សិទ្ធិក្នុងការជ្រើសរើស និងការយល់ព្រម

អតិថិជនមានសិទ្ធិក្នុងការជ្រើសរើស ឬផ្លាស់ប្តូរមូលដ្ឋានសុខាភិបាលគ្រូពេទ្យព្យាបាល ឬអ្នកផ្តល់សេវាដទៃទៀត។ សម្រាប់អតិថិជនដែលជាស្រ្តីភេទមានសិទ្ធិជ្រើសរើសអ្នកផ្តល់សេវាដែលជាស្រ្តីដូចគ្នាបានក្នុងកាលៈទេសៈសមស្រប។ ដោយឡែកអតិថិជនក៏មានសិទ្ធិមិនព្រមទទួល ឬផ្អាកការព្យាបាល និងអន្តរាគមន៍វេជ្ជសាស្ត្រនានា។

តើការអនុវត្តចំពោះសិទ្ធិក្នុងការជ្រើសរើស និងការយល់ព្រមមានអ្វីខ្លះ?
អ្នកផ្តល់សេវាត្រូវផ្តល់ព័ត៌មានពីការជ្រើសរើសការថែទាំព្យាបាល និងព័ត៌មានស្តីពីគុណសម្បត្តិ និងគុណវិបត្តិនូវរាល់ការថែទាំព្យាបាល ឬអន្តរាគមន៍ដល់អតិថិជនឲ្យបានអស់លទ្ធភាព និងផ្តល់អនុសាសន៍អំពីជម្រើសដែលល្អជាងគេ។
អ្នកផ្តល់សេវាត្រូវធានាថាព័ត៌មានដែលបានប្រាស្រ័យទាក់ទងគ្នា គឺប្រើពាក្យសម្តីសាមញ្ញៗដែលងាយយល់ និងស្តាប់បាន។
អ្នកផ្តល់សេវាត្រូវផ្តល់សេវាសុខាភិបាលឲ្យបានត្រឹមត្រូវទៅតាមតម្រូវការរបស់អតិថិជន និងស្តង់ដារជាតិ។
ត្រូវពន្យល់ឲ្យបានច្បាស់លាស់ដល់អតិថិជនអំពីផលវិបាកដែលអាចកើតមាននៅពេលដែលគេបដិសេធ ឬបញ្ឈប់នូវការធ្វើអន្តរាគមន៍។
អ្នកផ្តល់សេវាត្រូវពន្យល់ឲ្យបានច្បាស់លាស់ដល់អតិថិជនអំពីផលវិបាកដែលអាចកើតមាននៅពេលគេបដិសេធ ឬបញ្ឈប់នូវការធ្វើអន្តរាគមន៍។
ប្រសិនបើអតិថិជន ឬអ្នកតំណាងរបស់គាត់នៅតែសម្រេចចិត្តបដិសេធ ឬបញ្ឈប់នោះអ្នកផ្តល់សេវាសុខភាពត្រូវស្នើសុំឲ្យមានការយល់ព្រមពីអតិថិជន ឬអ្នកតំណាងដោយសរសេរជាលាយល័ក្ខអក្សរ។
ប្រសិនបើអតិថិជន ឬអ្នកតំណាងរបស់គាត់បដិសេធផ្តល់ការយល់ព្រមហើយអ្នកផ្តល់សេវាសុខភាព ឬគ្រូពេទ្យយល់ឃើញថាកិច្ចអន្តរាគមន៍មួយត្រូវតែធ្វើដើម្បីផលប្រយោជន៍ដល់អាយុជីវិតអតិថិជនការសម្រេចចិត្តនោះត្រូវបញ្ជូនទៅគណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។
ការយល់ព្រមពីអតិថិជនគឺជាការចាំបាច់ចំពោះរាល់ការរក្សាទុក ឬប្រើប្រាស់សារធាតុទាំងឡាយរបស់អតិថិជនទោះក្នុងការធ្វើរោគវិនិច្ឆ័យធម្មតាការព្យាបាល និងការថែទាំក្តី។ ក្នុងករណីចាំបាច់ខ្លះទាមទារឲ្យមានការយល់ព្រមជាលាយល័ក្ខអក្សរពីអតិថិជន។
ការយល់ព្រមពីអតិថិជនដោយបានការពន្យល់ច្បាស់លាស់គឺជាការចាំបាច់សម្រាប់ឲ្យគាត់ចូលរួមនៅពេលបង្រៀនមុខវិជ្ជាគ្លីនិក។ អ្នកផ្តល់សេវាជានិច្ចកាលត្រូវតែស្នើសុំការយល់ព្រមពីអតិថិជន ឬអ្នកតំណាងរបស់គាត់មុននឹងធ្វើការបង្រៀនមុខវិជ្ជាគ្លីនិកដែលមានការចូលរួមពីអតិថិជន។
ការយល់ព្រមពីអតិថិជនដោយបានពន្យល់ច្បាស់លាស់ គឺជាការចំាបាច់សម្រាប់ឲ្យចូលរួមក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត។
រាល់វិធីស្រាវជ្រាវទាំងអស់ត្រូវដាក់ជូនឲ្យគណៈកម្មការក្រមសីលធម៌ ដើម្បីធ្វើការពិនិត្យការស្រាវជ្រាវមិនត្រូវអនុវត្តទៅលើអតិថិជនទាំងឡាយណាដែលគេមិនអាចមានលទ្ធភាពបញ្ចេញឆន្ទៈឲ្យធ្វើនោះទេបុគ្គលិកណាដែលមានការយល់ព្រមពីតំណាងស្របច្បាប់ ហើយការស្រាវវជ្រាវនោះសោតនឹងអាចមានប្រយោជន៍សម្រាប់អតិថិជនផង និងសាធារណជនផង។

តើការទទួលខុសត្រូវចំពោះសិទ្ធិក្នុងការជ្រើសរើស និងការយល់ព្រមមានអ្វីខ្លះ?
អតិថិជន ឬអ្នកតំណាងរបស់គាត់ទទួលខុសត្រូវនូវរាល់ផលវិបាកទាំងឡាយដែលកើតមានឡើងមកពីការសម្រេចចិត្តរបស់គាត់ ជាពិសេសនៅពេលសម្រេចចិត្តមិនធ្វើតាមអនុសាសន៍របស់អ្នកផ្តល់សេវាសុខភាព។
អតិថិជនត្រូវតែស្គាល់ច្បាស់ពីសិទ្ធិទាំងនោះ។ គាត់អាចស្វែងរកសមាជិកគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព ឬគណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យបង្អែកដែលបានទទួលការណែនាំដើម្បីធ្វើការបញ្ជាក់បំភ្លឺ និងធ្វើអន្តរាគមន៍នៅពេលមិនច្បាស់ឬមានបញ្ហា។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់