ហេតុអ្វីស្បែកស្រាប់តែចេញកន្ទួលរមាស់ខុសធម្មតា?

មានមនុស្សមិនតិចនោះទេដែលនៅសុខៗស្រាប់តែលេចចេញកន្ទួលរមាស់លើស្បែកភ្លាមៗក្នុងរយៈពេលណាមួយ ហើយអ្នកប្រាកដជាឆ្ងល់ថា ហេតុអ្វីបានជាចេញបែបនេះ? តើវាបណ្តាលមកពីអ្វី? ដូច្នេះ ករណីសិក្សាខាងក្រោមអាចស្រាយនូវចម្ងល់របស់អ្នក។

សំណួរ៖ ខ្ញុំបាទ អាយុ ៣៣ឆ្នាំ ភេទប្រុស កម្ពស់ ១ម៉ែត្រ៦៨ ទម្ងន់៦៦គីឡូក្រាម មុខរបរជានិសិ្សត។ កាលពីមុនខ្ញុំមិនដែលចេញកន្ទួលរមាស់លើស្បែកទេ ប៉ុន្តែឥលូវស្បែករបស់ខ្ញុំស្រាប់តែចេញកន្ទួលរមាស់តិច និងច្រើនជាប្រចាំ។ ដោយហេតុថាមួយរយៈនេះខ្ញុំបានទៅពេទ្យដើម្បីពិនិត្យឈាមរកមើលមេរោគប៉ុន្តែអត់មានបញ្ហានោះទេហើយអនាម័យខ្លួនប្រាណវិញក៏ល្អផងដែរ។ តើកន្ទួលទាំងនេះបណ្តាលមកពីអ្វី? តើគួរធ្វើយ៉ាងដូចម្តេចចំពោះបញ្ហានេះ? ហើយមានវិធីសាស្រ្តការពារដែរឬទេ?

ចម្លើយ៖ លក្ខណៈកន្ទួលរមាស់រ៉ាំរ៉ៃរាល់ថ្ងៃ នៅពេលវាលេចចេញហើយស្រាប់តែ១ម៉ោង ឬ២ម៉ោងក្រោយ បាត់ទៅវិញ វាជារោគសញ្ញានៃកន្ទាលត្រអាក បើតាមពាក្យខ្មែរនិយមហៅ។ ដោយឡែកក្នុងន័យវេជ្ជសាស្ត្រ វាត្រូវបានហៅថាជាប្រតិកម្ម ឬអាល្លែកហ្ស៊ីដែលកើតឡើងដោយសារអង្គបដិបក្សនៅក្នុងខ្លួនប្រឆាំងជាមួយអង់ទីហ្សែន ឬមេរោគបង្ក។ កន្ទាលត្រអាក ឬអាល្លែកហ្ស៊ីនេះ ប្រសិនលេចឡើងក្នុងរយៈពេលខ្លីត្រឹមពីរសប្តាហ៍វាជាកន្ទាលត្រអាកធម្មតាដែលប្អូនគ្រាន់តែប្រើថ្នាំ នោះប្អូននឹងជាសះស្បើយ។ តែបើកន្ទាលត្រអាកលេចឡើងក្នុងរយៈពេលយូរលើសពីមួយខែហើយ វាក្លាយជាកន្ទាលត្រអាករ៉ាំរ៉ៃដែលមិនអាចធ្វើការព្យាបាលឲ្យជាសះស្បើយបានឡើយ។ រាល់ការប្រើថ្នាំចំពោះកន្ទាលត្រអាករ៉ាំរ៉ៃអាចត្រឹមកាត់បន្ថយនូវរោគសញ្ញាធ្ងន់ធ្ងរមួយចំនួនប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ប្អូនគួរកត់សម្គាល់ខ្លួនឯងថា ១០ ទៅ១៥នាទីមុនពេលមានអាការៈនេះប្អូនបានធ្វើអ្វីឬញ៉ាំអ្វី។ ព្យាយាមស្វែងយល់ពីមូលហេតុហើយចៀសវាងវាបើអាការៈនេះនៅតែកើតឡើង ប្រហែលមូលហេតុពិតប្រាកដមិនដូចការសន្និដ្ឋានរបស់ប្អូនទេ។ ជាការពិតណាស់ ការរកឃើញអំពីមូលហេតុបង្ក និងចៀសវាងពីមូលហេតុទាំងនោះ ប្អូននឹងជាសះស្បើយដោយមិនចាំបាច់ប្រើថ្នាំ។ ផ្ទុយមកវិញ ករណីខ្លះដែលប្អូនដឹងពីមូលហេតុហើយតែមិនអាចចៀសវាងបានដូចជាពន្លឺថ្ងៃ អាកាសធាតុ ពេលបែកញើស ឬពេលសើម នោះប្អូននៅតែបន្តមានអាការៈកន្ទាលត្រអាកនេះទៀតរាល់ពេលដែលប៉ះនឹងមូលហេតុទាំងនោះ។

បកស្រាយដោយ៖ វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ពាក្យទាក់ទង


មតិយោបល់

profile.png
Cris Jo 2 សប្តាហ៍ មុន

ជំរាបសួរលោកគ្រូ, គ្រួសារខ្ញុំមានអាការះដូចលោកគ្រូបកស្រាយខាងលើចឹង ហើយគាត់មានអាការះបែបនេះលើស១ខែហើយ តើមានដំណោះស្រាយណា ឬថ្នាំអីលេបទៅបាត់ឬទេ?