ងាយៗកម្ចាត់មុនក្បាលសដោយខ្លួនឯង

សារធាតុកង្វក់ បញ្ហាស្រេ្តស ភាពតានតឹង បម្រែបម្រួលអ័រម៉ូន ជាតិខ្លាញ់ បាក់តេរី និងកោសិកាស្បែកចាស់ៗសុទ្ធសឹងតែជាកត្តាបង្កឲ្យស្ទះរន្ធញើសបណ្តាលឲ្យស្បែកមុខរបស់អ្នកលេចឡើងនូវប្រភេទមុនម៉្យាងហៅថា មុនក្បាលស។ ជាក់ស្ដែង មុនប្រភេទនេះតែងកើតមាននៅលើច្រមុះ ថ្ពាល់ ស្នៀតផ្កា និងថ្ងាសដែលរំខានដល់ការសម្រេចក្ដីប្រាថ្នាក្នុងការមានស្បែកមុខដ៏ស្រស់ស្អាត។ យ៉ាងណាមិញក្រៅពីស្វែងរកសេវានៅតាមគ្លីនិកនានាអ្នកក៏អាចធ្វើការកម្ចាត់មុនទាំងនេះតាមរយៈរូបមន្តខាងក្រោម៖

ទឹកខ្មេះផ្លែប៉ោម
ទឹកខ្មេះផ្លែប៉ោម គឺជាធាតុផ្សំធម្មជាតិដ៏អស្ចារ្យមួយប្រភេទដែលត្រូវបានប្រើក្នុងរូបមន្តសម្រាប់ថែរក្សាស្បែកឲ្យភ្លឺរលោង រក្សាសំណើម និងបន្ថយស្នាមជ្រួញ។ បន្ថែមពីនេះ វាក៏មានមុខងារពិសេសក្នុងការព្យាបាលមុនគ្រប់ប្រភេទ មិនថាមុនក្បាលស ឬក្បាលខ្មៅ ដោយសារមានផ្ទុកនូវប្រភេទអាស៊ីតម៉្យាងជួយប្រឆាំងនឹងការរលាក កម្ចាត់បញ្ហាមុន និងបាក់តេរីដែលបង្កឲ្យមានមុន។ លោកអ្នកគ្រាន់តែយកទឹកខ្មេះផ្លែប៉ោម ២ ទៅ៣ស្លាបព្រាកាហ្វេ និងសំឡីស្អាតមួយដុំ បន្ទាប់យកសំឡីមកដាក់ត្រាំក្នុងទឹកខ្មេះផ្លែប៉ោមដោយបន្ថែមទឹកស្អាតបន្តិច ហើយទុករយៈពេល ៣នាទី រួចបិតនៅលើផ្ទៃមុខ ឬដាក់ផ្ទាល់នៅលើមុនក្បាលសទុកឲ្យស្ងួតរយៈពេល ១៥នាទី សឹមលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗ ដោយអ្នកអាចអនុវត្តចន្លោះពី ២ ទៅ៣ដងក្នុងមួយសប្តាហ៍។

ទឹកឃ្មុំ
សមាសធាតុផ្សំធម្មជាតិមួយទៀត ដែលលោកអ្នកប្រើប្រាស់ញឹកញាប់ ទាំងការទទួលទាន និងការថែរក្សាសម្រស់នោះគឺទឹកឃ្មុំ។ វាក៏មានតួនាទីកម្ចាត់ និងព្យាបាលបញ្ហាស្បែកមុខដូចជា មុខអាល្លែកហ្ស៊ី មុខមុន ពិសេសប្រភេទមុនក្បាលស ព្រមទាំងជួយឲ្យស្បែកមុខរលោង និងមានសំណើមផងដែរ។ ក្រៅពីទទួលទាន អ្នកអាចលាបទឹកឃ្មុំទៅលើស្បែកមុខរបស់អ្នកនៅរាល់ពេលព្រឹកព្រលឹម ឬពេលយប់មុនពេលចូលគេង ទុករយៈពេល ២០នាទីរួចលាងសម្អាតចេញជាមួយទឹកត្រជាក់។ ជម្រើសមួយទៀតអ្នកអាចលាយស៊ុតពណ៌សជាមួយទឹកឃ្មុំ ហើយលាបនៅលើស្បែកមុខ ឬលើមុនរបស់អ្នករយៈពេល ១៥នាទីបន្ទាប់មកលាងជម្រះជាមួយទឹកស្អាត និងសាប៊ូដើម្បីបំបាត់ក្លិនរបស់ស៊ុតពណ៌សជាការស្រេច។ អ្នកគ្រាន់តែអនុវត្តវិធីសាស្រ្តធម្មជាតិនេះជារៀងរាល់ថ្ងៃដើម្បីស្បែកមុខគ្មានមុន គ្មានស្នាម និងទន់រលោង។

ស្រ្កាប់ស្ករស
ស្រ្កាប់ស្ករសមានអត្ថប្រយោជន៍សម្រាប់ជួយធ្វើឲ្យស្បែកទន់រលោង ស្រស់ថ្លា និងជម្រះនូវកោសិកាស្បែកចាស់ៗចោល ពិសេសកម្ចាត់មុនក្បាលសបានយ៉ាងមានប្រសិទ្ធភាព។ បន្ថែមពីនោះ ស្រ្កាប់ស្ករសមានលក្ខណៈពិសេសម៉្យាងដែលជួយដល់ចលនាឈាមរត់នៅលើផ្ទៃមុខឲ្យប្រសើរឡើង និងធ្វើឲ្យស្បែកមុខដកដង្ហើមបានល្អ។ អ្នកគ្រាន់តែយកស្ករស ១ស្លាបព្រាបាយ ទឹកឃ្មុំ ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ៣ ឬ៤ដំណក់ ដាក់បញ្ចូលគ្នារួចកូរល្បាយឲ្យសព្វល្អ បន្ទាប់មកធ្វើការម៉ាស្សាថ្នមៗនៅលើស្បែកមុខដែលមានមុនក្បាលសរយៈពេល ២ទៅ៣នាទីរួចទុកចោលរយៈពេល ៣ទៅ៥នាទី សឹមលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកអាចអនុវត្ត២ដងក្នុងមួយសប្តាហ៍សម្រាប់ប្រសិទ្ធភាពកាន់តែល្អ។

ម្សៅសូដា
ដោយហេតុថានៅក្នុងម្សៅសូដាមាននូវសារធាតុម៉្យាងដែលមានប្រសិទ្ធភាពសម្អាតកោសិកាស្បែកចាស់ៗចេញ ហើយធ្វើឲ្យស្បែកមុខមានសំណើម និងទន់រលោងពិសេសវាជួយបំបាត់ស្នាម កម្ចាត់មុនក្បាលស និងមុនក្បាលខ្មៅបានថែមទៀតផង។ លើសពីនេះវាអាចរក្សាតុល្យភាព pH និងទប់ស្កាត់ការផលិតជាតិខ្លាញ់ដែលបង្កឲ្យកើតមុនក្បាលស។ លោកអ្នកគ្រាន់តែយកម្សៅសូដា ២ឬ៣ស្លាបព្រាកាហ្វេលាយជាមួយទឹកសមស្រប ហើយធ្វើការកូរល្បាយនោះឲ្យសព្វល្អ បន្ទាប់មកធ្វើការលាប ឬម៉ាស្សាថ្នមៗនៅលើផ្ទៃមុខ និងមុនក្បាលស រួចទុករយៈពេល ១៥ទៅ២០នាទីចាំលាងសម្អាតជាមួយទឹកក្តៅឧណ្ហៗជម្រះជាការស្រេច។ អ្នកអាចអនុវត្តវិធីសាស្រ្តនេះជារៀងរាល់មួយ ឬពីរដងក្នុងមួយសប្តាហ៍ដើម្បីព្យាបាលមុនក្បាលសពីផ្ទៃមុខបានយ៉ាងមានប្រសិទ្ធភាព។

ថ្នាំអាស្ពីរីន
អាស្ពីរីន មានផ្ទុកនូវសារធាតុអាស៊ីត សាលីស៊ីលិចដែលជួយកម្ចាត់បាក់តេរី កម្ចាត់ចោលកោសិកាចាស់ៗ ប្រឆាំងការរលាក និងព្យាបាលបញ្ហាស្បែកមុខមួយចំនួនដូចជា ស្នាមជ្រីវជ្រួញ ស្បែកស្ងួត មុខឡើងមុនពិសេសមុនក្បាលស។ អ្នកគ្រាន់តែយកថ្នាំអាស្ពីរីន ២ ទៅ៣គ្រាប់កិនឲ្យម៉ត់លាយជាមួយទឹកស្អាតក្នុងបរិមាណសមស្រប ដោយកូរឲ្យសព្វក្លាយជាល្បាយមួយខាប់ល្មម រួចធ្វើការលាបល្បាយនោះទៅលើច្រមុះ និងផ្ទៃមុខដែលមានបញ្ហា ឬកន្លែងមានមុនក្បាលសហើយទុកឲ្យស្ងួតរយៈពេល ៧ ទៅ៨នាទី សឹមលាងសម្អាតជាមួយទឹកត្រជាក់។ លោកអ្នកអាចធ្វើការអនុវត្តចន្លោះ មួយ ទៅពីរដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានស្បែកមុខគ្មានជ្រួញ មានសំណើម និងបាត់មុនផងដែរ។
 
ទោះបីគ្រឿងផ្សំ ៥យ៉ាងខាងលើរក្សាឲ្យអ្នកមានផ្ទៃមុខគ្មានមុន និងស្អាតយ៉ាងណាក៏ដោយ អ្នកក៏ត្រូវបន្តថែរក្សាភាពស្អាតនេះឲ្យបានស្ថិតស្ថេរយូរអង្វែងតាមរយៈការអនុវត្តនូវគន្លឹះជាប្រចាំថ្ងៃរួមមាន៖
• លាងសម្អាតផ្ទៃមុខមួយថ្ងៃ២ដង ពេលព្រឹក និងពេលចូលគេងឲ្យបានទៀងទាត់ជាមួយហ្វូមដែលមានជាតិទឹកដោះគោ ឬលាងសម្អាតទឹកក្តៅឧណ្ហៗ
• ស្ទីមមុខជាមួយទឹកក្តៅឧណ្ហៗជាប្រចាំ
• រក្សាអនាម័យសក់ និងខ្នើយកើយឲ្យបានស្អាត
• លាបសេរ៉ូម និងឡេការពារកម្តៅព្រះអាទិត្យដែលមាន SPF ១៥ ឡើងទៅ
• ទទួលទានទឹកឲ្យបានយ៉ាងហោចណាស់ ៨ ទៅ ១០កែវក្នុងមួយថ្ងៃ
• កាត់បន្ថយអាហារមានជាតិខ្លាញ់ និងភេសជ្ជៈ ដែលមានផ្ទុកជាតិអាល់កុល និងកាហ្វេ
• បង្កើនការទទួលទានបន្លែ ផ្លែឈើ និងសាច់ដែលមានផ្ទុកនូវវីតាមីន និងអាស៊ីតខ្លាញ់អូមេហ្គា-៣។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់