ទម្លាប់មិនល្អជំរុញឲ្យមានក្រួសក្នុងតម្រងនោម

ក្រួសក្នុងតម្រងនោម កើតឡើងនៅពេលដែលដុំរឹងតូចៗធម្មតាដែលមានក្នុងទឹកនោមមិនត្រូវបានបញ្ចេញចោល និងចាប់ផ្តើមប្រមូលផ្តុំបង្កើតបានជាដុំរឹងកាន់តែធំឡើងៗនិងអាចបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើមិនបានការព្យាបាលត្រឹមត្រូវ។ ជាក់ស្តែងមូលហេតុដែលជំរុញឲ្យកើតជាក្រួសតម្រងនោមមានច្រើន ដោយរួមបញ្ចូលទាំងកត្តាតំណពូជ និងសកម្មភាពប្រចាំថ្ងៃមិនល្អជាច្រើនរួមមាន៖

- ពិសាទឹកមិនគ្រប់គ្រាន់
បុគ្គលដែលមិនសូវចូលចិត្តញ៉ាំទឹក មានភាពប្រឈមខ្ពស់ក្នុងការកកើតក្រួសតម្រងនោម ដោយហេតុថាបរិមាណទឹកកាន់តែច្រើនការភ្ជាប់គ្នានៃដុំរឹងតូចត្រូវបានកាត់បន្ថយ ព្រមទាំងត្រូវបានបញ្ចេញជាញឹកញាប់។ ជាមធ្យមអ្នកគួរទទួលទានទឹកយ៉ាងតិច ២លីត្រក្នុង ១ថ្ងៃ តែទោះជាយ៉ាងណាតម្រូវការទឹកប្រចាំថ្ងៃអាចប្រែប្រួល អាស្រ័យទៅតាមតំបន់រស់នៅ (ក្តៅ ឬត្រជាក់) សកម្មភាពប្រចាំថ្ងៃជាដើម។ 

- ប្រភេទអាហារសម្បូរអុកសាឡាត (Oxalate)
ក្រួសក្នុងតម្រងនោមមានច្រើនប្រភេទដែលភាគច្រើននៃប្រភេទក្រួសទាំងនោះកើតឡើងនៅពេលកាល់ស្យូម និងអុកសាឡាតចាប់ភ្ជាប់គ្នាអំឡុងពេលដែលតម្រងនោមកំពុងផលិតទឹកនោម។ អុកសាឡាត ជាសារធាតុគីមីម៉្យាងដែលសម្បូរនៅក្នុងអាហារសុខភាពដូចជាប្រភេទស្ពៃខ្មៅ សណ្តែកដី សូកូឡា តែ ដំឡូងលឿងជាដើម។ ហេតុនេះអ្នកប្រហែលគួរតែបន្ថយការបរិភោគអាហារប្រភេទនេះ ប្រសិនបើអ្នកធ្លាប់មានប្រវត្តិកើតក្រួសនេះពីមុនមក។

- អាហារប្រៃខ្លាំង 
របបអាហារដែលមានផ្ទុកអំបិលច្រើនពេកអាចបង្កើននូវបរិមាណកាល់ស្យូមនៅក្នុងតម្រងនោម ហើយអាចបង្កើនហានិភ័យនៃការកកើតក្រួសតម្រងនោមផងដែរ។ អាហារទាំងនោះមានដូចជា ប្រភេទអាហារកំប៉ុង មី កញ្ចប់ អាហារផ្អាប់ សាច់ប្រឡាក់ជាដើម។ អ្នកអាចទទួលទានអំបិលជាមធ្យមប្រមាណ ២០០០មិល្លីក្រាម (២ ក្រាម) ក្នុង ១ ថ្ងៃ។

- សាច់
កត្តាមួយទៀតដែលអាចបង្កឲ្យមានហានិភ័យនៃជំងឺនេះគឺ ទឹកនោមមានលក្ខណៈអាស៊ីតខ្លាំងពេក ដែលជាទូទៅបណ្តាលមកពីការបរិភោគសាច់ក្រហម (សាច់គោ សាច់ជ្រូក...) លៀស គ្រំ ខ្យង ខ្ចៅក្នុងបរិមាណច្រើន។ ម៉្យាងវិញទៀត ប្រូតេអីុនទាំងនេះអាចបង្កើនកម្រិតកាល់ស្យូម និងបន្ថយកម្រិតស៊ីត្រាត (Citrate) ក្នុងទឹកនោមដែលជាមូលហេតុចម្បងជំរុញឲ្យដុំក្រួសកើតឡើង។

- ការប្រើប្រាស់ឱសថ
ជាក់ស្តែង ជំងឺក្រួសក្នុងតម្រងនោមក៏អាចបង្កមកពីការប្រើប្រាស់ឱសថមួយចំនួនលើសកម្រិត និងរយៈពេលយូរផងដែរ ដែលឱសថទាំងនោះមានដូចជា Magnesium Trisilicate Ciprofloxacin Sulfa medications Triamterene Indinavir និងEphedrine ដែលត្រូវបានប្រើតែឯង ឬរួមបញ្ចូលគ្នាជាមួយ Guaifenesin។ សូមចងចាំថា រាល់ពេលប្រើប្រាស់ថ្នាំ ត្រូវប្រឹក្សាជាមួយវេជ្ជបណ្ឌិត ឬឱសថការីជាមុនសិន។

កាត់បន្ថយសកម្មភាពទាំងនេះ ដើម្បីរក្សាសុខភាពតម្រងនោមរបស់អ្នក។ ម៉្យាងគួរចងចាំថារាល់ពេលកើតមានអាការៈមិនប្រក្រតីណាមួយទាក់ទងនឹងតម្រងនោម សូមអញ្ជើញរួសរាន់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់