លេង Facebook យូរទៅធ្វើឲ្យបាក់ទឹកចិត្ត?

ធ្លាប់មានអារម្មណ៍ថា ច្រណែនមិត្តក្នុង Facebook មែនទេ? ធ្លាប់គិតថា ហេតុអ្វីខ្ញុំចំណាយពេលឥតប្រយោជន៍ច្រើនជាមួយ Facebookបែបនេះ? ហេតុអ្វី?.....តាមពិតមានហេតុផល ២យ៉ាងរវាងទំនាក់ទំនងនៃការបាក់ទឹកចិត្ត និងការប្រើប្រាស់ Facebook ដែលត្រូវបានបកស្រាយដូចខាងក្រោម៖

១. ចំណាយពេលច្រើនពេក
ការប្រើប្រាស់ហ្វេសប៊ុកដោយមានពេលវេលាត្រឹមត្រូវនិងក្នុងគោលបំណងប្រើប្រាស់ជាប្រយោជន៍ណាមួយច្បាស់លាស់ពិតជាមិនបានផ្តល់ជាបញ្ហាចោទនោះទេ។ ប៉ុន្តែភាគច្រើននៃអ្នកប្រើប្រាស់ដែលទទួលអារម្មណ៍អវិជ្ជមាន ពិសេសអាចបណ្តាលឲ្យបាក់ទឹកចិត្តនោះ គឺប្រើច្រើនលើសកម្រិត អូសចុះ អូសឡើង ជាពិសេសមិនបានបែងចែកពេលវេលាសម្រាប់ការប្រកបការងារ ឬរៀនសូត្រឲ្យមានប្រសិទ្ធភាពឡើយ ជាហេតុធ្វើឲ្យពួកគាត់តែងមានអារម្មណ៍ខុសឆ្គងចំពោះខ្លួនឯង ដែលមិនអាចប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ បង្កើនចំណូល ឬបង្កើនចំណេះដូចអ្នកដទៃឬដូចដែលបានគ្រោងទុក។

២. ចូលចិត្តប្រៀបធៀប
ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងខែមិថុនា ឆ្នាំ២០១៦ នៃ Current Opinion in Psychology បានរកឃើញថាភាពច្រណែនមិត្តភក្តិក្នុង Facebook អាចបណ្តាលឲ្យកើតជាជំងឺបាក់ទឹកចិត្ត។ តាមរយៈ ការអូសចុះឡើង New Feeds ដែលសុទ្ធតែជារូបភាពពោរពេញដោយសុភមង្គលភាពជោគជ័យនានា ដំណើរកម្សាន្តក្រៅប្រទេស គូស្នេហ៍ដ៏ផ្អែមល្អែម ឡើងតំណែងការងារ ជាប់អាហារូបករណ៍ទៅសិក្សាក្រៅប្រទេស រាងកាយដ៏ស្រលូន ស៊ិចស៊ីចំពោះនារី ឬរាងកាយសម្បូរទៅដោយសាច់ដុំចំពោះបុរស។ល។ សុទ្ធតែអាចបណ្តាលឲ្យអ្នកទទួលអារម្មណ៍ច្រណែន ប្រៀបធៀបជីវិតអ្នកជាមួយគេព្រមទាំងប្រាថ្នាឲ្យបានដូចគេទៀតផង។ ពេលខ្លះ អ្នកតែងគិតថាហេតុអ្វីពិភពលោកនេះលម្អៀងចំពោះអ្នកម្ល៉េះ? ហេតុអ្វីអ្នកមិនអាចទទួលបានភាពរីករាយដូចគេ?

ក្នុងករណីអ្នកកំពុងមានអារម្មណ៍អវិជ្ជមានបែបនេះសូមព្យាយាមអនុវត្តការគិតនិងដាក់ផែនការចំពោះខ្លួនឯងដូចខាងក្រោមដើម្បីទទួលបានអារម្មណ៍ប្រសើរឡើងវិញ៖
- ព្យាយាមកាត់បន្ថយការប្រើប្រាស់ Facebook បែបអកម្ម (Passive User) ដែលគ្រាន់តែអូសចុះឡើងដើម្បីមើលថាមានអ្វីខ្លះដែលបានកើតឡើងចំពោះមិត្តភក្តិអ្នក
- កំណត់ពេលវេលាប្រើប្រាស់ឲ្យបានច្បាស់លាស់ និងប្រើក្នុងពេលកំណត់មួយ (ក្នុងករណីជា Passive User)
- ត្រូវសប្បាយរីករាយ និងត្រេកអរជាមួយការទទួលបានរបស់មិត្តភក្តិអ្នក តែមិនមែនច្រណែននោះទេ
- ត្រូវគិតថា ការបង្ហាញចេញរបស់មិត្តភក្តិអ្នកក្នុងបណ្តាញសង្គម គ្រាន់ជាផ្នែកមួយនៃជីវិតរបស់ពួកគេប៉ុណ្ណោះ។

គ្មាននរណាម្នាក់នឹងបង្ហាញភាពឥតខ្ចោះនៃគ្រួសារ ឬជីវិតផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃដឹងឡើយ! ជីវិតពោរពេញទៅដោយភាពផ្អែមល្អែម ល្វីង ជូរចត់ដូចគ្នា។ ម៉្យាងអ្នកត្រូវចាំថា ជីវិតរបស់បុគ្គលម្នាក់ៗលើលោកយើងនេះមានវាសនាមិនដូចគ្នាទេ ចំណែកការកំណត់និយមន័យជោគជ័យ និងសុភមង្គលកាន់តែផ្សេងគ្នាទៀត ប៉ុន្តែសំខាន់អ្នកត្រូវចេះប្រើប្រាស់ពេលវេលាប្រចាំថ្ងៃអ្នកឲ្យអស់លទ្ធភាព ព្រមទាំងរីករាយនូវអ្វដែលអ្នកកំពុងមាន និងព្យាយាមសម្រេចនូវអ្វីដែលអ្នកប្រាថ្នានាពេលអនាគត។

Facebook មិនមែនជាកត្តាបង្កហេតុទេ ប៉ុន្តែការប្រើប្រាស់មិនត្រឹមត្រូវទៅវិញទេដែលជាបញ្ហាប្រឈមសំខាន់បណ្តាលឲ្យបាក់ទឹកចិត្តដោយមិនដឹងខ្លួន។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់