មូលហេតុនៅពីក្រោយការឡើងទម្ងន់ដោយមិនដឹងខ្លួន

ធ្លាប់គិតថាខ្លួនឯងឡើងទម្ងន់ដោយគ្មានមូលហេតុនិងឡើងជាលំដាប់ដែរឬទេ? អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាវាអាចកើតឡើងពីកំហុសប្រចាំថ្ងៃដែលអ្នកតែងតែធ្វើ​​ ដែលខាងក្រោមនេះជាមូលហេតុទាំង ៦ធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួនបាន៖

ភាពតានតឹង (ស្រេ្តស)
ភាពតានតឹងដែលមានរយៈពេលយូរអាចផ្សារភ្ជាប់ទៅនឹងការឡើងទម្ងន់ នេះបើយោងតាមគេហទំព័រ Obesity Journal។ ជាក់ស្ដែងភាពតានតឹងអាចបង្កើនការបញ្ចេញអ័រម៉ូន Cortisol ដែលជាប្រភេទអ័រម៉ូនជំរុញដល់ការបង្កើនចំណង់អាហារ និងឡើងទម្ងន់បានយ៉ាងលឿន។ ដើម្បីបញ្ចៀសចំពោះបញ្ហានេះ អ្នកត្រូវជ្រើសរើសអាហារដែលសមស្រប និងមានសុខភាពល្អសម្រាប់អ្នក រួមជាមួយការហាត់ប្រាណបែបសមាធិ និងយូហ្គាជាដើមដើម្បីកាត់បន្ថយភាពតានតឹង។

កត្តាអាយុ
ស្រ្តីវ័យចំណាស់ ពិសេសស្រ្តីអស់រដូវ ហាក់ប្រឈមទៅនឹងអតុល្យភាពក្នុងរាងកាយ បង្កឲ្យទម្ងន់រាងកាយកើនឡើង ប៉ុន្តែនេះមិនមែនជាមូលហេតុតែមួយគត់នោះទេ។ លើសពីនេះ ការដុតបំផ្លាញកាល់ឡូរីអាចមានការថយចុះនៅពេលមានអាយុច្រើន រួមនឹងការផ្លាស់ប្តូររបៀបរស់នៅផងដែរ។ ដើម្បីបញ្ចៀសពីបញ្ហាឡើងទម្ងន់នៅពេលវ័យកាន់តែច្រើន ឬក្រោយពេលអស់រដូវនោះ អ្នកអាចធ្វើលំហាត់ប្រាណបែបចលនា និងសមាធិ ដើម្បីពង្រឹងម៉ាស់សាច់ដុំ និងរក្សាតុល្យភាពអ័រម៉ូនឲ្យត្រលប់មកសភាពធម្មតាវិញ។ បន្ថែមពីនោះ ត្រូវជ្រើសរើសរបបអាហារដែលស័ក្តិសមដូចជាទឹកដោះគោគ្មានជាតិខ្លាញ់ និងអាហារសុខភាពផ្សេងទៀត។

ការគេងមិនបានគ្រប់គ្រាន់
ការគេងមិនបានគ្រប់គ្រាន់ ជាមូលហតុមួយបណ្ដាលឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។ ជាក់ស្ដែងអ្នកវិទ្យាសាស្រ្តបានបង្ហាញថាវាអាចប៉ះពាល់ទៅដល់សមត្ថភាពនៃប្រព័ន្ធរំលាយអាហារ បម្រែបម្រួលអាំងស៊ុយលីន អតុល្យភាពរបស់គ្លុយកូសក្នុងរាងកាយនិងការកើនឡើងកម្រិតជាតិ Cortisol ដែលជំរុញដល់ការកើនទម្ងន់។ ដូច្នេះអ្នកត្រូវមានទម្លាប់គេងយ៉ាងតិចឲ្យបាន ៧ ទៅ៨ម៉ោងជាប្រចាំ និងឲ្យបានទៀងទាត់។

ការញ៉ាំមិនទៀងទាត់
ការញ៉ាំអាហារមិនទៀងទាត់ជាមូលហេតុសំខាន់បំផុតដែលធ្វើឲ្យមានជាតិខ្លាញ់កើនឡើងនៅជុំវិញត្រគាកពិសេសក្បាលពោះ។ ជាក់ស្តែងដោយហេតុថានៅពេលរាងកាយទទួលរបបអាហារមិនបានទៀងទាត់ សរីរាង្គក៏ធ្វើការងារមិនប្រក្រតី ដែលជំរុញឲ្យមានការកើនឡើងជាតិខ្លាញ់ និងឡើងទម្ងន់បាន។ ដើម្បីគ្រប់គ្រងទម្ងន់ឲ្យសមស្រប អ្នកគ្រាន់តែទទួលទានអាហារឲ្យបានទៀងទាត់ ពិសេសជ្រើសរើសប្រភេទអាហារដែលល្អសម្រាប់សុខភាពដោយគួបផ្សំជាមួយការហាត់ប្រាណផងដែរ។

អតុល្យភាពក្រពេញទីរ៉ូអុីត
ក្រពេញទីរ៉ូអីុត មានមុខងារបង្កើតអ័រម៉ូនសំខាន់បីរួមមាន T3 ,T4 និងកាល់ស៊ីតូនីន (Calcitonin) ដែលសម្រួលដល់ការលូតលាស់ និងការធ្វើមេតាបូលីស។ ជាក់ស្តែង កាលណាក្រពេញនេះបាត់បង់សមត្ថភាពក្នុងការផលិតអ័រម៉ូន វាអាចជះឥទ្ធិពលអវិជ្ជមានទៅលើដំណើរការមេតាបូលីស និងនាំឲ្យឡើងទម្ងន់ដែលជាសញ្ញានៃជំងឺ  Hypothyroidism (ជំងឺទាក់ទងក្រពេញនឹងនៅក ធ្វើឲ្យមានអារម្មណ៍អស់កម្លាំងខ្សោយ និងឡើងទម្ងន់)។ ដូច្នេះប្រសិនសង្កេតឃើញមានការឡើងទម្ងន់ភ្លាមៗ អ្នកអាចទទួលបានការធ្វើតេស្តរកមើលកម្រិតអ័រម៉ូនទាំងនេះ ឬអាចសាកល្បងវិធីសាស្រ្តសាមញ្ញនៅផ្ទះ ដូចជាកាត់បន្ថយជាតិស្ករ ប្រើអំបិលតិច និងផឹកទឹកសណ្ដែកប្រភេទ Fenugreek ជាដើម។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់