ប្រជ្រុយចាប់ផ្តើមប្លែករូបរាងអាចជាសញ្ញានៃមហារីកប្រជ្រុយ

នាពេលបច្ចុប្បន្នជំងឺមហារីកប្រជ្រុយគេសង្កេតឃើញមិនមានបម្រែបម្រួល ឬកើនឡើងគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្តែវាកើតឡើងទៅតាមវ័យ និងកត្តាអាយុរបស់មនុស្ស ដោយក្នុងនោះភាគច្រើនកើតទៅលើស្រ្តីច្រើនជាងបុរសពិសេសអ្នកដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ហើយវាពាក់ព័ន្ធនឹងកត្តាតំណពូជផងដែរ។

និយមន័យ
ជំងឺមហារីកប្រជ្រុយ ឬពាក្យបច្ចេកទេសហៅថា Melanoma គឺជាជំងឺមួយដែលកើតឡើងពីបណ្តុំនៃកោសិកា Melanocytes (កោសិកាផលិតជាតិពណ៌) ដោយភាគច្រើនកើតនៅតំបន់ដែលត្រូវពន្លឺព្រះអាទិត្យកាំរស្មីយូវី (UV) ពិសេសនៅលើថ្ងាស ខ្ទង់ច្រមុះ បបូរមាត់ផ្នែកខាងលើ ថ្ពាល់សងខាង បាតដៃ ម្រាមដៃ ក្រចក និងបាតជើង ម្រាមជើងជាដើម។

មូលហេតុចម្បង និងកត្តាប្រឈម
មានមូលហេតុចម្បងជាច្រើនដែលបង្កឲ្យមានជំងឺមហារីកប្រជ្រុយ តែកត្តាសំខាន់ដែលធ្វើឲ្យមានជំងឺនេះឡើងរួមមាន៖
• កត្តាតំណពូជ
• អ្នកវ័យចំណាស់ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ
• ការប៉ះពន្លឺកាំរស្មីយូវី (UV)
• ប្រជ្រុយដែលប្រឈមនឹងពន្លឺព្រះអាទិត្យ។

ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះបញ្ហាជំងឺនេះរួមមាន៖
• បុគ្គលដែលមានប្រវត្តិគ្រួសារកើតជំងឺមហារីកប្រជ្រុយ
• បុគ្គលដែលមានប្រជ្រុយប្លែកខុសពីធម្មតា ឬច្រើន
• បុគ្គលដែលធ្វើការក្រោមពន្លឺកាំរស្មីយូវី (UV)ញឹកញាប់។

រោគសញ្ញា និងយន្តការ
ជាទូទៅ ជំងឺមហារីកប្រជ្រុយកម្រលេចចេញជារោគសញ្ញាសម្គាល់ ឬប្រែប្រួលខ្លាំងនោះទេ ប៉ុន្តែវាតែងវិវឌ្ឍបន្តិចម្តងៗខុសពីធម្មតា ឬក្លាយជាកោសិកាមហារីកតែម្តង។ ជាក់ស្ដែង វាបង្ហាញឲ្យឃើញតាមរយៈការប្រែប្រួលនូវ៖
• ទំហំរបស់ប្រជ្រុយប្រែប្រួលលឿន
• ប្រជ្រុយមានលក្ខណៈប្រេះ ឬទ្រុឌខូង
• ការប្រែពណ៌របស់ប្រជ្រុយទៅជាក្រហម ឬត្នោត ឬខ្មៅខ្លាំង
• គែមរបស់ប្រជ្រុយប្រែប្រួលដោយផ្នែកមិនសមមាត្រនឹងរូបរាងចាស់ជាដើម។
ដោយឡែក ប្រជ្រុយគេសង្កេតឃើញមាន ២ សណ្ឋានគឺ៖
• ប្រភេទទី១៖ ប្រជ្រុយដែលដុះមានលក្ខណៈសើស្បែកជួនកាលវាដុះកប់ជ្រៅចូលទៅក្នុងស្បែក។
• ប្រភេទទី២៖ គឺមានលក្ខណៈដុះពងសាច់ពីលើស្បែក ហើយវិវឌ្ឍក្លាយទៅជាដុំពកពណ៌ខ្មៅ។

ការធ្វើរោគវិនិច្ឆ័យ
ជំងឺមហារីកប្រជ្រុយអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការពិនិត្យទៅលើសញ្ញាគ្លីនិក។ ម៉្យាងវិញទៀតយើងអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការច្រឹបយកសាច់ទៅវិភាគដើម្បីឲ្យដឹងថាវាជាប្រជ្រុយមហារីកមែន ឬអត់។

ការព្យាបាល និងផលវិបាក
ឈ្មោះថាមហារីកប្រជ្រុយមិនមានលក្ខណៈធ្ងន់ធ្ងរទេ ព្រោះយើងអាចមើលឃើញវានឹងភ្នែកនៅពេលវាមានការប្រែប្រួលរូបរាង លុះត្រាតែអ្នកមិនមានការចាប់អារម្មណ៍ហើយបណ្តោយឲ្យវាតាមដំណើរ នោះវានឹងក្លាយជាកាចសាហាវដូចមហារីកដទៃទៀតដែរ។ ផ្ទុយទៅវិញបើលោកអ្នកមានប្រជ្រុយនៅលើបាតដៃ បាតជើង ម្រាមដៃម្រាមជើង ក្រចកដៃក្រចកជើង លោកអ្នកចូរប្រុងប្រយ័ត្នព្រោះវាកាចសាហាវខ្លាំងនៅពេលវាចាប់ផ្តើមមានស្នាមប្រេះ ឬបែកមានន័យថាវាបានសាយភាយរួចស្រេចទៅហើយ។ ជាទូទៅប្រសិនបើអ្នកជំងឺត្រូវបានរកឃើញថាមានជំងឺមហារីកប្រជ្រុយនោះការព្យាបាលនឹងធ្វើតាមវិធីសាស្រ្ត ២យ៉ាងសំខាន់ៗគឺ៖
• ការចាក់ថ្នាំគីមី ឬបាញ់កាំរស្មីឡាស៊ែរដើម្បីបំផ្លាញកោសិកាមហារីក។
• ការវះកាត់យកសាច់ដុះ ឬប្រជ្រុយមហារីកចេញ។

ប្រសិនបើមិនបានទទួលការព្យាបាលត្រឹមត្រូវនិងទាន់ពេលវេលានោះអ្នកជំងឺអាចមានគ្រោះថ្នាក់ដោយសារតែកោសិកាបានរីករាលដាលនៅក្នុងរាងកាយដូចជំងឺមហារីកដទៃទៀត។

វិធីសាស្រ្តការពារ
ដោយហេតុថានាពេលបច្ចុប្បន្ន បញ្ហានេះកម្រជួបប្រទះ ប៉ុន្តែអ្នកគួរតែការពារខ្លួនពីជំងឺនេះដោយ៖
• ស្លៀកសម្លៀកបំពាក់ឲ្យជិត
• ចៀសវាងការត្រូវពន្លឺព្រះអាទិត្យ
ប្រសិនបើអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសសើស្បែក ដើម្បីធ្វើការពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ព្រមទាំងទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ឯកទេសសើស្បែក ឡាស៊ែ និងកាមរោគ និងជាប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់