ស្នាមដំបៅរមាស់រាលលើដើមទ្រូងបណ្តាលមកពីអ្វី?

ការរកឲ្យឃើញពីមូលហេតុបង្កលើស្បែកខុសៗគ្នា ស្ថិតនៅទីតាំងដោយឡែកៗជាគន្លឹះនាំទៅរកការព្យាបាលប្រកបដោយប្រសិទ្ធភាព។ ជាក់ស្តែង ដូចជាស្នាមដំបៅ រមាស់រាលលើដើមទ្រូងនៃករណីរបស់បុរសម្នាក់ខាងក្រោម៖

សំណួរ៖ ខ្ញុំបាទ អាយុ ៣១ឆ្នាំ ភេទប្រុស កម្ពស់ ១ម៉ែត្រ៧២ រាល់ថ្ងៃធ្វើការងារនៅក្នុងស្ថាប័នឯកជនមួយកន្លែង។ ខ្ញុំបាទមានជំងឺសើស្បែកនៅលើដើមទ្រូងមានរាងដូចស្នាមដំបៅ ហើយរមាស់ថែមទៀតផង។ អាការៈនេះកើតឡើងយូរមកហើយ លាប និងលេបថ្នាំអ្វីក៏មិនបាត់ ឥលូវកើតកាន់តែច្រើន។ តើជំងឺនេះបណ្តាលមកពីអ្វី? អាចបង្កគ្រោះថ្នាក់ដែរឬទេ?

ចម្លើយ៖ ចំពោះដំបៅលើទ្រូងដូចប្អូនបានលើកឡើងហាក់ជាជំងឺកម្រមួយដែលពុំធ្លាប់បានជួបប្រទះ។ ម៉្យាង ការរៀបរាប់របស់ប្អូនពុំច្បាស់លាស់ និងអាចមិនសូវត្រូវតាមបច្ចេកទេស ព្រោះជំងឺដំបៅលើទ្រូងមិនអាចគ្មាននូវរោគសញ្ញារួមផ្សំផ្សេងទៀតលេចចេញនោះឡើយ ជួនកាលប្រហែលវាអាចជាក្រម៉ ឬរបកដែលប្អូនហៅថាជាដំបៅ។ ជាទូទៅ ដំបៅគឺជាជំងឺដែលបង្កឡើងដោយមេរោគ ដូច្នេះប្រសិនវាជាដំបៅពិតមែន ប្អូននឹងត្រូវបានចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំផ្សះ នោះប្អូននឹងជាសះស្បើយ ព្រោះទ្រូងមិនមែនជាទីតាំងពិសេសនៃជំងឺរ៉ាំរ៉ៃទេ លុះត្រាតែតំបន់ប៉ះផ្ទាល់ជាមួយកម្តៅថ្ងៃទើបចាត់ចូលជាជំងឺរ៉ាំរ៉ៃ។ ករណីស្នាមនោះមិនមែនជាដំបៅ តែវាជាក្រម៉ អង្គែរបកសារចុះសារឡើងវិញ វាអាចទាក់ទងនឹងជំងឺ Psoriasis, Seborrheic dermatitis និងជំងឺផ្សេងទៀតជាច្រើនដែលទាមទារឲ្យមានការវិនិច្ឆ័យច្បាស់លាស់ពីគ្រូពេទ្យឯកទេស។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ

អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨១

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់