អ្នកណាខ្លះគួរញ៉ាំថ្នាំជាតិដែកបន្ថែម?

ជាតិដែក ជាសារធាតុចម្បងក្នុងការបង្កើតអេម៉ូក្លូប៊ីន ដែលជាប្រភេទគ្រាប់ឈាមក្រហមសម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់បុគ្គលម្នាក់ៗហើយវាត្រូវបានយកចូលក្នុងរាងកាយតាមរយៈរបបអាហារជាប្រចាំថ្ងៃ។ ដោយឡែកក្នុងលក្ខខណ្ឌ តម្រូវការជាតិដែកមានការកើនឡើងនោះទាមទារឲ្យមានការប្រើប្រាស់បន្ថែមនូវជាតិដែកក្រោមទម្រង់ជាឱសថបំប៉ន។

សកម្មភាពឱសថ
ជាតិដែក ជាសារធាតុរ៉ែចាំបាច់ម៉្យាងសម្រាប់ធ្វើការផលិតកោសិកាឈាមក្រហមក្នុងរាងកាយ។ នៅពេលរាងកាយមិនអាចទទួលបានជាតិដែកគ្រប់ចំនួននោះការផលិតកោសិកាឈាមក្រហមក៏មិនអាចប្រព្រឹត្តិទៅបានពេញលេញ ដែលលក្ខខណ្ឌនេះហៅថាកង្វះជាតិដែក ឬកង្វះឈាម។ ជាក់ស្ដែងការប្រើប្រាស់បន្ថែមនូវថ្នាំគ្រាប់ជាតិដែកគឺសម្រាប់ស្ថានភាពបុគ្គលដែល៖
• មានបញ្ហាហូរឈាម
• អ្នកជំងឺលាងឈាម
• ជំងឺក្រពះ ពោះវៀន
• អ្នកជំងឺខ្វះឈាម
• ស្រ្តីមានផ្ទៃពោះ ឬទារកដែលត្រូវការជាតិដែកបន្ថែម។

ក្រៅពីនេះ គ្រាប់ថ្នាំជាតិដែកក៏អាចណែនាំឲ្យប្រើប្រាស់ក្នុងលក្ខខណ្ឌផ្សេងទៀតទៅតាមស្ថានភាពជំងឺ និងការអនុញ្ញាតពីសំណាក់អ្នកជំនាញ។

កម្រិត និងការប្រើប្រាស់
ជាទូទៅ គ្រាប់ថ្នាំជាតិដែកត្រូវបានឲ្យប្រើប្រាស់មួយថ្ងៃម្ដង ឬពីរដង អាស្រ័យទៅតាមតម្រូវការនីមួយៗរបស់បុគ្គលពេញវ័យ។ វាត្រូវបានស្រូបចូលបានយ៉ាងល្អនៅក្នុងក្រពះ ដែលអ្នកអាចប្រើប្រាស់បាន ១ម៉ោងមុន ឬ ២ម៉ោងក្រោយនៃការញ៉ាំអាហារនីមួយៗ និងត្រូវញ៉ាំទឹកឲ្យបានច្រើននៅពេលលេបហើយចៀសវាងលេបជាមួយសារធាតុផ្សេងដូចជា តែ ឬកាហ្វេដែលអាចធ្វើឲ្យថយចុះប្រសិទ្ធភាពរបស់ឱសថ។ ដោយឡែកសម្រាប់ការប្រើប្រាស់ចំពោះទារក ឬកុមារ អ្នកអាចលាយឱសថជាមួយទឹកដោះគោ ឬទឹកផ្លែឈើដើម្បីបង្កការងាយស្រួលក្នុងការលេប។ ចំណែកការប្រើប្រាស់ឱសថក្នុងទម្រង់ផ្សេងអាចនឹងមានការប្រែប្រួលតួយ៉ាង៖
• ទម្រង់គ្រាប់ទំពារ៖ ត្រូវទំពារឲ្យបានម៉ត់មុនពេលលេប
• ទម្រង់ឱសថទឹក៖ ត្រូវធ្វើការក្រឡុកឲ្យបានសព្វ និងត្រូវវាស់តាមរយៈរង្វាល់ឲ្យបានត្រឹមត្រូវ។

ផលរំខាន
ការប្រើប្រាស់គ្រាប់ថ្នាំជាតិដែកលើកដំបូងអាចបង្កជាផលរំខាននានាតែមិនចោទជាបញ្ហាធ្ងន់ធ្ងរនោះទេរួមមាន៖
• ទល់លាមក
• រាក
• ឈឺចាប់ក្នុងក្រពះ
• ចង្អោរ
• ប្រែប្រួលសភាពពណ៌នៃធ្មេញជាដើម។
ក្រៅពីផលរំខានមួយចំនួន ឱសថបំប៉ននេះក៏បណ្តាលឲ្យមានប្រតិកម្មអាល្លែកហ្ស៊ីធ្ងន់ធ្ងរផងដែរដែលអ្នកអាចសង្កេតឃើញមានមានរោគសញ្ញាដូចជា កន្ទួល រមាស់ ហើម (ពិសេសនៅមុខ អណ្ដាត បំពង់ក) អាការៈធីងធោងធ្ងន់ធ្ងរ ឬពិបាកដកដង្ហើម។

បម្រុងប្រយ័ត្ន
មុនប្រើប្រាស់គ្រាប់ថ្នាំជាតិដែក អ្នកក៏គួរមានការប្រុងប្រយ័ត្នក្នុងករណី៖
• មានប្រតិកម្ម ឬអាល្លែកហ្ស៊ីជាមួយសារធាតុសកម្មជាតិដែក
• ប្រាប់ទៅកាន់វេជ្ជបណ្ឌិតប្រសិនអ្នកកំពុងតែប្រើប្រាស់ឱសថផ្សេងទៀតជាប្រចាំថ្ងៃ ឬអ្នកមានជំងឺប្រចាំកាយដូចជាបញ្ហាថ្លើម ឬវិបត្តិក្រពះពោះវៀនជាដើម។

សម្រាប់ឱសថជាតិដែក ដែលអ្នកអាចរកបាននៅលើទីផ្សារមានឈ្មោះដូចជា Haemovit®Plus, Feroglobin ឬ Ferrovit ជាដើម។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់