នាំ
គោលបំណងប្រើប្រាស់ថ្នាំគឺដើម្បីសម្រាលការឈឺចាប់ គ្រប់គ្រងកម្រិតអាស៊ីតដែលលើស ព្រមទាំងគ្រប់គ្រងមុខងារសន្លាក់ផងដែរ។ បន្ថែមពីនេះការព្យាបាលអាចរួមផ្សំជាមួយការព្យាបាលជំងឺមេតាបូលីសផ្សេងទៀតដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសខ្លាញ់ជំងឺធាត់ និងកត្តាប្រឈមផ្សេងទៀត។ ការព្យាបាលអាចប្រើរយៈពេលខ្លី ឬវែង ទៅតាមស្ថានភាពជំងឺ។ 
-  វិធីសាស្រ្តមិនប្រើប្រាស់ថ្នាំ
សំដៅដល់ការអប់រំអ្នកជំងឺស្តីអំពីការគ្រប់គ្រងរបបអាហារ បូករួមជាមួយការធ្វើលំហាត់ប្រាណបន្ថែម។ ក្នុងនោះអ្នកជំងឺត្រូវប្រកាន់ខ្ជាប់ការទទួលទានអាហារសមស្រប ដូចជា ត្រីទឹកសាប បន្លែ ប៉ុន្តែត្រូវប្រយ័ត្នពពួកក្រុមសណ្ដែកព្រមទាំងហាមឃាត់ការទទួលទានសុរា ជាពិសេសស្រាបៀរ។ បន្ថែមពីនេះ អ្នកជំងឺត្រូវបញ្ចុះទម្ងន់ ករណីអ្នកជំងឺមានបញ្ហាលើសទម្ងន់បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។
 
គួរកត់ចំណាំផងដែរថា នៅពេលបុគ្គលម្នាក់កំពុងមានជំងឺខូចខាតមេតាបូលីសណាមួយ បុគ្គលនោះនឹងប្រឈមការកើតជំងឺមេតាបូលីសផ្សេងបន្ថែមទៀត។ ជាក់ស្ដែង ករណីបុគ្គលមានជំងឺប្រគ្រីវ នោះក្រុមគ្រូពេទ្យត្រូវបន្តស្វែងរកសញ្ញាណផ្សេងទៀតដែលអាចកើតមាន ដូចជា ជំងឺទឹកនោមផ្អែម ឬជំងឺលើសជាតិខ្លាញ់ ឬបើមានជំងឺលើសជាតិខ្លាញ់ ក៏ត្រូវបន្តតាមដានរុករកជំងឺប្រគ្រីវ  និងទឹកនោមផ្អែមផងដែរ។
 
ផលវិបាក
ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ អ្នកជំងឺអាចប្រឈមនឹងគ្រោះថ្នាក់ចំពោះសរីរាង្គជាច្រើនទៀត ហើយបញ្ហាមួយដែលគួរឲ្យបារម្ភខ្លាំងជាងគេនោះគឺ ការវិវឌ្ឍទៅរកការខ្សោយតម្រងនោម។ នៅពេលតម្រងនោមខ្សោយគ្មានសមត្ថភាពក្នុងការបញ្ចេញចោលអាស៊ីតអ៊ុយរិច នោះសភាពជំងឺនឹងប្រែជាធ្ងន់ធ្ងរឡើងៗ។ យន្តការនៃជំងឺដែលអាចបំផ្លាញតម្រងនោមបានមាន ៣យ៉ាងសំខាន់ៗគឺ៖
• ការបំផ្លាញដោយផ្ទាល់ ដោយសារគ្រាប់គ្រីស្តាល់មានសភាពរឹង និងមានទំហំធំជាងរន្ធចម្រោះតម្រងនោម ដែលអាចធ្វើឲ្យតម្រងនោមពិបាកច្រោះនិងទទួលរងការប៉ះទង្គិចជាប្រចាំ
• ការកកើតបានជាក្រួសក្នុងតម្រងនោម និងផ្លូវទឹកនោម ដែលមានទំហំកាន់តែធំ រាំងស្ទះផ្លូវបញ្ចេញទឹកនោមទាំងស្រុង ហើយអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបានផងដែរ ប៉ុន្តែលក្ខខណ្ឌនេះត្រូវការរយៈពេលយូរ
• និងបង្កើនឱកាសបង្កជាជំងឺទឹកនោមប្រៃ និងជំងឺតម្រងនោមផ្សេងៗទៀត។ លើសពីនេះទៀត អ្នកជំងឺនឹងប្រឈមជាមួយការខូចសន្លាក់ដែលបណ្តាលឲ្យពួកគាត់បាត់បង់សមត្ថភាពក្នុងការធ្វើចលនា និងការងារប្រចាំថ្ងៃដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ចំណុចសំខាន់មួយទៀតដែលមិនអាចត្រូវបានមើលរំលងនោះគឺ ការបាត់បង់សោភ័ណភាពខាងក្រៅ ដោយហេតុថានៅតាមសន្លាក់នានាដែលតែងបង្កជាការឈឺចាប់ញឹកញាប់ នឹងកកើតជាដុំពកធំៗ ឬតូចស្ទើរតែពេញរាងកាយ។
 
វិធីសាស្រ្តការពារ
ក៏ដូចជាជំងឺមេតាបូលីសផ្សេងទៀតដែរ ដើម្បីការពារខ្លួន ពីជំងឺនេះយើងទាំងអស់គ្នាត្រូវ៖
• ឧស្សាហ៍តាមដាន និងពិនិត្យសុខភាពជាប្រចាំជាពិសេសចំពោះអ្នកដែលមានសាច់ញាតិ និងក្រុមគ្រួសារដែលមានជំងឺនេះ និងក្នុងករណីអ្នកដែលកំពុងមានជំងឺប្រចាំកាយប្រភេទជំងឺមេតាបូលីសដូចដែលបានរៀបរាប់ខាងលើ
• បន្ថែមពីនេះ ការបរិភោគអាហារតាមការណែនាំរបស់គ្រូពេទ្យ ដោយកាត់បន្ថយអាហារប្រភេទសាច់ (សាច់ក្រហម ត្រីទឹកប្រៃ) សុរា ស្រាបៀរ បន្លែ ក្រុមសណ្តែក បន្ថយទម្ងន់ បូករួមជាមួយការធ្វើលំហាត់ប្រាណឲ្យបានសមស្របតាមការណែនាំរបស់គ្រូពេទ្យផងដែរ។
 
ជំងឺប្រគ្រីវមិនមែនជាជំងឺដែលពិបាកព្យាបាលនោះទេប៉ុន្តែតម្រូវឲ្យអ្នកជំងឺមានការយល់ដឹងឲ្យបានច្រើនអំពីជំងឺនេះ និងតម្រូវឲ្យមកទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ហើយកាន់តែឆាប់កាន់តែប្រសើរ ជាមួយគ្រូពេទ្យឯកទេស។ «ការពារប្រសើរជាងព្យាបាល»

បកស្រាយដោយ៖ សាស្រ្តាចារ្យ លី ជាតិតា នាយផ្នែកជំងឺសន្លាក់ឆ្អឹង និងសាច់ដុំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ​​​​​​

ពាក្យទាក់ទង


មតិយោបល់