ដឹងពីសុខភាពរបស់លោកអ្នក! តាមរយៈកិច្ចពិភាក្សាផ្ដល់ដោយមជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរី (SGMC)

ជាមួយសន្ទុះនៃការកើនឡើងនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តអន្តរជាតិនានានៅក្នុងប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងនូវភាពជឿនលឿន ទំនើប និងស្ដង់ដារទៅលើវិធីសាស្រ្តថែទាំ និងព្យាបាលសម្រាប់ប្រជាជនក្នុងយុគសម័យបច្ចុប្បន្ននេះ។ ជាក់ស្ដែង SGMC គឺជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរីថ្មីមួយដែលមានទីតាំងនៅចំបេះដូងនៃរាជធានី ស្ថិតនៅជាន់ទី 3A នៃផ្សារទំនើប Bridge Mall។

ទន្ទឹមនឹងការលេចរូបរាងនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្តថ្មីនេះ SGMC ក៏បាននាំយកកិច្ចពិភាក្សាអប់រំស្ដីពី “ដឹងពីសុខភាពរបស់លោកអ្នក” ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ១០:៤៥ នាទីព្រឹក ដល់ ២:៣០ នាទីរសៀល និងត្រូវបានចាត់ចែងដោយ DrMap មកពីប្រទេសសឹង្ហបុរីផ្ទាល់។ 

សម្រាប់កិច្ចពិភាក្សានេះមានការចូលរួមដោយវេជ្ជបណ្ឌិតមកពីសឹង្ហបុរី ថៃ និងកម្ពុជា ដែលបានមកធ្វើបទបង្ហាញយ៉ាងពិស្ដារអំពី សុខភាពប្រព័ន្ធរំលាយអាហារ និងសារសំខាន់នៃការសុងពោះវៀនធំ ដោយ Dr. Jonathan Foo ព្រមទាំងមានកិច្ចពិភាក្សាវាគ្មិនស្តីពី សុខុមាលភាពគ្រប់ជ្រុងជ្រោយ និងហេតុអ្វីវាសំខាន់ ដឹកនាំសម្របសម្រួលដោយ Mr. Anthony Jude Tan អគ្គនាយកនៃ DrMap Singapore និងវេជ្ជបណ្ឌិតវាគ្មិន Dr. Terence Tan; Dr. Veasna Mean; Dr Setheka Yin និងDr. Nuchtarat Srelertros

លោក Anthony បានបញ្ជាក់ថា “ចក្ខុវិស័យរបស់ SGMC គឺចូលរួមចំណែកទៅនឹងកំណើន និងការអប់រំថែទាំសុខភាពប្រជាជន ដូច្នេះហើយបានជា SGMC ជាមួយនឹងគណៈគ្រប់គ្រង DrMap តែងតែរៀបចំកិច្ចពិភាក្សាអប់រំបែបនេះជាញឹកញយ”។ ចំណែក Dr. Jonathan Foo ដែលជាគ្រូពេទ្យឯកទេសវះកាត់ទូទៅ និងវះកាត់ពោះវៀនធំមកពីសឹង្ហបុរីក៏បានពន្យល់ដោយសង្កត់ធ្ងន់ទៅលើ “អត្ថប្រយោជន៍នៃការត្រួតពិនិត្យដោយសុងពោះវៀនធំឲ្យបានទៀងទាត់ ដោយវាអាចជួយឲ្យយើងដឹងអំពីវត្តមានជំងឺមហារីកពោះវៀនធំ ក៏ដូចជាមធ្យោបាយមួយយ៉ាងមានប្រសិទ្ធភាពនៃការបង្ការជំងឺ ធ្វើរោគវិនិច្ឆ័យ និងផ្ដល់ការព្យាបាលដល់អ្នកជំងឺឲ្យបានទាន់ពេលវេលា”។ ហើយសម្រាប់វគ្គពិភាក្សាវាគ្មិននាពេលរសៀលក៏បានផ្ដោតសំខាន់លើអភិក្រមសុខុមាលភាពគ្រប់ជ្រុងជ្រោយ និងតួនាទីរបស់អភិក្រមនេះនៅក្នុងការបង្ការថែទាំសុខភាព និងស្ដារសុខភាពឲ្យរឹងមាំឡើងវិញដែលចូលរួមពីសំណាក់វេជ្ជបណ្ឌិតប្រចាំការក្នុងស្រុករបស់ SGMC ពីររូបក៏ដូចជាវេជ្ជបណ្ឌិតអញ្ជើញមកពីប្រទេសសឹង្ហបុរី និងប្រទេសថៃទៀតផង។ 

គួរបញ្ជាក់ផងដែរ មជ្ឈមណ្ឌលវេជ្ជសាស្រ្តសឹង្ហបុរី (SGMC) មានគោលបំណងរៀបចំកិច្ចពិភាក្សាបែបនេះបន្ថែមទៀតនៅពេលមជ្ឈមណ្ឌលបើកទ្វារជាវេទិកាសហគមន៍ដូចជាការរៀបចំនៅតាមសាលារៀនជាដើម។ SGMC ចង់ផ្ដល់សេចក្ដីសង្ឃឹមដល់សហគមន៍តាមរយៈធ្វើខ្លួនឲ្យក្លាយជាអ្នកផ្ដល់សេវាថែទាំសុខភាពមួយឈានមុខគេនៅកម្ពុជា ដោយអនុវត្តស្ដង់ដារថែទាំវេជ្ជសាស្រ្តដ៏ល្អបំផុតរបស់សឹង្ហបុរីជាមួយនឹងអ្នកជំនាញ។ 

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


អត្ថបទទាក់ទង


មតិយោបល់