ស្បែកក្បាលស្ងួតហើយងាយប្រតិកម្ម គួរធ្វើបែបណា?

មានអារម្មណ៍ថារមាស់ស្បែកក្បាលណាស់មែនទេ? ឆ្ងល់ណាស់ហេតុអ្វីស្បែកក្បាលដែលធ្លាប់តែមានសុខភាពល្អប្រែជាស្ងួត រមាស់ ហើយងាយប្រតិកម្ម ប្រើផលិតផលអ្វីក៏មិនត្រូវសោះ? តើនេះមកពីអ្វី? តើគួរដោះស្រាយបែបណា? 

មូលហេតុដែលបណ្តាលឲ្យស្បែកក្បាលស្ងួតងាយប្រតិកម្ម
តាមពិត មានហេតុផលច្រើនយ៉ាងដែលបណ្តាលឲ្យស្បែកក្បាលមានសភាពស្ងួតខុសប្រក្រតី និងឆាប់អាល្លែកហ្ស៊ី ដែលកត្តាទាំងនោះអាចមានដូចជា៖
- កត្តាតំណពូជ
- បម្រែបម្រួលអ័រម៉ូន ជាពិសេសវ័យជំទង់
- ទទួលទានសុរាច្រើនពេក
- បរិភោគអាហារដែលមានជាតិផ្អែម ឬជាតិប្រៃខ្ពស់ ឬហឹរពេក
- កង្វះសារធាតុចិញ្ចឹម ដូចជាពពួកអាស៊ីតខ្លាញ់ (Fatty acid) និងវីតាមីនបេ
- បម្រែបម្រួលអាកាសធាតុ
- ស្ត្រេស
- ការប្រើប្រាស់សាប៊ូដែលមានសារធាតុគីមីច្រើន និងរយៈពេលយូរ
- ការបង្ករោគដោយពពួកផ្សិត
- ប្រើប្រាស់ទឹកមិនស្អាត ជាពិសេសប្រភេទទឹករឹង (ជាប្រភេទទឹកដែលសម្បូរទៅដោយរ៉ែ ជាពិសេសកាល់ស្យូម និងម៉ាញ៉េស្យូម)
- ប្រើប្រាស់ផលិតផលធ្វើម៉ូតសក់ញឹកញាប់ពេក
- ព្រងើយកន្តើយក្នុងការថែរក្សាសុខភាពស្បែកក្បាល ក៏ដូចជាសរសៃសក់។

ដំណោះស្រាយ
ដើម្បីដោះស្រាយចំពោះបញ្ហាដែលមានខាងលើ អ្នកចាំបាច់ត្រូវកំណត់អំពីប្រភេទនៃមូលហេតុបង្កជាមុនសិន។ ជាក់ស្តែងប្រសិនបើបញ្ហានេះបណ្តាលមកពីអាហារ ស្ត្រេស ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ ឬចូលចិត្តធ្វើម៉ូតសក់ជាដើម អ្នកចាំបាច់ត្រូវព្យាយាមផ្លាស់ប្តូរទម្លាប់ទាំងអស់នោះ។ ខាងក្រោមនេះ ជាដំណោះស្រាយសំខាន់ៗ ៨ចំណុចដែលគួរអនុវត្តបន្ថែម៖
១. ប្រើប្រាស់សាប៊ូដែលស្រាលស្រទន់ចំពោះស្បែកក្បាល
ជាទូទៅ សាប៊ូប្រភេទនេះគ្មានពណ៌ គ្មានក្លិន គ្មានសារធាតុគីមីដែលងាយធ្វើឲ្យស្បែកក្បាលមានប្រតិកម្មឡើយ។ លក្ខណៈពិសេសរបស់សាប៊ូទាំងនេះគឺកាត់បន្ថយរមាស់ ប្រឆាំងនឹងបាក់តេរីដែលបង្ករោគលើស្បែកក្បាល បង្កើនសំណើមដល់ស្បែកក្បាលព្រមទាំងអាចកាត់បន្ថយការរលាកផងដែរ។

២. កុំប្រើទឹកក្តៅកក់សក់
ខណៈពេលស្បែកក្បាលអ្នកកំពុងមានបញ្ហាបែបនេះសូមកុំប្រើទឹកក្តៅរាល់ពេលលាងសម្អាតសក់ ព្រោះទឹកក្តៅអាចបណ្តាលឲ្យស្បែកក្បាលកាន់តែខូចខាតជាពិសេសអាចរំខានដល់ការលូតលាស់សរសៃសក់ទៀតផង។ ទោះជាយ៉ាងណា អ្នកអាចប្រើប្រាស់ទឹកក្តៅឧណ្ហៗ បន្ទាប់មកប្រើប្រាស់ទឹកត្រជាក់បន្ថែមប្រសិនបើអ្នកមានអារម្មណ៍ថាសីតុណ្ហភាពស្បែកក្បាលប្រែប្រួល។ ទង្វើបែបនេះ អាចជួយស្រោបគល់សក់ធ្វើឲ្យសក់ភ្លឺ និងជួយជំរុញលំហូរឈាមទៅចិញ្ចឹមស្បែកក្បាលផងដែរ។

៣. បន្ថែមសារធាតុចិញ្ចឹម និងផ្តល់សំណើមឲ្យបានទៀងទាត់
ជាប្រភេទផលិតផលដែលមាននាទីជាក់លាក់ក្នុងការបំប៉ន និងផ្តល់សំណើមដល់ស្បែកក្បាលបានយ៉ាងប្រសើរ។ អ្នកគួរចាប់ផ្តើមប្រើប្រាស់ផលិតផលនេះដើម្បីជំនួយសុខភាពស្បែកក្បាល ជាជាងការប្រើប្រាស់ផលិតផលនានាដែលមានតួនាទីចំពោះសរសៃសក់។ សូមអនុវត្តការប្រើប្រាស់ទៅតាមការណែនាំរបស់ផលិតផលនីមួយៗ។ 

៤. ជម្រុះកោសិកាស្បែក
ដូចគ្នាទៅនឹងកោសិកាស្បែកដែលការអនុវត្តការខាត់ស្បែកមិនគួរត្រូវបានមើលរំលង ប៉ុន្តែចំពោះស្បែកក្បាលកំពុងមានបញ្ហាបែបនេះ អ្នកគួរជ្រើសរើសប្រភេទផលិតផលណាដែលស្រាល មិនកាត់ខ្លាំង និងផ្តល់សំណើមដល់ស្បែកក្បាលបន្ថែម។ ជាទូទៅ អ្នកគួរអនុវត្តម្តង ឬ ២ដងក្នុងមួយសប្ដាហ៍។

៥. កុំអេះ ឬកេះស្បែកក្បាល
ជឿជាក់ថា ស្បែកក្បាលបែបនេះបណ្តាលឲ្យអ្នកពិបាកទ្រាំ មិនឲ្យអេះខ្លាំងណាស់ ប៉ុន្តែចូរអ្នកចងចាំថាការអេះអាចបណ្តាលឲ្យស្បែកក្បាលកាន់តែមានបញ្ហាធ្ងន់ធ្ងរ។ ហេតុនេះ ដើម្បីកាត់បន្ថយផលរំខានអ្នកអាចប្រើថូនឺរសម្រាប់ជូតស្បែកក្បាលដែលរមាស់និងស្ងួតរាល់ពេលមានបញ្ហា។

៦. ពិសាទឹកឲ្យបានច្រើន
ទឹកមានសារៈសំខាន់ណាស់ចំពោះសុខភាពស្បែក។ អ្នកគួរព្យាយាមពិសាទឹកឲ្យបានច្រើន ជាមធ្យម ២លីត្រ ក្នុងមួយថ្ងៃ (ប៉ុន្តែអាស្រ័យតាមសកម្មភាព ទម្ងន់ និងអាកាសធាតុផងដែរ)។ ពិសាទឹកបានគ្រប់គ្រាន់ អាចជួយថែរក្សាសុខភាពស្បែកក្បាល ក៏ដូចជាជួយការលូតលាស់របស់សក់បានកាន់តែល្អ។

៧. ទទួលទានអាហារដែលជួយចិញ្ចឹមស្បែកក្បាល
ស្បែកក្បាលក៏ដូចជាប្រភេទស្បែកផ្សេងទៀតនៃរាងកាយដែរ គឺត្រូវការចាំបាច់ណាស់នូវប្រភេទអាហារចម្រុះ ប្រកបទៅដោយសារធាតុចិញ្ចឹមផ្សេងៗគ្នា។ ប្រភេទវីតាមីននិងសារធាតុចិញ្ចឹមទាំងនោះមានដូចជា ប្រូតេអុីន ជាតិដែកដែលសម្បូរនៅក្នុងសាច់ក្រហម គ្រាប់អាល់ម៉ុន ប្រូខូលី និងស្ពៃខៀវ។ ក្រៅពីនេះ សង្ក័សីដែលសម្បូរក្នុងគ្រាប់ធញ្ញជាតិ ស៊ុត ព្រមទាំងប្រភេទអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានក្នុងគ្រាប់ផ្លែឈើ និងត្រី ក៏ជាប្រភពដ៏សំខាន់ក្នុងការចូលរួមចំណែកជួយទ្រទ្រង់សុខភាពស្បែកក្បាលឲ្យបានប្រសើរឡើងវិញផងដែរ។

៨. ជួបអ្នកជំនាញ
ក្នុងករណី ការសាកល្បងជាមួយវិធីសាស្ត្រនានាមិនបានជោគជ័យ ការជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញស្បែកពិតជាមានសារៈសំខាន់ណាស់។ គ្រូពេទ្យនឹងធ្វើការតាមដានសភាពស្បែក ក៏ដូចជាមូលហេតុពិតប្រាកដដែលបង្កជាបញ្ហាជាពិសេសការជ្រើសរើសប្រភេទផលិតផលដែលសមស្របចំពោះសុខភាពស្បែកក្បាលអ្នក។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់