ទម្លាប់ ៧យ៉ាងសាមញ្ញៗដែលការពារអ្នកពីអាការៈក្អក

ក្អកគួរឲ្យរំខានណាស់មែនទេ? ជឿជាក់ថានរណាៗក៏មិនចង់ជួបបញ្ហានេះដែរ! ហេតុនេះអត្ថបទខាងក្រោមនឹងបង្ហាញអ្នកពីមូលហេតុនិងវិធីសាស្រ្តការពារខ្លួនងាយៗដែលអាចអនុវត្តឲ្យក្លាយជាទម្លាប់បាន។

អ្វីខ្លះជាកត្តាជំរុញឲ្យក្អក?
ក្អកជារេផ្លិចដ៏សំខាន់មួយដែលកើតឡើងរាល់ពេលមានការរំខាននានាដល់ដំណើរការរបស់ប្រព័ន្ធដង្ហើម។ ជាក់ស្តែង វាអាចបណ្តាលមកពី៖
+ ការជក់បារី៖ សារធាតុគីមីដែលមានក្នុងបារីអាចរំខាន និងបំផ្លាញកោសិកាសួតយ៉ាងធ្ងន់ធ្ងរ។ ការជក់បារីរយៈពេលយូរអាចបណ្តាលឲ្យសួតបង្កើតជាសារធាតុរំអិលយ៉ាងច្រើន ជាហេតុធ្វើឲ្យមានក្អកស្លេស្មជាប្រចាំ
+ កត្តាអាល្លែកហ្សុី៖ អាការៈនេះអាចកើតឡើងចំពោះបុគ្គលមួយចំនួនតូចដែលជាទូទៅ លម្អងផ្កា រោមសត្វ ជាកត្តាប្រឈមដែលកើតមានឡើងជាញឹកញាប់
+ សារធាតុរំខានដែលមានក្នុងបរិស្ថាន៖ មានសារធាតុរំខានជាច្រើនដែលមានក្នុងបរិយាកាស និងនៅក្នុងផ្ទះ ដូចជាផ្សែង អ័ព្ទក៏អាចជះឥទ្ធិពលបានផងដែរ
+ ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ៖ ការបង្ករោគដោយពពួកបាក់តេរី មួយចំនួន ព្រមទាំងជំងឺហឺតជាកត្តាចម្បងដែលបណ្តាលឲ្យមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលអាចមានដូចជាជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD) ជំងឺក្រិនសួត (Pulmonary fibrosis) ជាដើម
+ ខ្យល់ពុល៖ ការរស់នៅក្នុងទីក្រុង ចរាចរណ៍មមាញឹក តំបន់ជិតរោងចក្រសុទ្ធតែអាចបង្កជាហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាពផ្លូវដង្ហើមដែលអ្នកអាចមើលរំលង។

ការពារបានយ៉ាងណាខ្លះ?
ជាការពិត អ្នកនៅតែអាចការពារខ្លួនបានយ៉ាងប្រសើរក្នុងការទប់ទល់ពីបញ្ហាក្អកតាមរយៈការយល់ដឹងអំពីមូលហេតុបង្កចម្បងៗដែលបានរៀបរាប់ខាងលើដោយវិធីសាស្ត្រ ៧យ៉ាងសាមញ្ញៗមានដូចជា៖
១. បញ្ឈប់ការជក់បារី បន្តិចម្តងៗតាមតែអាចធ្វើបាន
២. ប្រសិនជាអាច អ្នកគួរព្យាយាមជ្រើសរើសកន្លែងការងារណាដែលមិនប៉ះពាល់ដល់ផ្លូវដង្ហើម
៣. បន្ទប់គួរមានសំណើមជានិច្ច
៤. ព្យាយាមសង្កេត និងការពារខ្លួនពីកត្តាបង្កអាល្លែកហ្សុីមួយចំនួនដែលអ្នកធ្លាប់ប្រទះ ដែលអាចមានជាប្រភេទអាហារ លម្អងផ្កា រោមសត្វជាដើម។ គួរបញ្ជាក់ថា អ្នកអាចប្រើប្រាស់ថ្នាំប្រឆាំងអាល្លែកហ្សុីជាមុន នៅរាល់ពេលដែលអ្នកគិតថាអ្នកអាចប៉ះជាមួយកត្តាប្រឈមទាំងនោះ
៥. ប្រសិនបើអ្នកកំពុងមានជំងឺហឺត សូមព្យាយាមគ្រប់គ្រងជំងឺនេះឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ
៦. លាងដៃឲ្យបានស្អាត និងញឹកញាប់ ដើម្បីចៀសវាងការបង្ករោគ
៧. រក្សាប្រព័ន្ធការពាររាងកាយឲ្យនៅមានសុខភាពល្អជានិច្ច តាមរយៈការទទួលទានរបបអាហារត្រឹមត្រូវ សម្បូរសារធាតុចិញ្ចឹម បន្លែ ផ្លែឈើ ដែលសម្បូរដោយវីតាមីន (វីតាមីន C និងវីតាមីនចម្រុះ) លំហាត់ប្រាណទៀងទាត់ សម្រាកឲ្យបានគ្រប់គ្រាន់ព្រមទាំងអនុវត្តការរស់នៅដែលមានអនាម័យ ដើម្បីគេចផុតពីការឆ្លងរោគនៅផ្លូវដង្ហើម។

គួររំឭកដែរថា ភាគច្រើននៃបញ្ហាក្អកគឺបណ្តាលមកពីជំងឺប្រព័ន្ធផ្លូវដង្ហើម ជាពិសេសគឺជំងឺផ្តាសាយ ជំងឺរលាកសួត និងជំងឺរបេងជាដើម ហេតុនេះសូមប្រុងប្រយ័ត្នជាមួយការឆ្លងរោគទាំងនោះ។

សម្រួលអាការៈនេះបែបណា?
ការព្យាបាលអាស្រ័យទៅតាមមូលហេតុបង្ក ប៉ុន្តែក្នុងនោះអ្នកក៏អាចប្រើប្រាស់វិធីសាស្ត្រខាងក្រោមដើម្បីសម្រាលភាពរំខានដែលកើតមានឡើង៖
- ការលាយទឹកក្តៅឧណ្ហៗ ជាមួយក្រូចឆ្មារ និងទឹកឃ្មុំ
- ការពិសាទឹកក្ដៅឧណ្ហៗ ជំនួសឲ្យការទទួលទានទឹកត្រជាក់
- ចៀសវាងការបរិភោគអាហារប្រៃ បំពង និងហឹរ
- កាត់បន្ថយការទទួលទានគ្រឿងស្រវឹង
- ប្រើប្រាស់ថ្នាំបំបាត់ក្អកដែលអាចរកទិញបាននៅតាមឱសថស្ថាន ជាមួយការណែនាំប្រើប្រាស់ត្រឹមត្រូវ។

រក្សាប្រព័ន្ធការពាររាងកាយឲ្យរឹងមាំជាមួយការបញ្ចៀសពីកត្តាអាល្លែកហ្សុីនានា ជាវិធីសាស្ត្រដ៏ប្រសើរក្នុងការការពារពីបញ្ហាក្អក។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់