ទម្លាប់អាក្រក់ដែលបង្កឲ្យមានបញ្ហារលាកទ្វារមាស

ជំងឺរលាកទ្វារមាស ជាការរលាកនៅនឹងជញ្ជាំងទ្វារមាសដែលបណ្តាលមកពីពពួកផ្សិត បាក់តេរី វីរុស ឬប៉ារ៉ាស៊ីត។ ជំងឺនេះកើតមានប្រមាណ ៣០%នៃស្រ្តី និងភាគច្រើនលើស្ត្រីក្នុងវ័យបន្តពូជអាយុ ១៥ ទៅ៤៩ឆ្នាំ។ ចំណែកមូលហេតុនៃការបង្ករោគអាចបណ្តាលមកពីកត្តាជាច្រើន ក្នុងនោះទម្លាប់មិនល្អប្រចាំថ្ងៃនានា ក៏បានជះឥទ្ធិពលដល់ការកកើតជាជំងឺនេះផងដែរ។ ចង់ដឹងថាទម្លាប់ទាំងនោះមានអ្វីខ្លះ អាចតាមដានអត្ថបទខាងក្រោម៖

- ចូលចិត្តប្រើសាប៊ូដុសខ្លួន ជំនួសទឹកអនាម័យ
ជាទូទៅ សាប៊ូដុសខ្លួនដែលសុភាពនារីចូលចិត្តប្រើភាគច្រើនសុទ្ធតែមានក្លិនក្រអូបខ្លាំង ហើយកំហុសឆ្គងមួយដែលតែងតែកើតឡើងជាញឹកញាប់នោះគឺការទម្លាប់លាងសម្អាតតំបន់ទ្វារមាស ជាមួយសាប៊ូដែលមានក្លិនក្រអូបបែបនេះ។ ចូរចងចាំថាក្លិនក្រអូបទាំងនោះអាចធ្វើឲ្យបាត់បង់តុល្យភាពកម្រិតអាស៊ីត (pH) នៅតំបន់ទ្វារមាសរបស់អ្នកបាន។ តុល្យភាព pH មានតួនាទីក្នុងការរក្សាបាននូវការរស់រានរបស់បាក់តេរីល្អដែលជារបាំងការពារពីការឈ្លានពានមេរោគ និងបាក់តេរីអាក្រក់នានាពីមជ្ឈដ្ឋានខាងក្រៅព្រមទាំងអាចជួយរក្សាសំណើមដល់ទ្វារមាសទៀតផង។

- ទម្លាប់លាងទ្វារមាសជាមួយឧបករណ៍ Douche
តាមធម្មតា Douche ត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ក្នុងករណីដែលមានជំងឺនៅទ្វារមាសចំពោះស្រ្តីមួយចំនួន។ តាមការសិក្សាវិទ្យាសាស្ត្រកន្លងមកបានបង្ហាញថា ការប្រើប្រាស់ Douche អាចបង្កជាហានិភ័យជាច្រើនចំពោះសុខភាពទ្វារមាស រួមមានការកើនឡើងនូវការរលាកទ្វារមាស រលាកអាងត្រគាកការពិបាកមានកូន និងជំងឺមហារីកមាត់ស្បូនជាដើម។ គួរបញ្ជាក់ថាមូលហេតុនៃហានិភ័យទាំងនេះ អាចបណ្តាលមកពីបម្រែបម្រួលនៃកម្រិតអាស៊ីត (pH) ព្រោះថា Douche មានផ្ទុកកម្រិតអាស៊ីតខ្ពស់ ព្រមទាំងមានក្លិនក្រអូបផងដែរ។

- ទម្លាប់ស្លៀកខោទ្រនាប់រឹបតឹងខ្លាំង សើម និងគ្មានខ្យល់ចេញចូល
ខោទ្រនាប់ជាវត្ថុខាងក្រៅមួយដែលនៅជិតស្និទ្ធនឹងតំបន់ទ្វារមាសជាងគេហេតុនេះប្រសិនបើអ្នកមិនបានផ្លាស់ប្តូរខោទ្រនាប់ជាប្រចាំ ទុកឲ្យសើមផ្អាប់ ឬរឹបតឹងខ្លាំង មិនមានខ្យល់ចេញចូល អ្នកអាចប្រឈមនឹងការកើតជំងឺទ្វារមាសដោយពពួកផ្សិត។ ដូច្នេះ អ្នកគួរផ្លាស់ប្តូរការស្លៀកខោទ្រនាប់រឹបតឹង ឬអាចជ្រើសរើសខោទ្រនាប់ប្រភេទសាច់ក្រណាត់កប្បាស ដែលអាចសម្រួលដល់ខ្យល់ចេញចូលបានល្អជាងប្រភេទសាច់ក្រណាត់ដទៃទៀត ឬអ្នកអាចប្រើប្រាស់សំឡីអនាម័យតូចប្រចាំថ្ងៃដែលងាយស្រួលផ្លាស់ប្តូរ ពេលអ្នករវល់ធ្វើការងារពេញមួយថ្ងៃ។

- លាងសម្អាតផ្នែកខាងក្រោយមកទ្វារមាសខាងមុខ
ក្រោយពីបន្ទោបង់រួច ស្ត្រីភាគច្រើនចូលចិត្តមានទម្លាប់បាញ់ទឹកសម្អាតពីទ្វារធំមកទ្វារមាសខាងមុខ។ អ្នកដឹងទេ? ទ្វារធំសម្បូរទៅដោយបាក់តេរីកាចសាហាវច្រើនប្រភេទណាស់ ដោយបាក់តេរីមួយចំនួនមិនបង្កជាជំងឺឡើយនៅទីតាំងទ្វារធំ តែវានឹងបង្កជាជំងឺធ្ងន់ធ្ងរទៅវិញចំពោះទ្វារមាស រួមមានជំងឺរលាកទ្វារមាសជាដើម។

- ហែលទឹករួច ចូលចិត្តផ្អាប់ទុក
អាងហែលទឹកតែងមានកម្រិត pH ខ្ពស់ ដែលយើងអាចហៅម៉្យាងទៀតថាកម្រិតបាស។ មជ្ឈដ្ឋានបាសបែបនេះសម្រួលដល់ការលូតលាស់របស់ពពួកផ្សិតដែលជាមូលហេតុបង្កចំពោះការកកើតជំងឺរលាកទ្វារមាស។ ហេតុនេះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺអ្នកចាំបាច់ត្រូវរូតរះលាងសម្អាតទ្វារមាសជាមួយទឹកអនាម័យស្ត្រីដែលមាន pH សមរម្យ  រួមជាមួយទឹកស្អាតផងដែរ។ សូមចៀសវាងការផ្អាប់ទុករយៈពេលយូរ!

- ប្រើប្រាស់ថ្នាំផ្សះជាញឹកញាប់
ជាក់ស្តែង ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវនៅតែជាកង្វល់ចម្បងចំពោះសុខភាពសាធារណៈទូទាំងសកលលោក ជាពិសេសប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍតែម្តង។ ក្នុងនោះ ការប្រើប្រាស់ថ្នាំផ្សះញឹកញាប់អាចបណ្តាលឲ្យបាក់តេរីល្អរបស់រាងកាយត្រូវបានបាត់បង់ ពីព្រោះការប្រើប្រាស់ថ្នាំផ្សះមិនមែនសម្លាប់តែបាក់តេរីអាក្រក់នោះទេ។ ចំពោះសុខភាពទ្វារមាស ការបាត់បង់បាក់តេរីល្អជាបញ្ហាធ្ងន់ធ្ងរ និងគួរឲ្យបារម្ភ ដោយបាក់តេរីប្រភេទនេះដើរតួនាទីសំខាន់ក្នុងការរក្សាសុខភាពទ្វារមាស បញ្ចៀសពីជំងឺនានា។ សូមកុំប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯងដោយមិនបានពិភាក្សាជាមួយគ្រូពេទ្យ!

- របបអាហារគ្មានជីវជាតិ
អាហារកំប៉ុង អាហារកែច្នៃ ប្រហិត អាហារចៀនបំពងមានយ៉ាងសម្បូរបែបនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ចំពោះសុភាពនារីដែលចូលចិត្តការបរិភោគអាហារបែបនេះ ពិតជាគំរាមកំហែងដល់សុខភាពទ្វារមាសយ៉ាងខ្លាំង។ ផ្ទុយមកវិញ អាហារសម្បូរទៅដោយសារធាតុចិញ្ចឹមមានសមត្ថភាពក្នុងការទ្រទ្រង់សុខភាពរាងកាយទាំងមូល និងសុខភាពទ្វារមាសឲ្យបានរឹងមាំ។ ក្រៅពីការអនុវត្តអនាម័យប្រចាំថ្ងៃដែលត្រឹមត្រូវចំពោះទ្វារមាសសុភាពនារីទាំងឡាយ ចាំបាច់ទទួលទានអាហារសំខាន់ៗមួយចំនួនបន្ថែមទៀតដូចជា បន្លែបៃតង ផ្លែឈើ ទឹកដោះគោជូរជាដើម។

- ការមានដៃគូរួមភេទច្រើន
គឺជាកត្តាមួយក្នុងចំណោមកត្តាបង្កចម្បងនៃជំងឺរលាកទ្វារមាសដែលតែងកើតមានជាញឹកញាប់ចំពោះស្ត្រីដែលមានដៃគូរួមភេទច្រើន។ ដូចនេះដើម្បីបញ្ចៀសពីការកើតជំងឺនេះ អ្នកចាំបាច់កម្រិតនូវការមានដៃគូរួមភេទតាមតែអាចធ្វើបាន។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់