៧ ជំហានត្រឹមត្រូវក្នុងការឆុងទឹកដោះគោឲ្យទារក

ការប្រើប្រាស់ម្សៅទឹកដោះគោជាវិធីសាស្ត្រដ៏ពេញនិយមចំពោះមាតាបិតាសម័យថ្មីបន្ទាប់ពីការបំបៅកូនដោយទឹកដោះម្តាយ។ ប៉ុន្តែតើអ្នកប្រាកដចិត្តទេថារបៀបឆុងម្សៅទឹកដោះគោរបស់អ្នកត្រឹមត្រូវ? ចុះការរក្សាទុកដាក់ និងការលាងសម្អាតវិញបានល្អដែរឬទេ? តោះស្រាយចង្ងល់ជាមួយដំណាក់កាលខាងក្រោម៖

១. ផលិតផលមិនផុតកំណត់
នេះជាប្រការចាំបាច់បំផុតដែលអ្នកត្រូវពិនិត្យឲ្យបានច្បាស់លាស់ មុនពេលប្រើប្រាស់ផលិតផលណាមួយ។ ភាគច្រើន អ្នកអាចស្វែងរកថ្ងៃខែផុតកំណត់ទាំងនោះដែលមានបិទលើសម្បកកំប៉ុង។ ក្នុងករណីផុតកំណត់គុណភាពរបស់ផលិតផលក៏មិនត្រូវបានធានាផងដែរ ហេតុនេះ អ្នកមិនត្រូវទិញ និងប្រើប្រាស់ផលិតផលដែលហួសកាលបរិច្ឆេទឡើយ។

២. លាងសម្អាតដៃឲ្យបានស្អាត
ដៃជាប្រភពនៃមេរោគជាច្រើន ដូច្នេះមុនពេលចាប់ផ្តើមឆុងទឹកដោះគោ អ្នកចាំបាច់ត្រូវលាងសម្អាតដៃឲ្យបានស្អាតជាមួយសាប៊ូ និងទឹកស្អាត ព្រមទាំងសម្ងួតដៃឲ្យបានត្រឹមត្រូវ។

៣. រៀបចំដបទឹកដោះគោ
សម្លាប់មេរោគ (Sterilization) ទាំងឡាយដែលមានជាប់នៅកំប៉ុង គម្រប ក្បាលជញ្ជក់ និងកងជុំវិញដបមុនពេលប្រើប្រាស់លើកដំបូង។ វិធីសាស្រ្តសម្លាប់មេរោគទាំងនេះមានដូចជា ការស្ងោររម្ងាស់ក្នុងទឹកក្តៅរយៈពេល ៥នាទី ឬស្ទីមក្នុងម៉ាស៊ីនម៉ាយក្រូវ៉េវ។ គួរចងចាំថាបន្ទាប់ពីប្រើលើកដំបូងអ្នកមិនចាំបាច់ធ្វើការសម្លាប់មេរោគតាមវិធីសាស្ត្រខាងលើនេះទៀតទេ ដោយអ្នកគ្រាន់តែលាងសម្អាតឧបករណ៍ទាំងនេះជាមួយសាប៊ូ និងទឹកស្អាតតាមរយៈការប្រើប្រាស់ច្រាសដើម្បីសម្អាតបានគ្រប់កន្លែង រួចទើបធ្វើការសម្ងួតឲ្យអស់ទឹក មុននឹងលាយម្សៅទឹកដោះគោ។

៤. ការប្រើប្រាស់ទឹកដែលត្រឹមត្រូវ
ការជ្រើសរើសប្រភេទទឹកស្អាតសម្រាប់ការឆុងទឹកដោះគោទារក ពិតជាលំបាកណាស់សម្រាប់មាតាបិតាគ្រប់រូប។ តាមពិត អ្នកអាចមានជម្រើស ២ប្រភេទគឺការដាំទឹកស្អាតដែលចេញពីប្រព័ន្ធទឹកស្អាតឲ្យពុះ និងការប្រើប្រាស់ទឹកស្អាតដបដែលមានស្រាប់។ ចំពោះវិធីសាស្រ្តដាំទឹកអ្នកចាំបាច់ដាំទុកឲ្យពុះក្នុងរយៈពេល១នាទី (ពុះយូរពេក អាចប្រឈមការកកើតកករ និងភាពមិនសុទ្ធផ្សេងទៀត) រួចទុកឲ្យត្រជាក់នៅសីតុណ្ហភាពបន្ទប់ (មិនត្រូវលើសពី ៣០នាទី) ទើបអាចយកមកលាយជាមួយម្សៅទឹកដោះគោ។ ចំណែកវិធីសាស្រ្តប្រើប្រាស់ទឹកស្អាតដបវិញហាក់មានភាពងាយស្រួលជាង ប៉ុន្តែអ្នកត្រូវចំណាយថវិកា និងពិចារណាឲ្យបានច្បាស់លាស់អំពីគុណភាពរបស់ទឹកនោះ។ ជាទូទៅទឹកប្រភេទនេះត្រូវបានបន្សុទ្ធដោយប្រព័ន្ធអូស្មូស យូវី និងអូហ្សូនដើម្បីសម្លាប់មេរោគ និងមិនមានផ្ទុកសារធាតុរ៉ែ ព្រមទាំងមានកម្រិតហ៊្វុយអ័ររ៉ាយទាប។ គួរបញ្ជាក់ថាទឹកប្រភេទនេះត្រូវបានទទួលស្គាល់គុណភាពដោយស្ថាប័នបញ្ជាក់គុណភាពទឹក។

៥. ប្រើប្រាស់បរិមាណម្សៅដែលសមរម្យ
ជាទូទៅ កម្រិតប្រើប្រាស់របស់ទារកម្នាក់ៗអាចផ្សេងគ្នាទៅតាមទម្ងន់ ឬអាយុ។ ហេតុនេះអ្នកគួរអនុវត្តនូវកម្រិតប្រើប្រាស់តាមការណែនាំដែលបានបិទនៅលើកំប៉ុងផលិតផលនីមួយៗតាមរយៈរង្វាល់ដែលមានភ្ជាប់មកជាមួយស្រាប់។ បន្ថែមពីនេះអ្នកគួរប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យកុមារមុនពេលចាប់ផ្តើមប្រើប្រាស់ ឬក្នុងករណីកើតមានបញ្ហាណាមួយដែលទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដូចជាទល់លាមក រាក ឬហើមពោះជាដើម។

៦. កម្តៅម្សៅទឹកដោះគោ ប្រសិនបើចាំបាច់
វិធីសាស្រ្ត ២ យ៉ាងដើម្បីកម្តៅទឹកដោះគោដែលបានលាយរួចគឺ ការត្រាំទឹកដោះគោដែលបានលាយរួចចូលក្នុងទឹកក្តៅឧណ្ហៗ រួចទុករយៈពេល ២ ទៅ៣នាទី ឬបង្ហូរទឹកក្តៅឧណ្ហៗពីលើ។ បញ្ជាក់ មិនត្រូវកម្តៅជាមួយម៉ាស៊ីនម៉ាយក្រូវ៉េវទេ ព្រោះអាចឲ្យខូចគុណភាពម្សៅទឹកដោះគោ និងក្តៅខ្លាំងអាចរលាកមាត់ទារកបាន។

៧. រក្សាទុករូបមន្តដោយសុវត្ថិភាព
បន្ទាប់ពីបើកផលិតផលប្រើ អ្នកត្រូវបិទគម្របឲ្យជិតមិនមានខ្យល់ចេញចូល ជាពិសេសត្រូវរក្សាទុកមិនឲ្យត្រូវពន្លឺថ្ងៃដើម្បីរក្សាគុណភាព។ ចំណែក ម្សៅដែលបានលាយរួច និងញ៉ាំម្តងហើយមិនត្រូវឲ្យទារកញ៉ាំម្តងទៀតឡើយ ក្នុងរយៈពេលមួយម៉ោងក្រោយ។ ម៉្យាងការបង្កកម្សៅទឹកដោះគោក្នុងទូរទឹកកកក៏ជាទង្វើមិនត្រឹមត្រូវដែរព្រោះវាអាចធ្វើឲ្យបាត់បង់គុណភាពផងដែរ។

ការជ្រើសរើសប្រភេទម្សៅទឹកដោះគោឲ្យសមស្របនឹងបុត្រធីតាអ្នកពិតជាលំបាកប៉ុន្តែការប្រុងប្រយ័ត្នក្នុងការលាយ និងការរក្សាទុករឹតតែសំខាន់ និងមិនគួរមើលរំលងឡើយ!

អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់