វិធីសាស្រ្តងាយៗដើម្បីបំបាត់មុនខ្នងដ៏គួរឲ្យធុញទ្រាន់

មុខមានមុនហើយ ថែមទាំងមុននៅលើខ្នងទៀត! ស្តាប់ទៅវាជារឿងគួរឲ្យធុញទ្រាន់សម្រាប់អ្នកដែលកំពុងជួបបញ្ហាទាំងពីរនេះដំណាលគ្នា ហើយបើគិតលើការចំណាយក្នុងការកម្ចាត់ចោលក៏ត្រូវទ្វេគុណជាពីរក្នុងពេលតែមួយទៀតផង។

មុនខ្នង អាចបង្កឡើងពីកត្តាច្រើនប្រភេទ ក្នុងនោះរបៀបរបបរស់នៅដែលគ្មានផាសុកភាព និងអាហារក៏ជះឥទ្ធិពលចំពោះការកកើតបញ្ហានេះផងដែរ។ ហេតុនេះដើម្បីអាចកាត់បន្ថយចំណាយច្រើនសម្រាប់កម្ចាត់មុនខ្នងដែលគួរឲ្យរំខានទាំងនេះអ្នកអាចសាកល្បងអនុវត្តវិធីសាស្ត្រងាយៗដែលពាក់ព័ន្ធនឹងរបៀបរស់នៅប្រចាំថ្ងៃ ដូចខាងក្រោម៖

1. សម្អាតខ្លួនបន្ទាប់ពីហាត់ប្រាណ
ការទុកញើស និងភាពកង្វក់ដែលសល់ក្រោយហាត់ប្រាណរួច ជាមូលហេតុចម្បងដែលបណ្តាលឲ្យកើតមុនខ្នង។ ហេតុនេះ អ្នកចាំបាច់ងូតទឹកជម្រះកាយឲ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន។

2. ជម្រុះកោសិកាចាស់ៗ
ប្រើប្រាស់ស្រ្កាប់ជម្រុះកោសិកាជារឿយៗដែលផ្សំពីអាស៊ីតសាលីស៊ីលិច ដើម្បីសម្អាតភាពកង្វក់ និងខ្លាញ់ចេញពីស្បែករបស់អ្នក។ វិធីសាស្រ្តនេះអាចជម្រុះកោសិកាចាស់ៗដែលអាចរាំងខ្ទប់រន្ធញើសបង្កជាមុនបាន។

3. ប្រើសម្លៀកបំពាក់រលុង
ទម្លាប់នៃការស្លៀកពាក់ពេលធ្វើលំហាត់ប្រាណរបស់អ្នកកន្លងមក អាចរំខានដល់មុនខ្នងបានដោយហេតុថាសម្លៀកបំពាក់រឹបតឹងអាចចាប់ទុកភាពកង្វក់ និងខ្លាញ់រឹបចូលក្នុងក្រពេញញើស។ ហេតុនេះ ការស្លៀកសម្លៀកបំពាក់ធូររលុងអាចជួយឲ្យស្បែកអ្នកដកដង្ហើមចេញចូលបានស្រួល។

4. ប្រើប្រេងរុក្ខជាតិ
ជាប្រភេទប្រេងម៉្យាងរបស់រុក្ខជាតិនៃប្រទេសអូស្ត្រាលីដែលត្រូវបានគេនិយមប្រើប្រាស់សម្រាប់បញ្ហាស្បែកច្រើនប្រភេទអស់រយៈពេលជារាប់ពាន់ឆ្នាំ។ មិនត្រឹមតែគ្រាន់ជាការនិយមប្រើប្រាស់តៗគ្នានោះទេ ប៉ុន្តែក៏មានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តជាច្រើនដែលបានបញ្ជាក់អំពីប្រសិទ្ធភាពនៃប្រេងរុក្ខជាតិនេះចំពោះស្បែកដែលមានបញ្ហាពិតមែន ជាពិសេសចំពោះស្បែករោល និងមានមុននេះតែម្តង។
 
5. កុំឲ្យសក់ប៉ះស្បែកខ្នង
សក់វែង ប្រហែលជាអាចបណ្តាលឲ្យភាពកង្វក់ និងប្រេងដែលនៅជាប់សក់ប៉ះស្បែកខ្នង ជាហេតុធ្វើឲ្យស្បែកខ្នងទទួលរងភាពរោល និងស្ទះរន្ធញើស។ អ្នកគួរកក់សក់ឲ្យបានជាប្រចាំ និងចងសក់ឡើងលើឲ្យផុតរាល់ពេលដែលអ្នកធ្វើលំហាត់ប្រាណ ឬធ្វើការងារដែលអាចបញ្ចេញញើស។ ប្រសិនជាអាច អ្នកគួរកាត់សក់ឲ្យខ្លីក្នុងពេលដែលអ្នកកំពុងមានមុនខ្នង។

6. ការពារកម្តៅថ្ងៃដោយប្រុងប្រយ័ត្ន
ការប្រើប្រាស់ផលិតផលការពារកម្តៅថ្ងៃជាការអនុវត្តដ៏ចាំបាច់បំផុតដែលខានពុំបាន ប៉ុន្តែអ្នកត្រូវចាំបាច់ជ្រើសរើសប្រភេទផលិតផលឲ្យបានត្រឹមត្រូវ ដោយហេតុថាផលិតផលប្រភេទនេះសម្បូរទៅដោយប្រេង ដែលជាមូលហេតុបង្កចម្បងនៃការកកើតមុន ដូច្នេះអ្នកគួរជ្រើសរើសផលិតផលការពារកម្តៅថ្ងៃដែលពុំមានជាតិប្រេង។

7. ទទួលទានអាហារសុខភាព
ការសិក្សាបានបង្ហាញថា ការទទួលទានអាហារដែលសម្បូរទៅដោយជាតិផ្អែមអាចបណ្តាលឲ្យមុនកាន់តែមានសភាពធ្ងន់ធ្ងរ។ អាហារទាំងនោះមានដូចជា នំប៉័ងស ដំឡូងបារាំង ឬនំផាស្តារជាដើម។ អ្នកគួរចាប់ផ្តើមទទួលទានអាហារសុខភាពដែលមានដូចជាបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិឲ្យបានច្រើនជំនួសទម្លាប់នៃការទទួលទានអាហារផ្អែមខាងលើ។

មុនខ្នងជាប្រភេទជំងឺដែលអាចព្យាបាលបាន គ្រាន់តែចាប់ផ្តើមផ្លាស់ប្តូរទម្លាប់មិនល្អ បូករួមវិធីសាស្រ្តធម្មជាតិដូចដែលបានរៀបរាប់ខាងលើ នោះអ្នកប្រាកដជាអាចទទួលបានលទ្ធផលជាទីគាប់ចិត្ត។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់