ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូឆ្នាំ២០១៩ ដើម្បីលើកកម្ពស់ និងអភិរក្សស៊ីក្លូខ្មែរឲ្យមានសន្ទុះខ្លាំងក្នុងវិស័យទេសចរណ៍

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហការជាមួយក្រសួងទេសចរណ៍ សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដែលមានការចូលរួមសហការគាំទ្រដោយសាលាក្រុងភ្នំពេញ និងគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជាបានរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ ដើម្បីលើកទឹកចិត្តដល់អ្នកប្រកបរបរធាក់ស៊ីក្លូ លើកកម្ពស់ និងអភិរក្សស៊ីក្លូក្នុងវិស័យទេសចរណ៍ដោយសំដៅការទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។

ជាក់ស្តែង ព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩នេះ ធ្វើឡើងក្រោមប្រធានបទ «អភិរក្សស៊ីក្លូដើម្បីទេសចរណ៍» ដែលប្រារព្ធទៅនាថ្ងៃទី ២២ និង២៣ ខែមិថុនា ឆ្នាំ២០១៩ ដោយរៀបចំឡើងនៅសួនច្បារព្រះនាងប្រាជ្ញាបរមី (ជិតសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាផងដែរ។

នាឱកាសនោះ លោក ថោង ខុន បានថ្លែងក្នុងកម្មពិធីថាស៊ីក្លូមិនត្រឹមតែបានដើរតួនាទីជាមធ្យោបាយធ្វើដំណើរមួយដែលមិនប៉ះពាល់បរិស្ថាន និងអាចបម្រើដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែវាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ដោយទាក់ទាញភ្ញៀវទេសចរណ៍ និងផ្តល់បទពិសោធន៍ថ្មីៗនៃទេសចរណ៍ទីក្រុង តាមរយៈការផ្តល់សេវាកម្មស៊ីក្លូទេសចរណ៍។ ក្នុងនោះផងដែរ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថាព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចំាងពីការលើកទឹកចិត្តគាំទ្រ និងចូលរួមអភិរក្សដល់អ្នកប្រកបរបរស៊ីក្លូ ពិសេសដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិរក្សត្រីចក្រក្រយានកម្ពុជាស៊ីក្លូក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លើសពីនេះ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ថាដោយមើលឃើញពីបញ្ហាប្រឈមនេះទើបជំរុញឲ្យមានការរៀបចំព្រឹត្តិការណ៍ប្រណាំងស៊ីក្លូទេសចរណ៍ឆ្នាំ ២០១៩ នេះឡើងក្នុងគោលបំណងបង្កើនប្រជាប្រិយភាព បង្កើនការប្រើប្រាស់ស៊ីក្លូ និងចំណូលដល់អ្នកធាក់ស៊ីក្លូដើម្បីគាំពារដល់មុខរបរធាក់ស៊ីក្លូកុំឲ្យបាត់បង់តាមរយៈការប្រើប្រាស់ស៊ីក្លូក្នុងវិស័យទេសចរណ៍។

គួរបញ្ជាក់ផងដែរថា អ្នកជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកាចំនួន ៤០ម៉ឺនរៀល ចំណាត់ថ្នាក់លេខ២ ទទួលបានថវិកា ៣២ម៉ឺនរៀល និងចំណាត់ថ្នាក់លេខ៣ ទទួលបានថវិកា ២៤ ម៉ឺនរៀល។ ដោយឡែក អ្នកចូលរួមដែលមិនទទួលបានជ័យលាភីក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តក្នុងម្នាក់ៗថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់