សញ្ញាជំងឺមហារីកលំពែងដែលអ្នកមិនចាប់អារម្មណ៍

លំពែង ជាសរីរាង្គមួយក្នុងចំណោមសរីរាង្គជាច្រើនដែលគ្រប់គ្នាស្ទើរតែមិននឹងនាដល់។ ជាទូទៅ មុខងារចម្បងរបស់វាគឺជួយដល់ការរំលាយអាហារ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ប្រជាជនប្រមាណក្រោម ២% នឹងត្រូវបានរកឃើញថាមានជំងឺមហារីកលំពែងក្នុងជីវិតរស់នៅរបស់ពួកគេ។

កត្តាហានិភ័យនៃមហារីកលំពែង
• ការរលាកលំពែងរ៉ាំរ៉ៃ
• ប្រវត្តិគ្រួសារធ្លាប់មានជំងឺមហារីកលំពែង និងហ្សែនដែលអាចបង្កើនហានិភ័យនៃមហារីក (ដូចជា Lynch syndrome ជាដើម)
• មានជំងឺទឹកនោមផ្អែមលើសពី ៥ឆ្នាំ
• ទទួលទានអាហារប្រភេទសាច់ពណ៌ក្រហម ឬសាច់កែច្នៃច្រើន
• ជក់បារី
• លើសទម្ងន់
• ភេទ (កើតលើបុរសច្រើនជាងស្ត្រី)
• អាយុ (ភាគច្រើនកើតលើមនុស្សចាស់លើសពី៦០ឆ្នាំ តែក៏មានករណីកើតលើអ្នកដែលមានអាយុ២០-៣០ឆ្នាំដែរ)
• ជាតិសាសន៍ (បុគ្គលដែលស្ថិតក្នុងជាតិសាសន៍អាហ្វ្រិច-អាមេរិកមានហានិភ័យខ្ពស់ជាងគេក្នុងការវិវឌ្ឍទៅជាមហារីកលំពែង)។

ការព្យាករមហារីកលំពែង ជាទូទៅស្ទើរតែមិនអាចធ្វើបាន ហើយវាក៏ស្ថិតក្នុងអត្រាការស្លាប់ខ្ពស់បំផុតក្នុងចំណោមមហារីកផ្សេងទៀតផងដែរ។ ជាក់ស្តែងត្រឹម ៨%ប៉ុណ្ណោះនៃអ្នកជំងឺមហារីកលំពែងរស់នៅបាន ៥ឆ្នាំបន្ទាប់ពីធ្វើរោគវិនិច្ឆ័យដោយហេតុថាមហារីកលំពែងពិបាកកំណត់រកនៅដំណាក់កាលដំបូង។ ម៉្យាងលំពែងស្ថិតនៅជ្រៅក្នុងរាងកាយដែលដុំសាច់ដំបូងមិនអាចត្រូវបានមើលឃើញ ឬមានអារម្មណ៍ដឹង និងមិនសូម្បីអាចសម្គាល់បាន រហូតមហារីកបានរាលដាលទៅសរីរាង្គផ្សេងទៀត។ ដូច្នេះ វាពិតជាសំខាន់ណាស់ក្នុងការស្វែងយល់អំពីសញ្ញានៃមហារីកលំពែង។

សញ្ញាទូទៅនៃមហារីកលំពែងដែលអ្នកត្រូវដឹង
១. ភ្នែក និងស្បែកឡើងលឿង៖ មហារីកលំពែងចាប់ផ្តើមនៅផ្នែកក្បាលលំពែងដែលនៅជិតបំពង់ទឹកប្រមាត់។ ដុំសាច់សង្កត់ និងបិតទៅលើបំពង់ទឹកប្រមាត់ដែលនាំទឹកប្រមាត់ពីថ្លើម និងថង់ទឹកប្រមាត់កាត់តាមលំពែងទៅកាត់ពោះវៀនតូច។ តួនាទីរបស់ទឹកប្រមាត់គឺដើម្បីបំផ្លាញប៊ីលីរុយប៊ីន (Bilirubin) ដែលជាកាកសំណល់នៃកោសិកាឈាមក្រហម ដូច្នេះនៅពេលដំណើរការនេះមិនអាចធ្វើបានប៊ីលីរុយប៊ីនលើសបង្កជាសញ្ញាលឿងលើស្បែក និងភ្នែក។
២. ហើមពោះ៖ នេះគឺជាសញ្ញាដំបូងមួយដែលគ្រប់គ្នាតែងកត់សម្គាល់ឃើញ ប៉ុន្តែវាបែរជាត្រូវបានយល់ថាជាសញ្ញាតូចតាចមិនគួរឲ្យបារម្ភ និងពុំចាំបាច់ទៅជួបគ្រូពេទ្យ។
៣. បាត់បង់ចំណង់អាហារ និងចង្អោរ៖ មហារីកលំពែងលូតលាស់ក្នុងពោះដែលវាអាចផ្តល់សម្ពាធដល់សរីរាង្គជុំវិញរួមទាំងក្រពះផងដែរ។ ជាលទ្ធផលអ្នកជំងឺមានអាម្មណ៍ចង្អោរ ឬមានអារម្មណ៍ថាឆ្អែតសូម្បីតែមិនបានញ៉ាំអ្វីសោះជាច្រើនម៉ោង។ លើសពីនេះអ្នកជំងឺក៏អាចមានអារម្មណ៍ថាឈឺសូម្បីតែពេលញ៉ាំ។
៤. ស្រកទម្ងន់៖ ការបាត់បង់ចំណង់នៃការទទួលទានអាហារ អាចងាយនឹងធ្វើឲ្យមានការស្រកចុះនូវទម្ងន់ខ្លួនលឿន ដែលជាធម្មតាកំណត់ដោយការថយចុះលើសពី៥%នៃទម្ងន់ខ្លួន ក្នុងចន្លោះពី៦ខែ ដល់១ឆ្នាំ។
៥. ឈឺខ្នងចង្កេះ៖ នៅពេលមហារីកលំពែងលូតលាស់ វាសង្កត់ ឬផ្តល់សម្ពាធដល់ឆ្អឹងកងខ្នងផ្នែកខាងក្រោម និងសាច់ដុំខ្នង បង្កឲ្យមានការឈឺចាប់ថេរ។ បើការឈឺចាប់នេះនៅតែបន្តជាដរាប អ្នកត្រូវស្វែងរកការត្រួតពិនិត្យភ្លាម។
៦. ទឹកនោមពណ៌ស្រអាប់៖ ពណ៌ស្រអាប់នៃទឹកនោមជាញឹកញាប់ត្រូវបានសម្គាល់ថាជាសញ្ញាណដំបូងនៃមហារីកលំពែងដែរ។ ដោយសារតែដុំសាច់បង្កឲ្យទឹកប្រមាត់ចេញតិច និងកម្រិតប៊ីលីរុយប៊ីនក្នុងឈាមកើនឡើង ទឹកនោមក្លាយជាពណ៌ត្នោត។ ប្រសិនអ្នកព្យាយាមបង្កើនការញ៉ាំទឹក ប៉ុន្តែទឹកនោមនៅមិនប្រែពណ៌មកធម្មតាវិញ វាដល់ពេលដែលអ្នកត្រូវត្រួតពិនិត្យរកសញ្ញាដំបូងនៃមហារីកលំពែងហើយ។
៧. រមាស់ជាប្រចាំ៖ គ្រប់ការរមាស់ស្បែកទាំងអស់គឺជាសញ្ញាព្រមានដំបូងនៃជំងឺមហារីកលំពែង។ ដោយសារប៊ីលីរុយប៊ីនកើនឡើងក្នុងស្បែក ជាមូលហេតុធ្វើឲ្យរមាស់មុនលេចចេញសញ្ញាលឿងស្បែក។ ដូច្នេះបើអ្នកមិនអាចរកឃើញនូវសញ្ញានៃការរមាស់របស់អ្នកដូចជា សត្វខាំ ឬប្រតិកម្មអាល្លែកហ្ស៊ី និងមិនជាបន្ទាប់ពីលាបថ្នាំទេនោះអ្នកត្រូវជួបគ្រូពេទ្យដើម្បីត្រួតពិនិត្យជាបន្ទាន់។
៨. លាមកពណ៌ស្លេក និងមានក្លិនស្អុយ៖ លាមកពណ៌ប្រផេះ ឬស្លេកជាងធម្មតា និងមានខ្លាញ់ គឺជាសញ្ញាមិនល្អនោះទេ។ វាកើតឡើងដោយសារតែការប្រែប្រួលនៃដំណើរការប៊ីលីរុយប៊ីន ដែលជាធម្មតាវាត្រូវបានបញ្ចេញចោលតាមរយៈពោះវៀនជាលាមក និងមានពណ៌ត្នោតចាស់ ប៉ុន្តែនៅពេលទឹកប្រមាត់មិនមានគ្រប់គ្រាន់ព្រោះដុំសាច់បានទៅរារាំង ទើបធ្វើឲ្យប៊ីលីរុយប៊ីនមិនអាចបញ្ចេញចោលបាន និងបែរជាប្រមូលផ្ដុំនៅក្នុងប្រព័ន្ធរាងកាយទៅវិញ ដែលជាហេតុធ្វើឲ្យពណ៌ និងរូបរាងលាមកមានសភាពប្រែប្រួល។ នេះអាចបញ្ជាក់បានថាជាមូលហេតុនៃមហារីកលំពែង។
៩. ឈឺពោះ៖ ការឈឺចាប់ដែលមិនមានភាពច្បាស់លាស់អាចជាសញ្ញាដំបូងនៃជំងឺមហារីកលំពែង ដោយសារតែទីតាំងលំពែងនៅក្រោយ ផ្នែកខាងក្រោមពោះ ក្រោយក្រពះ ដុំសាច់នោះអាចធ្វើឲ្យអ្នកឈឺក្រពះផ្នែកខាងក្រោម ដោយមិនគិតលើអ្វីដែលអ្នកបានញ៉ាំ។

ចងចាំថាវាតែងតែល្អបំផុតក្នុងការត្រួតពិនិត្យនូវសញ្ញាសង្ស័យនិងបញ្ជាក់ថាពុំមានបញ្ហា ជាជាងបាត់បង់អ្វីមួយដែលសំខាន់!

បកស្រាយដោយ៖ វេជ្ជបណ្ឌិត Turobova Tatiana ឯកទេសមហារីកចំពោះកុមារ និងមហារីកទូទៅ ព្រមទាំងជាប្រធានផ្នែកជំងឺមហារីកនៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់