ពិបាកបញ្ចេញទឹកនោមអាចជាសញ្ញានៃជំងឺរីកក្រពេញប្រូស្តាត

ជំងឺរីកក្រពេញប្រូស្តាត គឺជាការរីកក្រពេញភេទដែលកើតឡើងទៅលើតែបុរសប៉ុណ្ណោះ។ បើយោងទៅតាមការសិក្សា ជំងឺនេះមិនមែនជាជំងឺតំណពូជនោះទេ តែវាកើតឡើងដោយសារមានបម្រែបម្រួលអាយុកាលនៃអ្នកជំងឺដោយអាចប្រទះឃើញជារោគសញ្ញាភាគច្រើនទៅលើបុរសក្នុងវ័យចន្លោះពី ៤៨ ទៅ៥០ឆ្នាំឡើងទៅ។

ទំនាក់ទំនងនៃការរីកក្រពេញប្រូស្ដាត
បម្រែបម្រួលនៃអាយុជាកត្តាដែលជំរុញឲ្យមានឥទ្ធិពលដល់ការប្រែប្រួលនៃអ័រម៉ូនភេទរបស់បុរសពី Hydrotestosterone ក្រោមអំពើរបស់អង់ស៊ីមម៉្យាងឈ្មោះ 5-Alpha reductase ក្លាយទៅជា Dihydrotestosterone ដែលជាអ័រម៉ូនមួយទៅភ្ញោចកោសិកានៃក្រពេញប្រូស្តាតឲ្យរីកធំពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងស្ងៀមស្ងាត់ ហើយការកើនទំហំនៃប្រូស្តាតនេះបានធ្វើឲ្យបំពង់បង្ហូរទឹកនោមក៏ដូចជាទឹកកាមដែលរត់ឆ្លងកាត់ទៅជាត្បៀតតូច ឬបិទរន្ធជិតតែម្ដងទើបអ្នកជំងឺស្ដែងចេញជារោគសញ្ញានានា។
    
មូលហេតុបង្ក និងកត្តាប្រឈម
ដោយសារតែការរីកនៃក្រពេញប្រូស្តាតត្រូវបានគេប្រទះឃើញនៅលើតែបុរសដែលមានវ័យចំណាស់ និងបុគ្គលដែលមានសកម្មភាពផ្លូវភេទច្រើននោះអាចសបញ្ជាក់ថាមូលហេតុចម្បង និងតែមួយគត់ដែលបង្កឲ្យមានជំងឺនេះគឺបណ្ដាលមកពីការប្រែប្រួលវ័យដោយក្រពេញនេះត្រូវបានដំណើរការចាប់តាំងតែពីពេញវ័យមកម៉្លេះ ហើយចាប់ផ្ដើមរីកទំហំនៅពេលដែលខិតទៅរកវ័យចំណាស់។ ជាក់ស្ដែងការរីកនៃទំហំរបស់ក្រពេញនេះអាចកើតមានជាទូទៅទៅលើបុរសទាំងអស់ ដោយពុំមានរងឥទ្ធិពលជំរុញផ្សេងទៀតណាមួយឡើយ។

រោគសញ្ញា
ជាទូទៅការលេចឡើងនូវរោគសញ្ញាដំបូង អ្នកជំងឺតែងតែមានការធ្វេសប្រហែសមិនបានចាប់អារម្មណ៍ ដោយសារតែវាមិនមានភាពធ្ងន់ធ្ងរដែលជំរុញឲ្យអ្នកជំងឺទៅពិគ្រោះ ឬព្យាបាលភ្លាមឡើយ ក្នុងនោះមានដូចជា៖
• ការបញ្ចេញទឹកនោមខ្សោយ
• ការបញ្ចេញទឹកនោមយូរក្រអស់
• នោមញឹក (៤ ទៅ៥ដង) នៅពេលយប់ ដែលស្ដែងបញ្ជាក់ថាប្រូស្តាតចាប់ផ្ដើមរីកទំហំ។

បន្ទាប់ពីការលេចឡើងនូវរោគសញ្ញាខាងលើ ការរីកទំហំនៃក្រពេញប្រូស្តាតកាន់តែវិវឌ្ឍទៅមុខរហូតដល់ដំណាក់កាលមួយដែលធ្វើឲ្យអ្នកជំងឺស្ទះទឹកនោម ឬនោមចេញតក់ៗ និងនោមញឹកខ្លាំង (លើសពី១០ដងក្នុងមួយយប់) ដែលធ្វើឲ្យមានការរំខានដល់ដំណេកជាដើម ទើបអ្នកជំងឺខ្នះខ្នែងស្វែងរកការពិនិត្យ និងព្យាបាល។

វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ
ដើម្បីឲ្យការកំណត់រោគវិនិច្ឆ័យមានភាពច្បាស់លាស់យើងត្រូវពឹងផ្អែកទៅលើរោគសញ្ញាគ្លីនិក និងនីតិវិធីអមវេជ្ជសាស្រ្តមួយចំនួន។ ក្រៅពីរោគសញ្ញាដែលអ្នកជំងឺបានត្អូញត្អែរខាងលើ វេជ្ជបណ្ឌិតនឹងធ្វើការពិនិត្យផ្ទាល់ទៅលើក្រពេញប្រូស្តាតតាមរយៈការលូកបាត(Rectal Examination) ដែលអាចឲ្យដឹងពីទំហំ រូបរាង និងលក្ខណៈទូទៅនៃក្រពេញនេះ។ វិធីសាស្រ្តលូកបាតនេះអាចឲ្យយើងដឹងថាប្រូស្តាតមានទំហំធំខុសពីធម្មតា និងបាត់ផ្នត់នៅចំកណ្ដាលដែលជាលក្ខណៈទូទៅរបស់វា ហើយក្រៅពីនេះការលូកស្ទាបទៅលើប្រូស្តាតក៏អាចឲ្យយើងទាត់ចោលនូវរោគវិនិច្ឆ័យដែលមានរោគសញ្ញាស្រដៀងគ្នាដូចជា ជំងឺរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃ និងការដុះដុំសាច់នៅលើក្រពេញប្រូស្តាតជាដើម។ បន្ថែមពីលើរោគសញ្ញាគ្លីនិកខាងលើអ្នកជំងឺនឹងត្រូវបានស្នើសុំឲ្យទទួលការពិនិត្យអេកូសាស្រ្ត(Ultrasonography) ដែលអាចបញ្ជាក់កាន់តែច្បាស់ពីទំហំជាក់លាក់នៃប្រូសា្តតក៏ដូចជាការរីករាលដាលនៃកោសិកាប្រូស្តាតចូលទៅក្នុងប្លោកនោម។ ការធ្វើតេស្តឈាមក៏ត្រូវបានចូលរួមចំណែកក្នុងការធ្វើរោគវិនិច្ឆ័យផងដែរ ដោយធ្វើការស្នើសុំការពិនិត្យមុខងារតម្រងនោម និងការពិនិត្យរក Prostate specific antigen(PSA) ក្នុងករណីដែលគេសង្ស័យថាជាមហារីកក្រពេញប្រូស្តាត។

វិធីសាស្រ្ដក្នុងការព្យាបាល
គោលការណ៍នៃការព្យាបាលជំងឺនេះត្រូវបានចែកចេញជាពីរដែលអាស្រ័យទៅលើរោគសញ្ញា និងទំហំនៃក្រពេញប្រូស្តាត៖
• ការព្យាបាលដោយប្រើប្រាស់ថ្នាំ៖ ធ្វើឡើងនៅពេលដែលទំហំនៃប្រូស្តាតតូចជាង ៤០ក្រាម និងមានផលរំខានតិច ដោយអាចប្រើប្រាស់នូវថ្នាំ ២ប្រភេទគឺថ្នាំដែលធ្វើឲ្យសាច់ដុំនៅជុំវិញកប្លោកនោមរលា និងថ្នាំដែលអាចជួយទប់ស្កាត់ការរីក ឬកើនចំនួននៃកោសិកាក្រពេញប្រូសា្តត (5-alpha reductas inhibitor) ដែលប្រសិទ្ធភាពនៃថ្នាំទាំង ២នេះនឹងជួយកាត់បន្ថយនូវរោគសញ្ញាមួយចំនួនខាងលើ។
• ការព្យាបាលដោយការវះកាត់៖ ជាការព្យាបាលត្រូវបានធ្វើឡើងបន្ទាប់ពីបរាជ័យក្នុងការប្រើប្រាស់ថ្នាំ ឬក្នុងករណីដែលប្រូស្តាតមានទំហំធំជាង ឬស្មើ៤០ក្រាម ហើយមានផលរំខានខ្ពស់ដូចជាស្ទះនោមជាដើម។ មធ្យោបាយក្នុងការវះកាត់ត្រូវបានចែកចេញជាពីរទៀតគឺការវះបើកដើម្បីកាត់យកក្រពេញប្រូស្តាត និងការវះកោសសាច់ប្រូស្តាតពីខាងក្នុង។ ការសម្រេចជ្រើសយកការកោសនៃសាច់ប្រូស្តាតនឹងប្រព្រឹត្តិទៅនៅពេលដែលប្រូសា្តតមានទំហំពី ៥០ ទៅ៦០ក្រាម ឬឈានដល់៩០ក្រាម ដែលវាអាស្រ័យទៅលើល្បឿននិងជំនាញនៃវេជ្ជបណ្ឌិតវះកាត់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីហៅថា” Bipolar” ដែលអាចជួយឃាត់ឈាមបានល្អអំឡុងពេលវះកោស ហើយវិធីសាស្រ្តនេះមានផលវិបាកតិចក្រោយពេលវះ និងអាចជាសះស្បើយឆាប់រហ័ស។ ចំណែកឯការវះបើកកាត់យកប្រូស្តាតទាំងមូលគឺត្រូវបានគេជ្រើសរើសនៅពេលដែលប្រូស្តាតមានទំហំលើសពី ៩០ក្រាមឡើងទៅដែលគេត្រូវវះបើកចូលទៅតាមប្លោកនោមដើម្បីលូកកាត់ប្រូស្តាតនោះចេញ។

ផលវិបាក
ការដែលពន្យារ ឬមិនបានទទួលនូវការព្យាបាលបន្ទាប់ពីមានការលេចឡើងនូវរោគសញ្ញានៃជំងឺរីកក្រពេញប្រូស្តាត នោះការវិវឌ្ឍនៃទំហំក្រពេញនឹងកាន់តែរីកធំឡើង ដែលបង្កជាផលវិបាកស្ទះនោមភ្លាមៗ ធ្វើឲ្យមានការឈឺចាប់មិនអាចទ្រាំបាន និងត្រូវធ្វើការវះបើកកាត់យកប្រូស្តាតជាដាច់ខាតដោយពុំអាចប្រើថ្នាំ ឬវះកោសបានឡើយ ព្រោះថាដំណាក់កាលនេះប្រូស្តាតអាចនឹងមានទំហំធំខ្លាំងចាប់ពី ១០០ទៅ១៥០ក្រាម។ ប្រសិនបើអ្នកជំងឺបានទទួលការព្យាបាលទាន់ពេលវេលា នោះគាត់នឹងមិនប្រឈមទៅនឹងផលវិបាកក្នុងការវះកាត់ដូចជា៖
• ការបាត់បង់ឈាមច្រើនអំឡុងពេលវះកាត់ ដែលអាចឈានដល់ការបញ្ចូលឈាម
• ការបន្សល់ទុកស្លាកស្នាមនៅក្រោមផ្ចិត និងការវះបើកប្លោកនោម
• ចំណាយពេលទៅលើការជាសះស្បើយរហូតទៅដល់ ១០ថ្ងៃ ឬលើសពីនេះដែលផលវិបាកទាំងនេះមិនមានកើតឡើងទៅលើការវះកោសក្រពេញប្រូស្តាតឡើយ។

រាល់ការមានផលរំខានសម្រាប់បុរសទៅលើការបញ្ចេញទឹកនោម ដូចជាពិបាកនោម នោមខ្សោយ នោមយូរ និងនោមញឹកសូមរួសរាន់មកពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីទទួលបាននូវការព្យាបាលទាន់ពេលវេលាចំណាយពេលតិច និងមានផលវិបាកទាប។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ចាន់ ប៊ុនថា ឯកទេសផ្នែកវះកាត់ប្រព័ន្ធទឹកមូត្រមន្ទីរពេទ្យព្រះកុសុមៈ និងជាប្រធានមន្ទីរសម្រាកព្យាបាលអុិនដ្រា

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់