បន្ថយភាពចាស់ជាមួយការញ៉ាំស្រាក្រហម

គ្រប់គ្នាច្បាស់ជាធ្លាប់ដឹងអំពីអត្ថប្រយោជន៍ខ្លះៗនៃស្រាក្រហមរួចមកហើយក៏ប៉ុន្តែអ្នកប្រហែលជាមិនទាន់ដឹងពីពេលវេលា និងបរិមាណដែលត្រូវទទួលទានស្រាក្រហមដើម្បីទទួលបានអត្ថប្រយោជន៍ខ្លាំងនៅឡើយទេ។ ការទទួលទានស្រាក្រហមបានត្រឹមត្រូវ អាចជួយថែរក្សាសុខភាពទូទៅ ក៏ដូចជាការពារពីជំងឺមួយចំនួនបានថែមទៀត។

កាត់បន្ថយភាពចាស់
ក្រែមការពារស្បែក និងហ្វូមលាងសម្អាតស្បែកមិនមែនជាជម្រើសតែមួយគត់របស់អ្នកសម្រាប់បញ្ចៀសឥទ្ធិពលនៃភាពចាស់បានទាំងស្រុងនោះទេ។ ដោយឡែក ស្រាក្រហម ឬស្រាទំពាំងបាយជូរ បែរជាមានប្រសិទ្ធភាពក្នុងការជួយការពារ និងទប់ស្កាត់ភាពជ្រីវជ្រួញបាន។ យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យបាសេឡូណាបានបង្ហាញថា ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចជួយកាត់បន្ថយផលប៉ះពាល់កាំរស្មីយូវីពីពន្លឺព្រះអាទិត្យ និងការពារអ្នកពីជំងឺស្បែកដ៏កាចសាហាវ ពិសេសវាអាចការពារស្បែកពីការមានប្រតិកម្មដោយសារកម្តៅថ្ងៃបានផងដែរ។ ម៉្យាងទៀតការផឹកស្រាក្រហម ឬស្រាទំពាំងបាយជូរនៅក្រោមពន្លឺថ្ងៃគឺជាផែនការមួយក្នុងការថែទាំសុខភាព និងធ្វើឲ្យមានសុខភាពល្អថែមទៀតផង។

បង្ការជំងឺភ្លេចភ្លាំង
យោងតាមការស្រាវជ្រាវនៃមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Loyola University Medical Center សហរដ្ឋអាមេរិកបានបង្ហាញថាអ្នកដែលពិសាស្រាក្រហមក្នុងកម្រិតមធ្យមគឺហាក់ដូចជាមិនសូវមានការវិវឌ្ឍទៅជាជំងឺភ្លេចភ្លាំងដល់ទៅ ២៣ភាគរយ។ លើសពីនេះ វាក៏ជួយការពារបញ្ហាឈាមកក និងកាត់បន្ថយការរលាកសរសៃឈាមបានយ៉ាងល្អផងដែរ។

ជួយឲ្យអាយុវែង
ខណៈដែលការថែទាំសុខភាពត្រូវបានពង្រឹង ព្រមជាមួយគ្នានឹងការថែរក្សាសុខភាពក៏មានរឿងរ៉ាវជាច្រើនត្រូវធ្វើជាមួយនឹងការបង្កើនអាយុកាលរស់នៅផងដែរ។ ការសិក្សាមួយ មានឈ្មោះថា the 90+Study បានចាប់ផ្តើមកាលពីឆ្នាំ ២០០៣ ដែលសិក្សាពីកត្តាជួយឲ្យមនុស្សរស់នៅបានកាន់តែយូរដោយការសិក្សានោះបានបង្ហាញថា ការទទួលទានស្រាក្រហមអាចជាជំនួយដល់ការពន្យារអាយុរស់នៅ។ ខណៈដែលការទទួលទានស្រាមិនមែនជាកត្តាតែមួយដែលជំរុញឲ្យអ្នករស់នៅបានយូរនោះទេ តែជាពិសេសមនុស្សដែលទទួលទានស្រាក្រហមក្នុងបរិមាណសមស្រប អាចជួយបន្ទាបអត្រាជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងកាត់បន្ថយជំងឺដាច់សរសៃឈាមផងដែរ។

ជួយធ្វើឲ្យប្រសើរឡើងនូវមុខងារសួត
មិនគ្រាន់តែជាភេសជ្ជៈសម្រាប់សុខភាពបេះដូងនោះទេ ស្រាក្រហមក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងមុខងាររបស់សួតឲ្យមានសុខភាពល្អ ពិសេសអ្នកជក់បារី។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់អ្នកវិទ្យាសាស្រ្តជនជាតិហូឡង់បានបង្ហាញថា ការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរពណ៌សអាចប្រឆាំងនឹងជំងឺមហារីកសួត និងបង្កើនមុខងាររបស់សួតឲ្យប្រសើរឡើងដោយសារវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកបានផងដែរ។

បង្កើនកម្រិតអូមេហ្គា-៣
ដូចដែលអ្នកបានដឹងស្រាប់ហើយថាដើម្បីទទួលបាននូវអាស៊ីតខ្លាញ់អូមេហ្គា-៣ អ្នកត្រូវទទួលទានត្រីសមុទ្រដូចជា ត្រីសាម៉ុង ត្រីធូណា ប៉ុន្តែរឿងមួយដែលលោកអ្នកមិននឹកស្មាននោះគឺការទទួលទានស្រាក្រហម ឬស្រាទំពាំងបាយជូរ។ ដោយយោងតាមការសិក្សាស្រាវជ្រាវរបស់អឺរ៉ុបបានបង្ហាញថាការទទួលទានស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃអាចបង្កើនកម្រិតអាស៊ីតខ្លាញ់អូមេហ្គា-៣នៅក្នុងប្លាស្មា និងកោសិកាឈាមក្រហមជាពិសេសជួយការពារអ្នកពីជំងឺស្ទះសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ និងជំងឺមហារីកសុដន់បានផងដែរ។

ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏លើសលប់ពីស្រាក្រហមនោះ អ្នកត្រូវទទួលទានដោយកម្រិតមួយត្រឹមត្រូវ និងទទួលបានសុខភាពល្អ៖
• ១៥០មិល្លីលីត្រក្នុងមួយថ្ងៃ ឬ១២៥មិល្លីលីត្រ ពីរដងក្នុងមួយថ្ងៃសម្រាប់ការពារហានិភ័យនៃការកើតជំងឺបេះដូង
• ចំពោះបុរស ១ ទៅ២កែវក្នុងមួយថ្ងៃ និងចំពោះស្រី្ត ១ ឬ១កែវកន្លះក្នុងមួយថ្ងៃសម្រាប់សុខភាពទូទៅ។

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់