កាន់តែច្បាស់ពីបញ្ហាមុននៅលើស្បែក

មុនត្រូវបានគេកត់សម្គាល់ឃើញជាញឹកញាប់នៅលើផ្ទៃមុខ ខ្នង ទ្រូង ជុំវិញបបូរមាត់និងគូទជាដើម។ តើបញ្ហាស្បែកមុខមានមុនកើតឡើងដោយសារអ្វី? តើយើងអាចទប់ស្កាត់ការលេចចេញឡើងនូវបញ្ហាមុនបានទេ? បើកើតហើយតើអាចធ្វើការព្យាបាលឲ្យបាត់វិញបានទេ?

មុនមានច្រើនប្រភេទដែលក្នុងនោះផងដែរ យើងចែកចេញជា ២ក្រុមគឺមុនអត់រលាក (Retentional Acne) និងមុនរលាក ( Inflammatory Acne)៖
• មុនអត់រលាក (Retentional Acne) រួមមាន៖ មុនក្បាលខ្មៅ (Blackhead) និងមុនកប់ (Whitehead)
• មុនរលាក (Inflammatory Acne) មាន៖ មុនសាច់ (Papule) មុនខ្ទុះ (Pustules) និងមុនគ្រាប់ (Kystes)។

អ្វីជាមូលហេតុពីក្រោយការកើតមុននៅលើស្បែក?
ជាក់ស្តែង មូលហេតុដែលបង្កឲ្យកើតមុននៅលើស្បែកបណ្តាលមកពីវិបត្តិនៃក្រពេញ Sebaceous ដែលកើតឡើងដោយសារធាតុកខ្វក់ ឬមេរោគ ការកើនឡើងនៃអ័រម៉ូនអឺស្រ្តូហ្សែន បញ្ហាស្ត្រេស ភាពតានតឹង និងកោសិកាស្បែកចាស់ៗសុទ្ធសឹងតែជាកត្តាបង្កឲ្យស្ទះរន្ធញើស និងគល់រោមដែលបណ្តាលឲ្យសែ្បកពិសេសផ្ទៃមុខរបស់អ្នកលេចឡើងនូវបញ្ហាមុន។ ក្រៅពីមូលហេតុខាងលើបញ្ហាមុនអាចមានកត្តាប្រឈមផ្សេងទៀតដូចជា៖
• អ្នកដែលមានស្បែកមានជាតិខ្លាញ់ ឬសម្បូរប្រេង
• ការគេងមិនបានគ្រប់គ្រាន់
• ការញ៉ាំទឹក
• ការមិនបានហាត់ប្រាណដើម្បីឲ្យក្រពេញញើសដំណើរការបានល្អ
• ការមិនទម្លាប់សម្អាតស្បែកឲ្យបានទៀងទាត់។

ស្បែកមានមុនផ្តល់ផលវិបាកដូចម្តេច?
ស្បែកដែលមានបញ្ហាមុន ឬផលវិបាកដែលបន្សល់ទុកក្រោយពេលកើតមុនគឺ៖
• ធ្វើឲ្យស្បែកមានលក្ខណៈខុសធម្មតា
• បន្សល់ទុកស្នាម និងផ្លែសាច់
• ស្បែកក្រហមខុសធម្មតា
• ងាយអាល្លែកហ្ស៊ីជាមួយប្រតិកម្មខាងក្រៅ
• ឆាប់ចាស់ជ្រីវជ្រួញជាងវ័យ។ល។

ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល
ការធ្វើរោគវិនិច្ឆ័យទៅលើអ្នកដែលមានបញ្ហាស្បែកមានមុនគឺត្រូវធ្វើឡើងអាស្រ័យលើសញ្ញាគ្លីនិកមួយចំនួន។ គ្រប់លក្ខខណ្ឌនៃបញ្ហាមុន គួរតែទទួលការព្យាបាលស្របទៅតាមសភាពធ្ងន់ធ្ងរ ឬស្រាលរបស់មុន។ ប្រសិនបើមិនទាន់មានបញ្ហាខ្លាំងនោះទេ អ្នកត្រូវបានណែនាំឲ្យទទួលទានទឹកឲ្យបានច្រើន ពិសេសហាត់ប្រាណឲ្យបានទៀងទាត់។ ករណីបញ្ហាមុនមានលក្ខណៈច្រើនអ្នកត្រូវធ្វើការព្យាបាលដោយការប្រើប្រាស់ថ្នាំលាប ថ្នាំលេប ឬរហូតដល់ថ្នាំចាក់ទៅតាមកម្រិតរបស់អ្នកជំងឺដែលការព្យាបាលនេះធ្វើឡើងជាមួយអ្នកជំនាញឬគ្រូពេទ្យឯកទេសសើស្បែកឲ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។

វិធីសាស្រ្តការពារខ្លួនពីបញ្ហាមុន
• ត្រូវញ៉ាំទឹកឲ្យបានច្រើន
• ហាត់ប្រាណឲ្យបានទៀងទាត់
• ចៀសវាងការសម្អាតជាមួយសាប៊ូ  ឬសារធាតុកាត់ច្រើនហួសហេតុ
• លាងសម្អាត និងរក្សាអនាម័យផ្នែកដែលកើតមុនឲ្យបានល្អ
• ចៀសវាងការប្រើប្រាស់ផលិតផលណាដែលនាំឲ្យស្បែករលាក (Cosmetics)
• ការពារស្បែកពីពន្លឺព្រះអាទិត្យ
• ចៀសវាងការប៉ះពាល់ ឬប្រើក្រចកកេះលើផ្នែកដែលមានមុន ព្រោះវាបណ្តាលឲ្យមានស្នាម។

មិនថាអ្នកមានបញ្ហាមុន ឬអ្នកជំងឺស្បែកទូទៅនោះទេឲ្យតែពាក់ព័ន្ធនឹងស្បែកចាំបាច់គួរព្យាយាមថែរក្សាស្បែកឲ្យបានល្អ ហើយចៀសវាងការប្រើប្រាស់ផលិតផលមិនត្រូវនឹងស្បែកមុខ និងគ្មានប្រភពច្បាស់លាស់ព្រោះវាអាចមានលាយសារធាតុដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពស្បែកនៅថ្ងៃក្រោយ។ ចំពោះអ្នកដែលមានបញ្ហាស្បែកដូចជា កើតមុន ជាំមុខ ឬបញ្ហាផ្សេងៗទៀត គួរតែពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញសើស្បែកដើម្បីទទួលបានការព្យាបាលត្រឹមត្រូវទៅតាមប្រភេទស្បែកនិងទាន់ពេលវេលា។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត អៀវ មករា ប្រធានបន្ទប់ពិគ្រោះ និងព្យាបាលជំងឺMedical Derma (MD)

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់