ការវិភាគគីមីឱសថសត្វសមុទ្រ និងការវិភាគដោយប្រើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៅក្នុងសារពាង្គកាយទាំងមូលនៃផ្សិតថ្មសមុទ្រដែលមានប្រភពនៅ ក្នុងប្រទេសកម្ពុជា

ផ្សិតថ្មសមុទ្រ ឬ ឈ្មោះវិទ្យាសាស្ត្រ “Pleuractis gravis Nemenzo” គឺជាផ្កាថ្មសមុទ្រដែលស្ថិតក្នុងគ្រួសារ Fungiidae ដែលត្រូវបានគេនិយមប្រើប្រាស់ជាឱសថព្យាបាលជំងឺដែលពាក់ព័ន្ធនឹងការរលាក និងជំងឺមហារីក។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានយកមកប្រើប្រាស់ជាឱសថជំនួយឆ្អឹង និងជំនួយប្រព័ន្ធប្រសាទផងដែរ។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើតេស្តរកឲ្យឃើញនូវសមាសធាតុឱសថ និងកំណត់ឲ្យឃើញនូវចំនួនឱសថដែលមាននៅក្នុងសារពាង្គកាយទាំងមូលនៃផ្សិតថ្មសមុទ្រដែលមានប្រភពនៅក្នុងប្រទេសកម្ពុជា។ សារពាង្គកាយទាំងមូលនៃផ្កាថ្មសមុទ្រស្ងួតត្រូវបានយកមកពីកោះរ៉ុង (GPS: 10°44'25.3"N 103°17'24.8"E) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ក្នុងអំឡុង ខែធ្នូ ឆ្នាំ២០១៨។ សារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រនេះ ត្រូវបានយកមកផ្ទៀងផ្ទាត់ជាមួយនឹងសំណាកផ្កាសមុទ្រ (កូដៈ UPFOPMP-180001) ដែលតម្កល់ទុកនៅក្នុង “តិណាល័យសាកលវិទ្យាល័យពុទ្ធិសាស្ត្រ” (UP-Herbarium)។ សារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រស្ងួតត្រូវបានយកមកធ្វើការចម្រាញ់ដោយអង្គធាតុរំលាយអេតាណុល តាមរយៈវិធីសាស្ត្រចម្រាញ់ត្រាំ “Maceration Extraction”។ រូបធាតុចម្រាញ់ដែលទទួលបានត្រូវបានត្រៀមទុកសម្រាប់ធ្វើតេស្តគីមីឱសថ និងធ្វើតេស្តក្រូម៉ាតូក្រាបភីស្រទាប់ស្តើង។ ដំណើរការនៃការពិសោធទាំងអស់ត្រូវបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍រូបធាតុឱសថនៃមហាវិទ្យាល័យឱសថសាស្ត្រ សកលវិទ្យាល័យពុទ្ធិសាស្ត្រ។ លទ្ធផលនៃការធ្វើតេស្តគីមីឱសថត្រូវបានរកឃើញថា សារពាង្គកាយទាំងមូលនៃផ្សិតថ្មសមុទ្រស្ងួតមានសមាសធាតុឱសថ Alkaloids, Flavonoids, Terpenoids និង Essential Oils។ ចំណែកឯការវិភាគលើក្រូម៉ាតូក្រាបភីស្រទាប់ស្តើងនៃសារពាង្គកាយទាំងមូលរបស់ផ្សិតថ្មសមុទ្រស្ងួត នៅជំហ៊ានរលកចន្លោះពី 254-366 nm និង 10%-H2SO4 នៅក្នុង “Mobile Phase” Toluene-Methanol (9:1) យើងបានញែកឱសថសរុបទាំងអស់ចំនួន 15 អង្គធាតុឱសថ ដែលមានតំលៃ Rf នៅទីតាំងដូចតទៅៈ 0.04, 0.11, 0.15, 0.22, 0.26, 0.31, 0.35, 0.44, 0.64, 0.68, 0.77, 0.82, 0.88, 0.95 និង 0.99។ វត្តមាននៃសមាសធាតុឱសថ និងព័ត៌មាននៃការញែកចំនួនឱសថដោយ TLC នៃផ្សិតថ្មសមុទ្រនេះ គឺជាទិន្នន័យឱសថដ៏សំខាន់ និងមានប្រយោជន៍សម្រាប់អ្នកស្រាវជ្រាវបន្ទាប់ទៀតក្នុងការធ្វើការសិក្សាស្រាវជ្រាវបន្តអំពីការញែកម៉ូលេគុលថ្នាំសំខាន់ៗ ចេញពីផ្សិតថ្មសមុទ្ររបស់កម្ពុជា។

ប្រភពអត្ថបទដោយ អ្នកនិពន្ធដែលជានិស្សិត និងសាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថសាស្ត្រ សាកលវិទ្យាល័យពុទ្ធិសាស្ត្រ៖ កែវ សំអែល ឈិន លក្ខិណា ហៃ ស៊ីដាណេ ហៃ ស៊ីដានិច សេង សុផាន់ណែត លី មល្លិកា នី ច័ន្ទសីហា ជា ស៊ីន

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់