ជំងឺក្រួសផ្លូវទឹកនោមអាចនឹងងាយលាប់ឡើងវិញ

ក្រួសនៅផ្លូវទឹកនោម ជាជំងឺមួយមានអត្រាឈឺខ្ពស់ចន្លោះពី ៥%ទៅ១០% នៃប្រជាជនទាំងអស់។ ជំងឺនេះច្រើនកើតនៅអាយុចន្លោះពី ២០ឆ្នាំទៅ៦០ឆ្នាំហើយបុរសប្រឈមខ្ពស់ជាងស្ត្រីដល់ទៅ ៣ដង។ បច្ចុប្បន្ន គេសង្កេតឃើញថាអត្រានៃអ្នកកើតជំងឺក្រួសក្នុងផ្លូវទឹកនោមហាក់កើនឡើងជាលំដាប់ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ៦០%នៃអ្នកជំងឺដែលព្យាបាលជាពីដំបូងអាចលាប់ឡើងវិញម្តងទៀតរវាង១០ឆ្នាំ ក្រោយមក។

ប្រភេទនៃក្រួសនៅផ្លូវទឹកនោម
យោងតាមលក្ខណៈឃ្មឹករបស់ក្រួសនៅផ្លូវទឹកនោមវាត្រូវបានចែកចេញជាពីរប្រភេទធំៗគឺ៖
• ប្រភេទ Radio opaque៖ ក្រួសដែលថតឃើញដោយកាំរស្មីអុិច
• ប្រភេទ Radio transparent៖ ប្រភេទក្រួសដែលថតកាំរស្មីអុិចមើលមិនឃើញ។

ប្រសិនបើផ្អែកតាមសមាសធាតុគីមីរបស់ក្រួសក្នុងផ្លូវទឹកនោមវិញ វាត្រូវបានបែងចែកជា ៥ប្រភេទធំផ្សេងគ្នា៖
• Phosphate de Calcium មានប្រហែល ១៣%
• Oxalate de Calcium ៧០%
• Phosphate ammoniaco-magnésien ១%
• Calcul cystinique ២%
• Calcul acide urique ១០%។

មូលហេតុបង្កឲ្យមានក្រួស
• កត្តាចំណីអាហារ៖ ការទទួលទានអាហារមួយចំនួនលើសពីតម្រូវការរបស់រាងកាយដែលនឹងត្រូវបញ្ចេញចោលតាមទឹកនោមយូរទៅវានឹងបង្កជាគ្រាប់គ្រីសស្តាល់តូចៗ រួចផ្តុំគ្នាបានទៅជាក្រួស។ អាហារទាំងអស់នោះរួមមានប្រភេទអាហារសម្បូរកាល់ស្យូម (ទឹកដោះគោ) ជាតិប្រូតេអុីន (សាច់) អាហារសម្បូរជាតិអុកសាឡាដ(សូកូឡា តែ)។ ជាមួយគ្នានេះ វាហាក់ដូចជាដោយសារតែអ្នកជំងឺទទួលទានជាតិសរសៃដូចជាបន្លែបានតិចពេកដែរ។
• តំណពូជ៖ ករណីប្រភេទ Calcul cystinique តែងបង្កឡើងពីហ្សែនមួយនៅក្នុងក្រូម៉ូសូមរបស់អ្នកជំងឺ។
• ការបង្ករោគនៅផ្លូវទឹកនោម (Infections urinaires)៖ មេរោគដែលបង្កជំងឺក្នុងទឹកនោមអាចធ្វើឲ្យមានជំងឺក្រួស ហើយក្រួសក៏ជាសម្បុកបង្កមេរោគវិលចុះឡើង (Vice-Versa)។ ឧទាហរណ៍មេរោគមួយប្រភេទហៅថា ប្រូតេអុីស (Proteus)។
• កម្រិតជាតិអាស៊ីតក្នុងទឹកនោម៖ ជាទូទៅកម្រិតជាតិអាស៊ីតធម្មតានៃទឹកនោមគឺ ៥.៨ បើកម្រិតជាតិអាស៊ីតខ្ពស់ ឬទាបជាងធម្មតាវានឹងសម្រួលឲ្យមានការប្រមូលកម្ទេចតូចៗ ទៅជាក្រួស។
• រូបរាងខុសធម្មតានៃតម្រងនោមពីកំណើត៖ ករណីខ្លះតម្រងនោមមានដក់ទឹកនោមជាប្រចាំ ឬទឹកនោមវិលវល់មិនបញ្ចេញចោលអស់ងាយនឹងឲ្យមានការប្រមូលផ្តុំ ចុណ្ណភាគតូចៗ រហូតបង្កើតជាក្រួស។
• ការប្រើថ្នាំ៖ ប្រហែល១%នៃអ្នកជំងឺក្រួសក្នុងផ្លូវទឹកនោមបង្កពីការប្រើថ្នាំរយៈពេលយូរ ដូចជាថ្នាំប្រឆាំងនឹងវីរុស ពិសេសវីរុស HIV ជាដើម។

ក្រៅពីមូលហេតុចម្បងខាងលើ បុគ្គលដែលងាយប្រឈមនឹងជំងឺនេះអាចមាន អ្នកដែលទទួលទានទឹកតិចពេក និងអ្នកជំងឺដែលស្ថិតក្នុងពិការភាពមិនអាចធ្វើចលនាបានច្រើន។ល។

អាការៈនៃអ្នកជំងឺក្រួសផ្លូវទឹកនោម
សញ្ញាមួយចំនួនដែលអាចសង្ស័យថាជាជំងឺក្រួសស្តែងចេញទៅតាមទីតាំង៖សរីរាង្គផ្នែកខាងលើ (Haut appareil urinaire) ឬផ្នែកខាងក្រោម (Bas appareil urinaire) រួមមាន៖
• ផ្នែកខាងលើ៖ អ្នកជំងឺដឹងនឹងមកជួបគ្រូពេទ្យដោយសារមាននូវសញ្ញាឈឺចុកចាប់ខ្លាំង (Colique néphrétique) ចាប់ផ្តើមនៅចង្កេះចាក់មកក្រលៀន គល់ភ្លៅ និងដល់ប្រដាប់ភេទខាងក្រៅ។ ពេលខ្លះអ្នកជំងឺមានសភាពធ្ងន់ៗនៅចង្កេះ ឬពុំមានលេចចេញនូវការឈឺចាប់ណាមួយទាំងអស់ដែលចុងក្រោយអាចធ្វើឲ្យខូចតម្រងនោមដោយមិនដឹងខ្លួនតែម្តង។ ក្រៅពីនេះអ្នកជំងឺអាចមានលេចចេញនូវសញ្ញានោមឈាម មានការបង្ករោគនៅផ្លូវទឹកនោម (Infection urinaire) និងគ្មានទឹកនោម(Anurie)។
• ផ្នែកខាងក្រោម៖ អ្នកជំងឺភាគច្រើនស្តែងចេញជាសញ្ញាពិបាកបត់ជើងតូច ឬឈឺចាប់ពេលបត់ជើងតូច បត់ជើងតូចអាក់ៗ ឬស្ទះនោម និងមានការរលាកផ្លូវទឹកនោមញឹកញាប់។

ការធ្វើរោគវិនិច្ឆ័យក្រួសផ្លូវទឹកនោម
អ្នកជំងឺក្រួសនៅផ្លូវទឹកនោមតម្រូវឲ្យធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យឯកទេសដូចខាងក្រោម៖
• សាកសួរប្រវត្តិរបស់អ្នកជំងឺទាក់ទងនឹងហានិភ័យនានាដែលអ្នកជំងឺអាចមាន
• ការពិនិត្យលើខ្លួនអ្នកជំងឺ៖ មើល ស្ទាប គោះ ស្តាប់(Inspection-Palpation-Percussion-Auscultation)
• ការត្រួតពិនិត្យអមគ្លីនិកដូចជា អេកូតម្រងនោមការថតកាំរស្មីអុិច
• Urographie Intraveineuse (UIV) ដែលជាការចាក់ថ្នាំចូលតាមសរសៃឈាមហើយជាតិថ្នាំចេញតាមផ្លូវទឹកនោម
• ការថតស្គែនដែលមានប្រសិទ្ធភាពខ្ពស់ និងច្បាស់លាស់
• ការពិនិត្យឈាមបន្ថែម
• ការពិនិត្យទឹកនោមរកមើលថាមានឈាមក្នុងទឹកនោមឬអត់ ឬរកសញ្ញានៃការបង្កដោយមេរោគក្នុងទឹកនោម។

ការព្យាបាលក្រួសក្នុងតម្រងនោម
ភាគច្រើនប្រសិទ្ធភាពនៃការព្យាបាលក្រួសក្នុងតម្រងនោមអាចមានការប្រែប្រួលតាមកម្រិតភាពធ្ងន់ធ្ងរនិងរយៈពេលកើត ដែលរួមមាន២ យ៉ាង៖
ការព្យាបាលរោគសញ្ញា
 - ជួយអ្នកជំងឺឲ្យបាត់ឈឺចាប់ដោយប្រើថ្នាំ
 - ប្រសិនមានការបង្ករោគ នោះអ្នកជំងឺនឹងតម្រូវឲ្យព្យាបាលសញ្ញានៃការក្លាយរោគនោះ
 - បង្ហូរទឹកនោមដែលស្ទះ ដោយប្រើបច្ចេកទេសពិសេស៖ ចោះតម្រងនោមតាមចង្កេះ ឬ តាមបំពង់ខាងក្នុងខ្លួន (JJ Stent)។

ការព្យាបាលមូលហេតុ
ករណីក្រួសតម្រងនោមនៅផ្នែកខាងលើ៖
- ការព្យាបាលទី ១គឺ បាញ់ពីខាងក្រៅខ្លួន (Lithtitie extra corporelle: LEC)៖ ក្នុងករណីក្រួសមានទំហំចន្លោះពី ១០ ទៅ១៥មិល្លីម៉ែត្រមិនមានក្លាយមេរោគនិងមិនមានស្ទះទឹកនោមដែលការបាញ់ម្តងមានប្រសិទ្ធភាព៥០% ប៉ុន្តែអ្នកជំងឺអាចបាញ់បានច្រើនដង ក្នុងរយៈពេល១ខែម្តង។ ជាទូទៅអ្នកជំងឺនឹងនោមឈាមបន្ទាប់ពីបាញ់ ប្រសិនបាញ់ញឹកខ្លាំងពេកនឹងបង្កឲ្យខូចតម្រងនោម
- វិធីសាស្ត្រទី២គឺ ចោះតាមចង្កេះ (Néphrolithotomie per cutanée: NLPC)៖ ជាវិធីចោះតម្រងនោមតាមចង្កេះ និងមានប្រើនូវឧបករណ៍ឆ្លុះរួចយកក្រួសចេញ ក្រោយពីបំបែកក្រួសជាដុំតូចៗ។ វាអាចមានផលវិបាកមួយចំនួនដូចជាករណីប៉ះចំសរសៃឈាមដែលនាំឲ្យមានការហូរឈាម ឬមានឆ្លងសរសៃឈាមនៅកន្លែងចោះ៖ Fistule artério-veineuse
- វិធីសាស្ត្រទី៣គឺ វិធីឆ្លុះបំបែកក្រួស (Urétéro rénoscopie flexible)៖ ជាវិធីសាស្រ្តទំនើបដែលមានការស៊កឧបករណ៍ឆ្លុះតាមបង្ហួរនោមឡើងទៅដល់ក្រួស ហើយបំបែកក្រួសជាបំណែកតូចៗ
- វិធីសាស្រ្តទី៤គឺ វះបែបបុរាណ (Chirurgie de la lithase urinaire)៖ វះយកក្រួសចេញបើតម្រងនោមនៅល្អ ឬអាចកាត់តម្រងនោមចោលតែម្តងបើមានក្រួសច្រើន ឬតម្រងនោមខូចខ្លាំង។

ករណីក្រួសផ្លូវទឹកនោមផ្នែកខាងក្រោម ច្រើនកើតលើបុរសដែលជាផលវិបាកនៃការរីកធំរបស់ក្រពេញប្រូស្តាត គឺអាចព្យាបាលដោយវិធីឆ្លុះ ឬដោយវះយកក្រួសចេញ។

- ប្រើថ្នាំរំលាយ៖ មិនមានប្រសិទ្ធភាពគ្រប់ប្រភេទក្រួសទេ។ វិធីនេះអាចបានផលល្អលើប្រភេទក្រួស ដែលថតដោយកាំរស្មីអុិចមិនឃើញ ជាពិសេសក្រួសដែលកើតពីអាស៊ីតអ៊ុយរិច។ បើមានដក់ទឹកក្នុងតម្រងនោម ត្រូវតែរកវិធីបង្ហូរ(Drainage) ទឹកនោមសិន។

ករណីមិនបានទទួលការព្យាបាលត្រឹមត្រូវ ឬព្យាបាលមិនទាន់ពេលអ្នកជំងឺអាចប្រឈមនឹងការបង្ករោគនៅក្នុងទឹកនោម ឬមេរោគអាចចូលទៅដល់ក្នុងឈាម (Septicemia) ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ជីវិត។ ក្រួសក៏អាចបង្កឲ្យខ្សោយ និងខូចតម្រងនោមផងដែរ។ គួរបញ្ជាក់ថា ១០ឆ្នាំក្រោយការព្យាបាល ហើយអ្នកជំងឺអាចនឹងលាប់ ឬរើឡើងវិញក្នុងអត្រា៦០% ប្រសិនអ្នកជំងឺមិនការពារខ្លួនឲ្យបានជាប់លាប់ទេនោះ។

ដើម្បីការពារពីការកើតក្រួសក្នុងផ្លូវទឹកនោម ឬកុំឲ្យលាប់ឡើងវិញ ចាំបាច់ត្រូវព្យាបាលមូលហេតុដែលបង្កក្រួស (បើអាចធ្វើបាន) ហើយត្រូវទទួលទានទឹកឲ្យបានច្រើន (២ ទៅ ២,៥លីត្រ)ក្នុងមួយថ្ងៃ កាត់បន្ថយប្រភេទអាហារដែលអាចនាំឲ្យកកើតក្រួស និងបន្ថែមរបបអាហារដែលមានជាតិសរសៃឲ្យបានច្រើនបំផុត ព្រមទាំងហាត់ប្រាណទៀងទាត់ និងត្រួតពិនិត្យសុខភាពជាប្រចាំតាមការណែនាំ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត គួច ហាច ឯកទេសវះកាត់តម្រងនោម

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨០

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ ​​​​​​

ពាក្យទាក់ទង


មតិយោបល់