Healthtime Festival ទទួលបានការគាំទ្រពីសាធារណជនយ៉ាងពេញទំហឹង

ទិវាលើកកម្ពស់សុខភាព Healthtime Festival បានប្រព្រឹត្តទៅយ៉ាងរលូននៅក្នុងថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងបរិវេណនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែលហៅកាត់ថា CKCC ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សាធារណជនដែលជាយុវជនវ័យក្មេងជាពិសេសចូលរួមជាលក្ខណៈគ្រួសារ ដែលនេះសរបញ្ជាក់ឲ្យឃើញថាប្រជាជនកម្ពុជាយើងបានងាកមកចាប់អារម្មណ៍លើការថែទាំសុខភាពរបស់ខ្លួនដូចដែលពាក្យថា "ការពារប្រសើរជាងព្យាបាល"

សាធារណជនដែលបានចូលរួមក្នុងវេទិការបស់យើងបានទទួលនូវការពិនិត្យសុខភាពបឋមរបស់ខ្លួនរួមជាមួយនឹងការពន្យល់យ៉ាងក្បោះក្បាយនិងរាក់ទាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈពីសំណាក់វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យនិងគ្លីនិកជាដៃគូចំនួន ៦ ដែលមានឯកទេសផ្សេងៗគ្នា ដូចជាមន្ទីរពេទ្យពហុព្យាបាលជាតិខេមានិងគ្លីនិកខេមា បានផ្តល់នូវការពិនិត្យបឋមនិងប្រឹក្សាទូទៅលើបញ្ហាសុខភាពជាមួយនឹងការផ្តល់ជូននូវកញ្ចប់ពិនិត្យសុខភាពក្នុងតម្លៃពិសេសលើការថតចង្វាក់បេះដូង ការថ្លឹងដង់ស៊ីតេឆ្អឹង ការពិនិត្យជាតិខ្លាញ់ក្នុងខ្លួនជាដើម  មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានផ្តល់នូវការប្រឹក្សាលើបញ្ហាមាត់ធ្មេញ ព្រមទាំងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសលើសេវាកម្មលាងធ្មេញ និងធ្វើឲ្យធ្មេញសនៅមន្ទីរពេទ្យផ្ទាល់ មន្ទីរពេទ្យភ្នែកដុកទ័រ គង់ពិសិដ្ឋ បានផ្តល់នូវការពិនិត្យឌឺក្រេភ្នែកនិងបាតភ្នែក មជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែមបានផ្តល់នូវការពិនិត្យជាតិស្ករក្នុងឈាមរួមជាមួយនឹងការប្រឹក្សាស្តីពីបញ្ហាទឹកនោមផ្អែមនិងការការពារ គ្លីនិកឯកទេសអេគីបបានផ្តល់នូវការប្រឹក្សាយោបល់ស្តីពីបញ្ហាក្រពះពោះវៀននិងការផ្តល់ជូនតម្លៃពិសេសលើការធ្វើតេស្តរកមេរោគក្នុងក្រពះ និងគ្លីនិកសើស្បែកប៊ីស៊ី បានផ្តល់នូវការធ្វើតេស្តផ្ទៃមុខរួមជាមួយនឹងការប្រឹក្សាពីបញ្ហាស្បែកមុខនិងការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៥០%ចំពោះសេវាកម្មមួយចំនួនដែលតម្រូវឲ្យធ្វើនៅគ្លីនិកផ្ទាល់។

មិនត្រឹមតែប៉ុណ្ណោះ អ្នកចូលរួមរបស់យើងក៏បានក្រេបជញ្ជក់យកនូវចំណេះដឹងល្អៗសម្រាប់សុខភាពពីសំណាក់វាគ្មិនដែលជាវេជ្ជបណ្ឌិតឯកទេសល្បីឈ្មោះស្តីពីជំងឺកាចសាហាវនៅកម្ពុជា ដូចជាជំងឺមហារីកក្រពះពោះវៀនបកស្រាយដោយ លោកវេជ្ជបណ្ឌិត លី គីមឈុន ឯកទេសផ្នេកក្រពះ ពោះវៀន ថ្លើមនិងឫសដូងបាតនៃគ្លីនិកឯកទេសអេគីប ជំងឺគ្រុនឈាមបកស្រាយដោយ លោកវេជ្ជបណ្ឌិត មិញ ចាន់ភក្តី នៃមន្ទីរពហុព្យាបាលជាតិខេមា និងគ្លីនិកខេមា បញ្ហាតម្រងនោមដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមបកស្រាយដោយ លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែមនៃមជ្ឈមណ្ឌលព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺទឹកនោមផ្អែមសរសៃបាតភ្នែកបកស្រាយដោយ លោកវេជ្ជបណ្ឌិត សេង សិរី ឯកទេសចក្ខុរោគនៃមន្ទីរពេទ្យភ្នែក ដុកទ័រគង់ ពិសិដ្ឋ។

ទិវាលើកកម្ពស់សុខភាព នេះប្រព្រឹត្តទៅបានយ៉ាងរលូនបែបនេះក៏ដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ដៃគូដែលជាអ្នកឧបត្ថម្ភធំរបស់យើងគឺ ក្រុមហ៊ុន Prudential Cambodia និងសហការឧបត្ថម្ភដោយ ក្រុមហ៊ុន សហករណ៍សរីរាង្គខ្មែរ ក្រុមហ៊ុន Mega Wecare ក្រុមហ៊ុន Brain Scan ក្រុមហ៊ុន Cocane ក្រុមហ៊ុន VIPASSA ក្រុមហ៊ុន Grab ក្រុមហ៊ុនអរុណរស្មី អង្គការ Helen Keller និងអង្គការ Japan Heart

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ពាក្យទាក់ទង


មតិយោបល់