សុវត្ថិភាពនៃគភ៌ ដែលមាតាវ័យក្មេងគ្រប់រូបគួរយល់ដឹង

ដើម្បីគភ៌មានសុវត្ថិភាព សម្រាលមកបានទារកស្អាត និងឆ្លាតវាងវៃព្រមទាំងគ្មានគ្រោះថ្នាក់ពេលសម្រាលផងនោះ តើស្រ្តីជាអនាគតមាតាត្រូវអនុវត្តបែបណា?

តទៅនេះ យើងខ្ញុំសូមលើកយកការតាមដានផ្នែកវេជ្ជសាស្រ្ត អាហារ ឱសថ ព្រមទាំងឥរិយាបថខ្លះៗដែលអនាគតមាតាបិតាគប្បីត្រូវដឹង។

ខែទី១ ឬការពិនិត្យនៅត្រីមាសដំបូងនៃគភ៌ ៖ ពេលបាត់រដូវ ឬលើចំនួន៨ថ្ងៃ អ្នកនាងសង្ស័យថាមានគភ៌ អ្នកនាងអាចបញ្ជាក់ខ្លួនឯងបានដោយទិញតេស្តចង់ដឹងមានគភ៌ពីឱសថស្ថាន។ អ្នកនាងអាចជ្រើសរើសទីកន្លែងសម្រាប់តាមដានគភ៌របស់ខ្លួន (រដ្ឋ ឬឯកជន) មន្ទីរពេទ្យ ឬមណ្ឌលសុខភាពណាដែលអ្នកនាងចង់ទៅសម្រាលបុត្រនៅទីនោះ។ តើអ្នកណាជាអ្នកពិនិត្យ? ជាឆ្មប គ្រូពេទ្យផ្នែកសម្ភព រោគស្រ្តី ឬជាមួយគ្រូពេទ្យពិនិត្យជំងឺទូទៅ? នៅខែទី៦ ឬទី៨ នៃគភ៌គ្រូពេទ្យចុងក្រោយនេះនឹងបញ្ជូនអ្នកនាងទៅតាមដាននៅទីកន្លែងដែលអ្នកនាងត្រូវសម្រាល។ ការពិនិត្យផ្ទៃពោះលើកទី ១មានបំណងកំណត់ការចាប់ផ្តើមនៃគភ៌ និងពេលដែលត្រូវសម្រាល។ ការកំណត់ធ្វើឡើងតាមថ្ងៃទីមួយនៃរដូវចុងក្រោយរបស់អ្នកនាង (អ្នកនាងគួរកត់ត្រាទុកក្នុងកូនសៀវភៅមួយនូវថ្ងៃដែលមករដូវរាល់ខែ)។ អាយុគភ៌ជាក់លាក់ធ្វើតាមអេកូសាស្ត្រ។ ពេលពិនិត្យផ្ទៃពោះ គ្រូពេទ្យនឹងពិនិត្យសភាពទូទៅ ពិនិត្យឈាម រកមើលជំងឺខ្វះគ្រាប់ឈាម ថ្លឹងទម្ងន់ វាស់កម្ពស់ស្បូន វាស់សម្ពាធឈាម ថ្លឹងថ្លែងរកសញ្ញាប្រឈមផ្សេងៗជាយថាហេតុ។ តើអ្នកនាងត្រូវប្រាប់ដំណឹងល្អនេះដល់នរណាខ្លះ? បុរសជាស្វាមីអ្នកនាងមុនគេ។ ចុះបងប្អូនម្តាយឪពុក មាមីងញាតិមិត្តជុំវិញខ្លួន? សូមកុំទាន់ សូមរង់ចាំផុតបីខែសិនរង់ចាំបានធ្វើអេកូសាស្រ្តបញ្ជាក់ថាកូនអ្នកនាងប្រក្រតីមានសុខភាពល្អមិនគំរាមរលូតទេ។ អ្នកនាងត្រូវរៀបផែនការមកជួបពេទ្យតាមដានគភ៌មួយខែម្តង សរុបក្នុងរយ:ពេលពពោះពិនិត្យ ៨ដង។ បើមានបញ្ហាមិនស្រួលដូចជាចុកពោះ ធ្លាក់ឈាម គ្រុនក្តៅខ្លួន ក្អួតចង្អោរ ឬរាក។ល។ អ្នកនាងត្រូវមកជួបពេទ្យជាបន្ទាន់ ពុំចាំបាច់រង់ចាំដល់ថ្ងៃណាត់នោះទេ។ ពេលពិនិត្យផ្ទៃពោះម្តងៗ អ្នកនាងនឹងទទួលបានការពិនិត្យទូទៅ និងរោគស្រ្តីផងដែរ។ អ្នកនាងពិគ្រោះជាមួយពេទ្យកុំរារែកកុំអល់អែកនូវបញ្ហាទាំងឡាយដែលអ្នកនាងមិនច្បាស់ ឬចង់ដឹងចង់បញ្ជាក់។ អ្នកនាងក៏ត្រូវប្រុងប្រយ័ត្នចំពោះជំងឺទឹកនោមផ្អែម ឡើងសម្ពាធឈាម ជំងឺអេពីឡិបស៊ី (ខ្មែរហៅថាឆ្កួតជ្រូក) ឈឺបេះដូង ស្បូនមានដុំ កូនភ្លោះ ឬពេលអ្នកនាងមានគភ៌កូនដំបូងនៅអាយុលើសពី ៣៨ឆ្នាំ។ បើអ្នកនាងមានមួយណាក្នុងចំណោមនេះអ្នកនាងកុំខកខានពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

ខែទី២ ៖ ការពិនិត្យរកជំងឺផ្សេងៗពេលគភ៌ចាប់ផ្តើមមានដូចជា៖ រកជំងឺស្អូច (Rubéole), ជំងឺ Toxoplasmose, Salmonella, ជំងឺស្វាយ (កាមរោគ) រកមើលក្រុមឈាម ABO និង RH។ ពិនិត្យជាតិស្ករជាតិប្រៃក្នុងទឹកនោម។  

ខែទី៣ ៖ ការពិនិត្យអេកូសាស្ត្រដែលផ្អែកលើអុលត្រាសុង (Ultrasons) គ្មានគ្រោះថ្នាក់ដល់ទារកទេ ហើយកាន់តែច្បាស់ឡើងៗ តែពុំចាំបាច់ដាច់ខាតនោះទេ។ ជាទូទៅត្រូវពិនិត្យអេកូឲ្យបានបីដង សំខាន់នៅអាទិត្យទី១២ ទី២២ និងទី៣២ គឺត្រីមាសទី១ ទី២ និងទី៣។ អេកូនៅ ១២ ឬ១៣សប្តាហ៍នេះដើម្បីបញ្ជាក់ចំនួនទារក ភាពរស់រានមានជីវិតនៃទារក វាស់ខ្នាតខ្លួនទារករូបសាស្ត្រទារក បរិមាណទឹកភ្លោះ និងវាស់កញ្ចឹងក (Clarté nucale) ដែលអាចមើលឃើញតែនៅសប្តាហ៍ទី ១២ និងទី១៣នៃការតាំងគភ៌ ដើម្បីចង់ដឹងដំបូងបំផុតនៃភាពមិនប្រក្រតីរបស់ទារក។ បើសិនជារកឃើញភាពមិនប្រក្រតី ទារកត្រូវសម្រាលនៅសម្ភពណា ដែលអាចយកអាសារកូនអ្នកនាងបានភ្លាមៗក្រោយកើត។ ការរកឃើញភាពមិនប្រក្រតីនៅត្រីមាសទី២ ឬទី៣ ដូចជាទារកលូតលាស់យឺតចរន្តឈាមក្នុងទងសុកមិនធម្មតា ទាំងនេះ អ្នកនាងត្រូវជួបជាមួយវេជ្ជបណ្ឌិតជំនាញ។ បើអ្នកនាងដឹងថានៅក្នុងគ្រួសារមានជំងឺតពូជ ឬអ្នកនាងមានឆ្លងរោគក្នុងពេលពពោះដូចជាមេរោគស្អូច ឬអុតស្វាយ Toxoplasmose, Cytomegalovirus (អាចមាន) អ្នកនាងក៏ត្រូវជួបជាមួយវេជ្ជបណ្ឌិតជំនាញឲ្យបានឆាប់។

ខែទី៤ ៖ អ្នកនាងចង់ដឹងថាកូនប្រុស ឬស្រី? ទារករបស់អ្នកនាងកម្រើកហើយជាគោលកំណត់សំខាន់ក្នុងខែនេះ។ រីឯត្រចៀកទារកក៏អាចស្តាប់ឮ ភ្នែកក៏អាចមើលឃើញដែរ។ ទារកអ្នកនាងគាត់លេបទឹកភ្លោះរួចហើយ នោមមកវិញជាទៀងទាត់ ធ្វើឲ្យបរិមាណទឹកភ្លោះមានលំនឹង និងសម្រាប់ការពារទារកពីការប៉ះទង្គិចផ្សេងៗ។ ចំណែកខ្លួនប្រាណ អ្នកនាងមានការប្រែប្រួលច្រើន ពោះឡើងទំហំធំ ដោះក៏ដូចគ្នា។ ក្នុងខែនេះ មានរបស់មិនសប្បាយចិត្តអាចកើតមានតែមិនបង្កគ្រោះថ្នាក់ដល់ទារកទេ គឺពពួកផ្សិតនៅតំបន់ប្រដាប់ភេទ និងការឈឺខ្លះៗតាមពួរសាច់ដុំ និងសន្លាក់នានា បើមានសូមអ្នកនាងឆាប់ទៅជួបជាមួយគ្រូពេទ្យជំនាញ។

ខែទី៥ និងខែទី៦ ៖ ពិនិត្យអេកូលើកនេះយូរជាងលើកទីមួយ ព្រោះត្រូវពិនិត្យគ្រប់សរីរាង្គរបស់ទារកថាប្រក្រតីធម្មតា ឬមិនធម្មតា។ សូមចាំថាប៉ុន្មានថ្ងៃមុនមកពិនិត្យអេកូ សូមអ្នកនាងកុំលាបក្រែមស្បែក ព្រោះវានាំឲ្យរូបភាពមិនសូវច្បាស់ ទោះជាអ្នកនាងស្គមស្បែក ពោះស្តើងមិនមានខ្លាញ់ក៏ដោយ។ បើសិនជាអ្នកនាងលើសគីឡូច្រើន គ្រូពេទ្យនឹងស្នើសុំអ្នកនាងពិនិត្យតេស្តអូសុលីវាន់ (O’ Sullivan) សម្រាប់រកជំងឺទឹកនោមផ្អែម។ គ្រូពេទ្យនឹងពិនិត្យរកសញ្ញាផ្សេងទៀតដើម្បីចៀសវាងការសម្រាលមិនគ្រប់ខែ ព្រោះការកន្រ្តាក់របស់ស្បូនម្តងៗអាចនាំឲ្យមានការប្រែប្រួលមាត់ស្បូន (មាត់ស្បូនរួញខ្លី និងបើកចំហ)។

ខែទី៧ និងទី៨ ៖ ដោយទំហំពោះធំបន្តិច អ្នកនាងបត់ជើងតូចរាងញឹកបន្តិច ឯការគេងសម្រាកក៏រាងពិបាក។ ការពិនិត្យពោះលើកនេះគឺស្តាប់សំឡេងបេះដូងទារកនៅ ចន្លោះពី ១២០ ទៅ១៦០ដងក្នុងមួយនាទី។ ការថ្លឹងទម្ងន់ ក្នុងខែនេះអ្នកនាងអាចឡើងបាន ៧-៨គីឡូក្រាម។ កម្ពស់ស្បូនជាមធ្យម ២៧ទៅ៣០សង់ទីម៉ែត្រ។ សម្ពាធឈាមមិនឲ្យលើស ១៤០∕៩០ មិល្លីម៉ែត្របារ៉ត។ ទឹកនោមមិនមានជាតិប្រៃ ឬផ្អែមទេ។

ខែទី៩ ៖ ការពិនិត្យលើកចុងក្រោយដែលអ្នកនាងត្រូវត្រៀមខ្លួនដើម្បីទៅសម្រាលបុត្រនៅមន្ទីរសម្ភព។ អ្នកនាងត្រូវជួបជាមួយគ្រូពេទ្យថ្នាំសណ្តំ។ បើទារកអ្នកនាង មិនវិលក្បាលចុះនៅទទឹង ឬក៏គូថចុះក្រោមអ្នកនាងត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យសម្ភពដែលនឹងជម្រាបអ្នកនាងអំពីការសម្រាលទម្រង់ហុចគូថនេះនិងបើសិនជាទារកពុំអាចនៅដល់ថ្ងៃដែលបានគ្រោងទុកគឺ ៤១អាទិត្យ រាប់ពីថ្ងៃទីមួយនៃការរាំងរដូវ ឬ៣៩អាទិត្យនៃការតាំងគភ៌ហៅថាគ្រប់ខែ។ ទារករបស់អ្នកនាងមានទម្ងន់ជាង ២គីឡូក្រាម គាត់ចេះជញ្ជក់ម្រាមដៃ បេះដូងទារកមាន ៤ថតយ៉ាងត្រឹមត្រូវ។ នៅអាទិត្យទី ៤១ (SA) ទារកអ្នកនាងធំហើយត្រៀមខ្លួនដើម្បីកើតចេញមក។ ពេលនេះទឹកភ្លោះរាងថយ ទារកពុំសូវបម្រះ(បើសិនជាថយចលនាខ្លាំង ឬមិនបម្រះសោះ) សូមអ្នកនាងរួសរាន់ទៅមន្ទីរសម្ភព ដើម្បីបញ្ជាក់ភាពរស់នៃទារក។ ប្រសិនអ្នកនាងធ្វើការងាររដ្ឋ ឬឯកជន អ្នកនាងត្រូវត្រៀមសម្រាកមាតុភាពបីខែហើយ អ្នកនាងត្រូវត្រៀមខ្លួន (ឯកសារនិងសម្ភារៈ) ដើម្បីសម្រាលបុត្រ។ នៅឯណា? នៅទីណាដែលអ្នកនាងកក់ក្តៅ ថាអាចជួយអ្នកនាង និងកូនអ្នកនាងបានទាន់ពេល។

បន្ទាប់ទៅនេះ យើងខ្ញុំនឹងរៀបរាប់អំពីរបបអាហារ និងការទទួលទានថ្នាំ៖
សូមចៀសវាងជំងឺ (Listériose, Toxoplasmose et Salmonellose) ដែលបានរៀបរាប់នៅខែទី២។
ចៀសវាងអាហាររំញោច និងពុល ដូចជាជាតិកាហ្វេអុីនដែលមាននៅក្នុងកាហ្វេ តែ ភេសជ្ជ:ប៉ូវកម្លាំងដែលមានជាតិកាហ្វេអុីន។ សូមប្រុងប្រយ័ត្នកុំពិសាលើសពី ៣ពែងក្នុងមួយថ្ងៃ។ Alcool គ្រប់រូបភាព (Vin, Bière, Cidre, Alcool fort, Liqueur…) អាចផ្តល់គ្រោះថ្នាក់ដល់ទារកអ្នកនាង។ បារី នាំផលវិបាកដល់សុក ដល់ការគំរាមកើតមិនគ្រប់ខែ ទារកលូតលាស់យឺតនៅក្នុងគភ៌ជាដើម។
អ្នកនាងគួរទទួលទានអាហារ ដើម្បីការពារកង្វះខាតនូវជាតិដែក (Le fer) ដែលមាននៅក្នុងត្រី សាច់ ស៊ុត សណ្តែក បន្លែផ្សេងៗជាដើម។ល។ ជីវជាតិ C ជួយឲ្យការបឺតស្រូបជាតិដែកបានឆាប់ល្អ។ កាល់ស្យូម ឲ្យបាន ១ ទៅ២ក្រាមក្នុងមួយថ្ងៃតាមអាយុគភ៌តិច ឬច្រើន។ ជីវជាតិD (ឃើញមាននៅក្នុងត្រីសាម៉ុង ត្រីសាឌីនជាដើម) ដើម្បីជួយបឺតស្រូបកាល់ស្យូមបានល្អដែលជួយកំហាប់ឆ្អឹងល្អ។ ជីវជាតិ K2 ជួយសម្រួលដល់ការស្រូបយកកាល់ស្យូមទៅដល់ទីតាំងដែលត្រូវ ប្រើប្រាស់និងជួសជុលការខ្វះខាត ព្រមទាំងជួយសម្រួលដល់ដំណើរការនៃឈាមកកដែលអាចជួយកាត់បន្ថយនូវកត្តាធ្លាក់ឈាម ក្រោយពេលសម្រាល។ ដើម្បីការពារភាពមិនប្រក្រតីនៃឆ្អឹងខ្នងទារក មុនពេលមានគភ៌អ្នកនាង គួរទទួលទាន ជីវជាតិB9 ដែលហៅថាអាស៊ីតហ្វលិក ឬ ហ្វឡាត ៥ មិល្លីក្រាមក្នុងមួយថ្ងៃឲ្យបានយ៉ាងតិចមួយខែមុនមានគភ៌។ ជីវជាតិB9 មានច្រើននៅក្នុងបន្លែបៃតង ឆៃថាវ ការ៉ុត ស្ពៃ ថ្លើម គ្រឿងក្នុងសត្វស្លាប ។ល។ នៅមានសារធាតុមីក្រូនុយទ្រៀន (Micronutrients) ផ្សេងៗទៀតពុំបានរៀបរាប់ដែលអ្នកនាងត្រូវទទួលទាន។ ដោយសារអាហារប្រចាំថ្ងៃរបស់យើងអាចមិនគ្រប់គ្រាន់នោះ បានជាយើងត្រូវបំពេញបង្គ្រប់តម្រូវការនៃរាងកាយពេលពពោះនេះ។ សូមចៀសវាងកុំទទួលទានថ្នាំអ្វី ក្រៅពីគ្រូពេទ្យជំនាញសរសេរជូន ព្រោះការទទួលទានខុសអាចប៉ះពាល់ដល់ភាពមិនប្រក្រតីនៃសរីរាង្គទារកក្នុងផ្ទៃ។    
អ្នកនាងគប្បីត្រួតពិនិត្យការឡើងទម្ងន់ខ្លួនជារៀងរាល់ខែ មិនគប្បីបណ្តោយឲ្យឡើងទម្ងន់ហួសពេកនោះទេ។ តើអ្នកនាងត្រូវឡើងប៉ុន្មានគីឡូ? អាំងដិចទម្ងន់ខ្លួន (MBI) អ្នកនាង អាចយកទម្ងន់ខ្លួនទៅចែកនឹង(កំពស់គុណនឹងកំពស់គិតជាម៉ែត្រ)។ បើឃើញ២៤ ចុះគឺធម្មតា បើឃើញ ២៥ ទៅ៣០គឺលើសគីឡូហើយ។ បើលើស៣០គឺធាត់ញ៉ុក ខ្លាញ់ហើយ (Obèse)។ ធម្មតាអ្នកនាងអាចឡើងបានពី ៩ ទៅ១២គីឡូក្រាមក្នុង ៩ខែនៃគភ៌គឺ ១ខែ ១គីឡូក្រាម។ បើធាត់ញ៉ុកខ្លាញ់ មួយគភ៌ឲ្យឡើងត្រឹម៥គីឡូក្រាមប៉ុណ្ណោះ។ បើមិនដូច្នោះទេអ្នកនាងអាចជួបការលំបាកពេលសម្រាល។

អំពីសកម្មភាព អនាម័យ និងចំណីអាហារ
អ្នកនាងគួរធ្វើឬគួរទទួលទានបែបណា? ដើរ ឬក៏ហែលទឹកជាការល្អ។ អ្នកនាងត្រូវចៀសវាងការផឹកស្រា ការជក់បារី ឬសារធាតុពុលដទៃទៀតដែលនាំឲ្យមានផលប៉ះពាល់មិនល្អដល់ទារក។ អ្នកនាងត្រូវពិសាអាហារដែលមានកាល់ឡូរីយ៉ាងតិច ១៨០០ កាល់ឡូរីក្នុងមួយថ្ងៃដែល៥០%បានមកពីការទទួលទានបន្លែ ផ្លែឈើ ទឹកដោះគោ យ៉ាអួរ សាច់ ត្រីជាដើម។ ពិសាប្រេងមកពីធម្មជាតិ។ កំណត់បន្ថយអាហារខ្លាញ់ និងស្ករ។ ពិសាទឹកឲ្យបានយ៉ាងតិច ១លីត្រកន្លះក្នុងមួយថ្ងៃ។ ចម្អិនសាច់ និងស៊ុតឲ្យបានឆ្អិនល្អ។ លាងបន្លែបៃតងឲ្យបានស្អាត។ អាហារទាំងបីពេលចៀសវាងកុំពិសាឆ្អែតហល់ព្រោះអ្នកនាងនៅមានអាហារក្រៅពេល ២ ឬ៣ដងទៀតក្នុងមួយថ្ងៃ។ អ្នកនាងត្រូវគិតផងដែរពីការឆ្លងរោគពីចំណីអាហារទាំងនោះ ដូចនេះត្រូវចម្អិនឲ្យឆ្អិនល្អ និងលាងឲ្យស្អាតបំផុតមុនទទួលទាន។ សូមអរគុណ៕

បកស្រាយដោយ៖ សាស្ត្រាចារ្យមហាបរិញ្ញា គ្រុយ លាងស៊ីម ឯកទេសផ្នែកសម្ភព និងរោគស្រ្តី និងជាប្រធាននៃគ្លីនិកសម្ភព វិសាខា

ឯកសារយោង៖ Le Grand Livre de ma grossesse, sous la direction du professeur Jacques Lansac Coordination: docteur Nicolas Evrard./-

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់