FDA អនុម័តឲ្យប្រើប្រាស់ជាផ្លូវការនូវថ្នាំប្រឆាំងកំណកឈាមទី១សម្រាប់ក្មេង

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តថ្នាំចាក់ Fragmin (Dalteparin sodium) សម្រាប់ចាក់ក្រោមស្បែក ដើម្បីបន្ថយរោគសញ្ញាដដែលៗនៃការកកស្ទះសរសៃឈាមវ៉ែនចំពោះក្មេងចាប់ពី ១ខែឡើងទៅ។ ការកកស្ទះសរសៃឈាមវ៉ែនអាចរួមបញ្ចូលទាំងសរសៃវ៉ែនជ្រៅនៅជើង និងស្ទះសរសៃឈាមនៅសួត ដែលអាចឲ្យស្លាប់បាន។

គួរបញ្ជាក់ផងដែរថា នៅឆ្នាំ១៩៩៤ FDA ក៏បានអនុម័តជាលើកដំបូងនៃ Fragmin ដែលមានលក្ខណៈប្រឆាំងកំណកឈាមសម្រាប់មនុស្សពេញវ័យ។ ប្រសិទ្ធភាពរបស់ Fragmin ចំពោះក្មេងត្រូវបានយោងតាមតេស្តមួយ ដែលធ្វើឡើងចំពោះក្មេងមានជំងឺស្ទះសរសៃឈាមវ៉ែន និងស្ទះសរសៃឈាមសួត ៣៨នាក់។ អ្នកជំងឺត្រូវបានព្យាបាលរយៈពេល ៣ខែ ជាមួយនឹងដូសខុសៗគ្នា អាស្រ័យតាមអាយុ និងទម្ងន់របស់ក្មេង។ នៅពេលការសិក្សាបានបញ្ចប់គេរកឃើញថាអ្នកជំងឺ ២១នាក់ ទទួលបានដំណោះស្រាយប្រកបដោយគុណភាពពីបញ្ហាស្ទះសរសៃឈាមសួត ៧នាក់ផ្សេងទៀតមានការថយចុះការវិវឌ្ឍ ឯអ្នកជំងឺ ២នាក់ពុំមានការប្រែប្រួល គ្មានអ្នកជំងឺណាម្នាក់មានការវិវឌ្ឍកើនឡើងឡើយ ហើយអ្នកជំងឺតែម្នាក់ប៉ុណ្ណោះដែលមានការលាប់ឡើងវិញ។

ផលរំខានជាធម្មតានៃអ្នកជំងឺដែលបានប្រើ Fragmin គឺការហូរឈាម រួមបញ្ចូលទាំងការហូរឈាមពីសរសៃឈាម ការថយចុះប្លាកែត ជាំសាច់ ឬឈឺត្រង់កន្លែងចាក់ និងការកើនឡើងនៃកម្រិតអង់ស៊ីមថ្លើម។ សម្រាប់គ្រូពេទ្យ ក៏ដូចជាអ្នកវិជ្ជាជីវៈសុខាភិបាលត្រូវបានណែនាំឲ្យប្រើប្រាស់ថ្នាំនេះដោយប្រុងប្រយ័ត្ន ដោយសារតែការកើនឡើងនូវហានិភ័យនៃការហូរឈាម និងត្រូវត្រួតពិនិត្យការថយចុះនូវប្លាកែតឲ្យបានដិតដល់ រីឯអ្នកជំងឺត្រូវរាប់គ្រាប់ឈាមនៅមន្ទីរពិសោធន៍ជាទៀងទាត់។

ប្រភពយោង៖
https://www.fda.gov/news-events/press-announcements/fda-approves-first-anticoagulant-blood-thinner-pediatric-patients-treat-potentially-life-threatening

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់