ប្រសិទ្ធភាពនៃការបញ្ចូលកាល់ស្យូមនិងវីតាមីន D ក្នុងគ្រាប់ថ្នាំតែមួយ

កាល់ស្យូម ជាតម្រូវការដ៏ចម្បងមួយសម្រាប់ភាពរឹងមាំ និងហាប់ណែននៃឆ្អឹងចាប់តាំងពីអ្នកនៅក្មេង និងបន្តរហូតដល់ពេញមួយជីវិតនៅពេលអាយុចាប់ផ្ដើមកើនឡើង។ ដោយឡែក វីតាមីន D ក៏ជាសារធាតុដែលត្រូវប្រើជាចាំបាច់សម្រាប់សម្របសម្រួលមុខងាររបស់កាល់ស្យូម ដែលជាហេតុធ្វើឲ្យសារធាតុទាំង២ប្រភេទនេះមាននៅក្នុងគ្រាប់តែមួយ ដើម្បីទទួលបានប្រសិទ្ធភាពល្អ និងកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់។

លក្ខណៈឱសថ
កាល់ស្យូម ជាសារធាតុរ៉ែមួយប្រភេទដែលភាគច្រើនឃើញមានក្នុងកម្រិតដល់ទៅ ៩៩% នៅក្នុងឆ្អឹង និងធ្មេញ។ បន្ថែមពីមុខងារសម្រាប់ការរក្សាស្ថានភាពរបស់ឆ្អឹង វាក៏មានតួនាទីធ្វើឲ្យសាច់ដុំកន្រ្តាក់ និងរ៉ាប់រងចលនាចង្វាក់បេះដូងផងដែរ។ ជារៀងរាល់ថ្ងៃអ្នកអាចនឹងប្រឈមការបាត់បង់កាល់ស្យូមតាមរយៈស្បែក ក្រចក សក់ ញើស ទឹកនោម និងលាមកហើយសម្រាប់ការនាំចូលសារធាតុត្រលប់មកវិញគឺធ្វើឡើងតាមការបរិភោគអាហារពីខាងក្រៅដោយហេតុថា កាល់ស្យូមមិនអាចផលិតដោយឯកឯងនៅក្នុងរាងកាយនោះទេ។ ជាក់ស្ដែង អាហារដែលសម្បូរនូវកាល់ស្យូមមានដូចជាទឹកដោះគោ ត្រី គ្រាប់អាល់ម៉ុន បន្លែស្លឹកពណ៌បៃតង និងអាហារសុខភាពផ្សេងទៀត។

វីតាមីន D ត្រូវបានគេហៅថាវីតាមីនព្រះអាទិត្យ ដោយសារតែវីតាមីនប្រភេទនេះនឹងធ្វើការផលិតនៅពេលរាងកាយបានប៉ះជាមួយពន្លឺព្រះអាទិត្យយ៉ាងណាមិញវាក៏មានវត្តមាននៅក្នុងអាហារ ឬឱសថបំប៉នផ្សេងទៀតផងដែរ។ វីតាមីននេះមានលក្ខណៈជួយការពារឆ្អឹងកុំឲ្យងាយពុកផុយនៅពេលអាយុកាន់តែច្រើនតាមរយៈការជួយបឺតស្រូបយកកាល់ស្យូមចូលទៅក្នុងរាងកាយ។ ក្រៅពីនោះ វីតាមីន D ក៏មានអត្ថប្រយោជន៍ជាច្រើនទៀតរួមមាន៖
    • គាំទ្រប្រព័ន្ធភាពស៊ាំរាងកាយ ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ
    • សម្រួលមុខងាររបស់សួត និងសរសៃឈាមបេះដូង
    • ជួយរក្សាតុល្យភាពរបស់អាំងស៊ុយលីន និងគ្រប់គ្រងស្ថានភាពជំងឺទឹកនោមផ្អែម។ល។

សកម្មភាពឱសថ
កាល់ស្យូម មានតួនាទីមិនអាចខ្វះបាន សម្រាប់ធានាមុខងាររបស់សរសៃប្រសាទ កោសិកាសាច់ដុំ និងឆ្អឹង ឯវីតាមីន D មានសមត្ថភាពជួយសម្រួលក្នុងការស្រូបយកកាល់ស្យូមចូលទៅក្នុងរាងកាយ។ ការប្រើប្រាស់កាល់ស្យូមនិងវីតាមីន D ក្នុងបរិមាណសមស្របអាចធ្វើឲ្យឆ្អឹងរបស់អ្នកបន្តនូវភាពរឹងមាំ។ ជាក់ស្ដែងការរួមផ្សំកាល់ស្យូម និងវីតាមីន D ក្នុងឱសថតែមួយ មានគុណសម្បត្តិសម្រាប់ការពារ ឬព្យាបាលបញ្ហាដូចជា៖
    • កង្វះកាល់ស្យូមក្នុងឈាម
    • ជំងឺពុកឆ្អឹង
    • ឆ្អឹងចុះខ្សោយ
    • ស្រ្តីមានផ្ទៃពោះដែលត្រូវការកាល់ស្យូមបន្ថែម
    • ស្រ្តីក្រោយអស់រដូវ។ល។

កម្រិត និងការប្រើប្រាស់
ចំនួនដងនៃការប្រើប្រាស់អាច ១ ទៅ២គ្រាប់ជាប្រចាំថ្ងៃ ចំណែកកម្រិតគឺមានការប្រែប្រួលទៅតាមបុគ្គលដែលជាទូទៅមនុស្សពេញវ័យអាចប្រើបានក្នុងកម្រិត ៦០០ មិល្លីក្រាម ហើយអាចកើនឡើងដល់ ១០០០មិល្លីក្រាមទៅតាមតម្រូវការផ្សេងៗគ្នា។ ជាទូទៅកាល់ស្យូម និងវីតាមីន D គួរលេបនៅពេលអាហារ ឬបន្ទាប់ពីញ៉ាំអាហារនីមួយៗ ដែលអាចបង្កើនការស្រូបឱសថឲ្យកាន់តែមានប្រសិទ្ធភាព។

ផលរំខាន
វីតាមីនប្រភេទនេះអាចនឹងបង្កផលរំខាននានាដោយអ្នកអាចសង្កេតឃើញរួមមាន៖
    • ទល់លាមក ឬបញ្ហាក្រពះ
    • ចង្អោរ ក្អួត
    • បាត់បង់ការចង់ញ៉ាំអាហារ
    • ឈឺក្បាល ឬឈឺចាប់តាមសាច់ដុំ
    • អស់កម្លាំង ឬល្ហិតល្ហៃ
    • ប្រតិកម្មអាល្លែកហ្ស៊ី ស្ដែងចេញជាកន្ទួលរមាស់នៅលើមុខ អណ្តាត និងបំពង់ក
    • ធីងធោង ឬពិបាកដកដង្ហើមជាដើម។

ប្រសិនផលរំខានខាងលើបន្តកើតឡើងជាប្រចាំ និងកាន់តែធ្ងន់ធ្ងរ អ្នកគួរប្រាប់ដំណឹង ឬជួបពិគ្រោះជាបន្ទាន់ជាមួយវេជ្ជបណ្ឌិតជំនាញ។

បម្រុងប្រយ័ត្ន
មុនពេលប្រើប្រាស់ឱសថ អ្នកត្រូវប្រាប់ទៅកាន់វេជ្ជបណ្ឌិត ឬឱសថការីក្នុងករណី៖
- អ្នកមានជំងឺបេះដូង សរសៃឈាម វិបត្តិតម្រងនោម ជំងឺថ្លើម ជំងឺប្រព័ន្ធរំលាយអាហារ ឬមានភាពមិនប្រក្រតីនៃប្រព័ន្ធភាពស៊ាំការពាររាងកាយ
- ចំពោះស្រ្តីពពោះ៖ ដោយហេតុថាការប្រើប្រាស់ឱសថណាមួយត្រូវធ្វើក្នុងករណីជាចាំបាច់តែប៉ុណ្ណោះ
- ឱសថប្រភេទនេះអាចជ្រាបក្នុងទឹកដោះម្តាយនោះការប្រើប្រាស់អំឡុងពេលបំបៅដោះក៏ទាមទារការពិភាក្សាជាមុន។

លោកអ្នកអាចស្វែងរក កាល់ស្យូម និងវីតាមីន D នៅលើទីផ្សារបាន ដោយមានឈ្មោះដូចជា Sunlife Calcium+ Vitamin D3, Osteocare, Calcivita, One Q Gummy Calcium & Vitamin D។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់