ការជូនដំណឹងពីការប្រមូលមកវិញនូវឱសថព្យាបាលជំងឺលើសសម្ពាធឈាម

ក្រសួងសុខាភិបាលមានកត្តិយសសូមជម្រាបជូនលោក-លោកស្រីវេជ្ជបណ្ឌិត ឱសថការីដែលទទួលខុសត្រូវគ្រឹះស្ថានអាហរ័ណនីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា៖

យោងតាម ASEAN POST-MARKETING ALERT SYSTEM ដែលរាយការណ៍ដោយ Health Sciences Authority របស់សាធារណរដ្ឋសិង្ហបុរី ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ និងរាយការណ៍ដោយ Food and Drug Administration របស់ព្រះរាជាណាចក្រថៃ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ បានតម្រូវឲ្យប្រមូលពីទីផ្សារវិញនូវឱសថព្យាបាលជំងឺលើសសម្ពាធឈាមឈ្មោះ Losartan មានផ្ទុកសារជាតិគីមី Nitrosamine Impurity (N-Nitroso-N-methyl-4-am-inobutyric acid “NMBA”) លើសកម្រិតស្តង់ដារដែលច្បាប់បានអនុញ្ញាត និងអាចបង្កឲ្យមានជំងឺមហារីក។ ឱសថ Losartan ដែលតម្រូវឲ្យប្រមូលពីទីផ្សារវិញនៅសាធារណរដ្ឋសិង្ហបុរី និងព្រះរាជាណាចក្រថៃមានដូចខាងក្រោម៖
១. HYPERTEN Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស MACLEODS Pharmaceuticals Ltd., India គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា
២. Losagen Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស HETERO LABS LIMITED, India គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា
៣. LOSARTAS  Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស INTAS PHARMACETICALS LTD., India គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា
៤. LANZAAR Tablet មានសារធាតុសកម្ម Losartan Potassium កម្រិត ៥០mg, ១០០mg គ្រឹះស្ថានផលិត និងប្រទេស Berlin Pharmaceutical Industry Co., Ltd., Thailand គ្មានក្រុមហ៊ុននាំចូល និងគ្មានលេខបញ្ជិកា។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រសួងសុខាភិបាលបានតាមដានយ៉ាងយកចិត្តទុកដាក់ ហើយពិនិត្យឃើញថាក្នុងចំណោមឱសថ Losartan ទាំងអស់ដែលផលិតដោយគ្រឹះស្ថានផលិតផលឱសថទាំងបួនខាងលើនេះពុំមានចុះបញ្ជិកានៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជួបឬប្រទះឃើញឱសថទាំងអស់ខាងលើនេះមានចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់