វិធីសាស្រ្តសម្រកទម្ងន់ដ៏មានប្រសិទ្ធភាពចំនួន ៥យ៉ាងសម្រាប់ស្ត្រីក្រោយអស់រដូវ

ភាគច្រើននៃស្រ្តីអស់រដូវតែងឡើងទម្ងន់ដោយមិនដឹងមូលហេតុពិតប្រាកដ។ យ៉ាងណាក៏ដោយនេះមិនមានន័យថាការសម្រកទម្ងន់មិនអាចធ្វើបាននោះទេគ្រាន់តែអ្នកត្រូវស្វែងយល់ពីវិធីសាស្រ្តកែតម្រូវរបៀបរបបនៃការរស់នៅដើម្បីទូទាត់ភាពប្រែប្រួលនៃកម្រិតអ័រម៉ូនដែលបានកើតឡើង។

១ ថែរក្សាសុខភាពពោះវៀន
បាក់តេរីល្អនៅក្នុងពោះវៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាឲ្យបាននូវតុល្យភាពរាងកាយ ពិសេសប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ។ ការសិក្សាបានបង្ហាញថាសុខភាពពោះវៀនល្អនឹងជួយសម្រួលកម្រិតអ័រម៉ូនអឺស្ត្រូហ្សែនដែលប្រែប្រួលឲ្យបានប្រសើរឡើងវិញ ពីព្រោះនៅក្នុងវ័យអស់រដូវ កម្រិតអ័រម៉ូនអឺស្ត្រូហ្សែនក្នុងឈាមបានធ្លាក់ចុះយ៉ាងគំហុក និងអាចកើនឡើងវិញម្តងម្កាល ដែលជាមូលហេតុចម្បងបង្ករោគសញ្ញាក្តៅក្រហល់ក្រហាយ អារម្មណ៍ប្រែប្រួល និងឡើងទម្ងន់ជាដើម។ ដើម្បីទទួលបានពោះវៀនដែលមានសុខភាពល្អ អ្នកគួរ៖
• កាត់បន្ថយអាហារផ្អែមកែច្នៃ តែបង្កើនការបរិភោគអាហារសរសៃ
• បរិភោគបន្លែ ផ្លែឈើ ជាពិសេសអាហារប្រភេទPrebiotic ដែលមានដូចជា ខ្ទឹមបារាំង ខ្ទឹមស ស្ពៃ ឬចេក
• ទទួលទានប្រភេទអាហារងាយរំលាយ និងបង្កើនបាក់តេរីល្អដែលមានដូចជាទឹកដោះគោជូរ ឬទទួលទានអាហារបំប៉នប្រភេទ Probiotic ដែលមានគុណភាពខ្ពស់
• ពិសាទឹកឲ្យបានច្រើន
• កាត់បន្ថយអាហារចៀន គ្រឿងស្រវឹង កាហ្វេ និងGluten។

២ ធ្វើលំហាត់ប្រាណបែប HIIT(High Intensity Interval Training)
អស់រយៈពេលជាច្រើនឆ្នាំ សាច់ដុំ និងមេតាបូលីសរបស់អ្នកបានធ្លាក់ចុះបណ្តើរៗ ខណៈពេលដែលខ្លាញ់ចាប់ផ្តើមកកើតឡើងបន្តិចម្តងៗកជាដុំជុំវិញក្បាលពោះ ដើមដៃ ភ្លៅជាដើម។ ហេតុនេះ HIIT (High Intensity Interval Training) ដែលជាប្រភេទកីឡាប្រើប្រាស់កម្លាំងខ្លាំង អាចជាការរត់ ដើរលឿន ឬលើកដុំទម្ងន់ធ្ងន់ៗ គឺស័ក្តិសមបំផុតសម្រាប់ជួយបង្កើនសាច់ដុំ ព្រមទាំងជំរុញការធ្វើមេតាបូលីសក្នុងរាងកាយដើម្បីដុតបំផា្លញខ្លាញ់ដែលសេសសល់។ អ្នកអាចធ្វើលំហាត់ប្រាណនេះ ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ ការសិក្សាបានបង្ហាញថា ស្ត្រីដែលបានធ្វើកីឡាប្រភេទនេះជួយបង្កើនដង់ស៊ីតេឆ្អឹង ព្រមទាំងអាចសម្រួលកម្រិតអ័រម៉ូនដែលធ្លាក់ចុះបានទៀតផង។

៣ គេងឲ្យបានគ្រប់គ្រាន់
ទោះអ្នកស្ថិតក្នុងអាយុណាក៏ដោយ ការគេងមិនគ្រប់គ្រាន់ជាកត្តាចម្បងបណ្តាលឲ្យការស្រកទម្ងន់ប្រព្រឹត្តទៅយ៉ាងលំបាក។ ហេតុនេះ ទម្លាប់នៃការគេងត្រឹមត្រូវដោយចាប់ផ្តើមតាមរយៈការកំណត់ម៉ោងរោទិ៍មុនចូលគេង កម្រិតការប្រើប្រាស់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចផ្សេងទៀតយ៉ាងតិច ១ម៉ោងមុនចូលគេង។ ម៉្យាង អ្នកក៏អាចរៀបចំបន្ទប់គេងឲ្យបានស្អាត ព្រមទាំងមានបរិយាកាសស្រស់ស្រាយ ក្លិនក្រអូបមានខ្យល់ចេញចូលគ្រប់គ្រាន់ដែលអាចបង្កជាលក្ខណៈអំណោយផលដល់ការឆាប់គេងលក់ និងគេងលក់បានស្កប់ស្កល់។

៤ បោះបង់ស្ករ បន្ថយសារធាតុរំញោច
សារធាតុរំញោច ដូចជាកាហ្វេអុីន និងសារធាតុផ្អែមអាចបណ្តាលឲ្យមានបញ្ហាខ្វះជាតិទឹក ព្រមទាំងជះឥទ្ធិពលអវិជ្ជមានដល់កម្រិតជាតិស្ករ និងអ័រម៉ូនក្នុងឈាម។ ហេតុនេះ អ្នកគួរចាប់ផ្តើមផ្លាស់ប្តូរការទទួលទានភេសជ្ជៈប្រភេទនេះ ដោយប្តូរមកជាការទទួលទានតែបៃតង ឬទឹកក្រូចស្រស់ច្របាច់ដែលជាប្រភពនៃថាមពល ការរំញោច និងការបង្កើនមេតាបូលីសក្នុងរាងកាយប្រកបដោយសុខភាពល្អ។

៥ កាត់បន្ថយស្ត្រេស
មានការសិក្សាវិទ្យាសាស្ត្រជាច្រើនដែលបានបង្ហាញទំនាក់ទំនងរវាងភាពស្ត្រេស និងការឡើងទម្ងន់។ ដោយសារបម្រែបម្រួលអ័រម៉ូនក្នុងរាងកាយខ្លាំងពេកបណ្តាលឲ្យស្ត្រីក្រោយអស់រដូវមានភាពប្រឈមខ្ពស់ជាមួយការកើនឡើងភាពស្ត្រេស។ ដើម្បីកាត់បន្ថយភាពស្រេ្តសទាំងនេះ ស្ត្រីទាំងឡាយអាចអនុវត្តការធ្វើកីឡា និងលំហាត់ប្រាណដែលពួកគាត់ពេញចិត្ត អាចជាការធ្វើយូហ្គា ម៉ាស្សា ឬចាក់ម្ជុលវិទ្យាសាស្ត្រដោយអ្នកជំនាញជាដើម។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់